ភ្នំពេញៈ វិនិយោគិនហុងកុង បានបង្ហាញការចាប់អារម្មណ៍ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងបានសន្យាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការវិនិយោគ និងកាលានុវត្តភាពវិនិយោគកម្ពុជាទៅដល់វិនិយោគិនហុងកុង ក៏ដូចជារៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកាន់ប្រទេសកម្ពុជាផងដែរ។
នេះជាការលើកឡើងរបស់លោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទីក្រុងបាងកក នាអំឡុងជួបពិភាក្សាការងារជាមួយលោក នុត អ៊ុនវ័ណរាំ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។ ក្នុងជំនួបនោះក៏មានការចូលរួមពីសំណាក់សមាគមធុរកិច្ចហុងកុងប្រចាំកម្ពុជាផងដែរ។
ជាកិច្ចចាប់ផ្តើម លោក ផាសុន ឡាម ប្រធានគណៈប្រតិភូ HKETO បានអបអរសាទរចំពោះភាពជោគជ័យនៃការបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខវិនិយោគិនដែលមកបណ្តាក់ទុននៅកម្ពុជា ពិសេសវិនិយោគិនហុងកុង។
លោកក៏សន្យានឹងសហការជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈការរៀបចំសកម្មភាពមួយចំនួន ដូចជា សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញវិនិយោគ វេទិកាធុរកិច្ច ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្ម ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកម្ពុជា និងដំណើរទស្សនកិច្ចគណៈប្រតិភូកម្ពុជាទៅទីក្រុងហុងកុង។
លោកប្រាប់ថា៖ «HKETO នឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគជូនវិនិយោគិនហុងកុង»។
ជាការឆ្លើយតបលោក នុត អ៊ុនវ័ណរាំ បានសម្តែងការស្វាគមន៍គណៈប្រតិភូ HKETO ប្រចាំទីក្រុងបាងកក ដែលបានធ្វើដំណើរមកកម្ពុជាក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្វែងរកចំណុចសហប្រតិបត្តិការជាមួយ CDC។
លោកបន្តថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ គឺជាឧបករណ៍គតិយុត្តថ្មីមួយដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ពិសេសច្បាប់នេះបានផ្តល់នូវរបបលើកទឹកចិត្តឆ្លាតវៃប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ។
លោកថ្លែងថា៖«រដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នេះនឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ ជាពិសេសសម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ ដែលជាវេទិកាសន្ទនាកំពូលរវាងភាគីរាជរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីស្ដាប់ផ្ទាល់ និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលវិនិយោគិនបាននិងកំពុងជួបប្រទះ»។
បើតាមលោក នុត អ៊ុនវ័ណរាំ រដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ និងសកម្មភាពវិនិយោគចំនួន ១៨ ដែលមានដូចជា ឧស្សាហកម្មមានបច្ចេកវិទ្យាខ្ពស់, ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលផ្តល់តម្លៃបន្ថែមខ្ពស់, ឧស្សាហកម្មក្នុងវិស័យ យានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យថាមពលបៃតង, និងវិស័យឡូជីស្ទិក ដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែម និងគុណភាពសំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ការនាំចេញ-ចូលទំនិញរវាងកម្ពុជា និងហុងកុង មានទឹកប្រាក់សរុប ៩៤៦,៣៣ លានដុល្លារ ធ្លាក់ចុះ ១,៣ ភាគរយបើធៀបឆ្នាំ ២០២១ ដោយកម្ពុជានាំទៅហុងកុង ១៨២ លានដុល្លារ ធ្លាក់ចុះ ២២,២ ភាគរយ និងទំនិញហុងកុងនាំមកកម្ពុជា ៧៦៤,៣៣ លានដុល្លារ កើនឡើង ៥,៥ ភាគរយ។
ដោយឡែករយៈពេល ៨ ខែឆ្នាំ២ ០២៣ ពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់ ២៧០,១៥ លានដុល្លារ ធ្លាក់ចុះ ៦៥,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំចេញ ១០៥,៧ លានដុល្លារ ធ្លាក់ចុះ ១៥,៦ភាគរយ និងហុងកុងនាំចូល ១៦៤,៤៥ លានដុល្លារ ធ្លាក់ចុះ ៧៤,៨ ភាគរយ៕