ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក សុខ សូកេន ដែលទើបត្រូវបានតែងតាំងថ្មី នឹងអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពទេសចរណ៍ដែលផ្តួចផ្តើមថ្មី ឬហៅថា «BUILD Plus 3Ds» ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ និងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងបន្តប៉ះពាល់ដល់ការចំណាយរបស់ប្រជាជនក្នុងការធ្វើដំណើរកម្សាន្ត។
នេះជាការថ្លែងរបស់ លោក សុខ សូកេន នៅក្នុងព្រឹត្តិការណ៍ AmCham ស្តីពី «តើវិស័យទេសចរណ៍កម្ពុជាកំពុងឆ្ពោះទៅកន្លែងណា?» កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣។
រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តផែនទីបង្ហាញផ្លូវសម្រាប់ការស្តារវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយជំងឺកូវីដ ១៩ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១។ ផែនទីបង្ហាញផ្លូវនេះ កំណត់សសរស្តម្ភសំខាន់ៗចំនួន ៤ សម្រាប់ឧស្សាហកម្មបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ឆ្នេរទេសចរណ៍ធម្មជាតិ និងកម្ពុជាស្អាត។ ក្នុងចំណោមសសរស្តម្ភទាំងនេះ ទេសចរណ៍ឆ្នេរមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារតែឆ្នេរសមុទ្រដ៏អស្ចារ្យរបស់កម្ពុជា។
គោលដៅនេះនឹងសម្រេចបាននូវចក្ខុវិស័យ៖ «ដើម្បីរួមចំណែកដល់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការដាក់ប្រទេសកម្ពុជាជាគោលដៅឈានមុខគេលើពិភពលោក ដែលពោរពេញដោយភាពសម្បូរបែប ឱកាសគ្មានព្រំដែន និង ក្តីមេត្តាពិតប្រាកដ»។
លោកថ្លែងថា៖ «ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងទេសចរណ៍បានរៀបចំផែនការកែសម្រួល និងធ្វើបច្ចុប្បន្នភាពឯកសារបទប្បញ្ញត្តិ និងរចនាសម្ព័ន្ធស្ថាប័នរបស់យើង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាមគោលដៅយុទ្ធសាស្ត្រចំនួន ៣ របស់យើងគឺទេសចរណ៍ប្រកួតប្រជែង ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទេសចរណ៍ប្រកបដោយបរិយាប័ន្នគាំទ្រដោយការអនុវត្តសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ»។
លោកបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង ៣ ក្រសួងនឹងដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍នៅកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានបង្កើតឡើងដោយឈរលើសសរស្តម្ភយុទ្ធសាស្ត្រ ៥ ដែលហៅថា BUILD ទី១ គឺការគ្រប់គ្រងយីហោ(Branding), ទី២ ការធ្វើទីផ្សារឱ្យក្លាយទៅជាទិសដៅដែលមានតែមួយ (USPs), ទី៣ ការធ្វើដំណើរក្នុងស្រុកប្រកបដោយគុណភាព, ទី៤ ការធ្វើពិពិធកម្មទេសចរណ៏, និង ទី៥ គឺការអភិវឌ្ឍតំបន់ទេសចរណ៍ឱ្យមានភាពប្រកួតប្រជែង។
លោកបន្តថា ដើម្បីអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រទាំង ៥ ខាងលើ នេះឱ្យមានប្រសិទ្ធភាព និងសម្រេចបានគោលដៅជាយុទ្ធសាស្ត្រចំនួន ៣ ក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា ក្រសួងនឹងផ្តល់អាទិភាពដល់វិស័យគាំទ្រចំនួន ៣ ដែលគេស្គាល់ថាជា 3Ds គឺទី១ ការរៀបចំរចនាសម្ព័ន្ធស្ថាប័នបរិវត្តកម្មឌីជីថល, ទី២ ការឈានចាប់យកឌីជីថល និង ទី៣ គឺការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។
លោកថ្លែងថា៖ «សរុបមក BUILD plus 3Ds នឹងបម្រើជាគំនិតផ្តួចផ្តើមថ្មីក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីគ្រប់លំដាប់ថ្នាក់នៅក្នុងក្រសួងទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងជាមួយភាគីពាក់ព័ន្ធផ្សេងៗនៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ»។
លោកបន្តថា៖ «ការណ៍នេះនឹងនាំទៅដល់ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងសុខដុមកម្មនៃកិច្ចសហការរបស់យើងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងតួអង្គដទៃទៀតដែលចែករំលែកការទទួលខុសត្រូវក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ខណៈឧស្សាហកម្មនេះនៅតែមានការវិវឌ្ឍយឺតបើធៀបនឹងលំហូរ ភ្ញៀវទេសចរទៅប្រទេសជិតខាង។
លោកនិយាយថា៖ «យើងចង់ឃើញគោលនយោបាយផ្តួចផ្តើមនេះនឹងកើតឡើងស្របតាមផែនការសកម្មភាព និងការអនុវត្ត។ មកដល់ពេលនេះ យើងទាក់ទាញភ្ញៀវទេសចរបរទេសមិនបានច្រើនទេ។ ខ្ញុំសង្ឃឹមថាភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន នឹងរួមដៃគ្នាលើកកម្ពស់ឧស្សាហកម្មនេះ»។
យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំ ២០២៣ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនប្រហែល ២៥០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំនួនភ្ញៀវទេសចរក្នុងស្រុកកើនឡើងប្រមាណ ១២,៣៨ លាននាក់ដែលមានអត្រាកំណើន ៦២,៥ ភាគរយ៕