ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាទទួលបានប្រាក់កម្ចីចំនួន ១៤០ លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់បង្កើនសមត្ថភាពកម្លាំងពលកម្មដើម្បីប្រែក្លាយប្រទេសទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកទៅលើចំណេះដឹង និងជំរុញដោយបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋានតាមរយៈកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។
កិច្ចព្រមព្រៀងកម្ចីនេះត្រូវបានចុះហត្ថលេខារវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាមួយនឹងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី ២៦ ខែកញ្ញា នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ADB នឹងផ្តល់ប្រាក់កម្ចីដល់កម្ពុជាចំនួន ១០០ លានដុល្លារ (កម្ចីផ្អែកលើគោលនយោបាយ ២០ លានដុល្លារ និងគម្រោងវិនិយោគ ៨០ លានដុល្លារ) ដើម្បីជួយប្រែក្លាយប្រទេសទៅជាសេដ្ឋកិច្ចឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិទ្យា។
សេចក្តីប្រកាសព័ត៌មានរបស់ ADB ឱ្យដឹងថា៖ «ការគាំទ្រនេះបានជួយរាជរដ្ឋាភិបាលដាក់ចេញកំណែទម្រង់គោលនយោបាយគន្លឹះៗដែលមានសារៈសំខាន់សម្រាប់ការដោះស្រាយឧបសគ្គនៃការអភិវឌ្ឍជំនាញដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ កម្មវិធីនេះក៏នឹងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃការអភិវឌ្ឍជំនាញរបស់ប្រទេស លើកកម្ពស់ការបណ្តុះបណ្តាលប្រកបដោយបរិយាប័ន្ន និងនាំមុខដោយឧស្សាហកម្មសម្រាប់ការពង្រឹង និងបន្ថែមជំនាញដល់កម្មករក្នុងផ្នែកអាទិភាព និងពង្រីកការផ្តល់ហិរញ្ញប្បទានពីវិស័យឯកជនដោយប្រើគំរូនៃការបណ្តុះបណ្តាលផ្អែកលើតម្រូវការ និងដែលមានការរួមចែករំលែកការចំណាយក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញដែលរដ្ឋាភិបាលបានសាកល្បងដោយជោគជ័យ»។
លោកស្រី Varma ថ្លែងថា៖ «ADB មានសេចក្តីរីករាយក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍជំនាញដែលនាំមុខដោយឧស្សាហកម្មដើម្បីត្រៀមកម្លាំងពលកម្មរបស់ប្រទេស ជាពិសេសស្ត្រីសម្រាប់បញ្ហាប្រឈម និងឱកាសនៃបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងក្នុងការបន្ស៊ីផែនការរបស់រដ្ឋបាលមូលដ្ឋានជាមួយថវិកាជាតិ និងខេត្ត ឈានទៅសម្រេចបានការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព សមធម៌»។
លោកស្រីបន្តថា៖ «កម្មវិធីទាំង ២ ដែលគាំទ្រដោយកម្ចីទាំងនេះនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកំណើនការងារសមធម៌ ប្រសិទ្ធភាពនិងចីរភាពនៅទូទាំងប្រទេស»។
កម្មវិធីអភិវឌ្ឍន៍សម្រាប់វិមជ្ឈការសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុទី២ ដែលក្នុងនោះ ADB ផ្តល់ប្រាក់កម្ចីដល់កម្ពុជា ៤០ លានដុល្លារជាហិរញ្ញប្បទានដើម្បីជំរុញកំណែទម្រង់វិមជ្ឈការក្នុងប្រទេស។
ADB បញ្ជាក់ថា ប្រាក់កម្ចីនេះនឹងជួយពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពដោយផ្តោតលើការកែលម្អ ការសម្របសម្រួលសម្រាប់ការផ្តល់សេវាដែល ឆ្លើយតបនឹងតម្រូវការហើយប្រកបដោយការទទួលខុសត្រូវ។
ADB បន្ថែមថា៖ «រដ្ឋាភិបាលបានបញ្ចប់កំណែទម្រង់ក្រោមកម្មវិធីដើម្បីពង្រឹងការរៀបចំផែនការ និងថវិកា ការគ្រប់គ្រងចំណូល និងចំណាយ និងសមត្ថភាពបុគ្គលិកនៅថ្នាក់រដ្ឋបាលមូលដ្ឋានចាំបាច់ដើម្បីធានាដល់ការផ្តល់សេវា។កំណែទម្រង់ទាំងនេះក៏ស្របតាមគោលដៅនៃការងារទាក់ទងនឹងការប្រែប្រួលអាកាសធាតុផងដែរ ដោយហេតុថារដ្ឋបាលថ្នាក់ក្រោមជាតិតែងតែជាអ្នកផ្តល់សេវាជួរមុខសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន»។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិធីចុះហត្ថលេខានេះឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB។ ជារួមគោលបំណងនៃកម្មវិធីទាំង ២ ដែលទើបនឹងត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានរំឭកឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែល ADB បានផ្ដល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុបចំនួន ៤,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុប ៤,៤ ពាន់លានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៥៦៨ លានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០៕