ប្រទេសកម្ពុជា បានចុះហត្ថលេខាជាមួយធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែចង្វាក់តម្លៃសត្វ ដែលមានទឹកប្រាក់សរុបចំនួន ៤៣ លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីថ្ងៃទី២៧ កិច្ចព្រមព្រៀងហិរញ្ញប្បទានត្រូវបានធ្វើឡើងប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាលធនាគារ AIIB ឆ្នាំ២០២៣ កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប នៅពេលដែលលោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ចចូលរួមកិច្ចប្រជុំនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយនឹងទឹកប្រាក់សរុបចំនួន ៤៣ លានដុល្លារអាមេរិកនេះ គឺក្នុងនោះហិរញ្ញប្បទានសម្បទានពី AIIB ចំនួន ៣៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីមូលនិធិបង្ការ, ការត្រៀមខ្លួន និងការឆ្លើយតបជំងឺរាតត្បាត ចំនួន ១០ លានដុល្លារអាមេរិក។
បើយោងតាមក្រសួង គម្រោងនេះជាគម្រោងសហហិរញ្ញប្បទាន រវាងធនាគារអភិវឌ្ឍន៍អាស៊ី ADB និង AIIB ដែលមានទឹកប្រាក់សរុប ១២៨,៧៨ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ចំនួន ៦២,៩លានដុល្លារអាមេរិក និងថវិកា បដិភាគរាជរដ្ឋាភិបាលចំនួន ២២,៨៨ លានដុល្លារអាមេរិក។
ក្រសួងបានគូសបញ្ជាក់ថា គម្រោងមានគោលបំណង ដើម្បីលើកកម្ពស់ផលិតកម្ម និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ, ពង្រឹងសុវត្ថិភាពសុខភាពសត្វ និងមនុស្ស, បង្ការ និងទប់ស្កាត់ជំងឺឆ្លង និងលើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន ក្នុងចំណោមប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា, ឡាវ, វៀតណាម, ថៃ និងចិន។ គម្រោងនេះ នឹងអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅ ចំនួន ៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តឧត្តរមានជ័យ, ខេត្តព្រៃវែង, ខេត្តសៀមរាប និងខេត្តតាកែវ។
លោក ប៉ែន ធីរុង្គ បានត្រូវបានដកស្រង់សម្តីថា កិច្ចសហប្រតិបត្តិការរបស់ AIIB ដែលជាដៃគូអភិវឌ្ឍន៍ថ្មីមួយ របស់កម្ពុជា ហើយបានផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងដំបូងបំផុតនៅកម្ពុជា កាលពីឆ្នាំ២០២០ ក្រោមក្របខ័ណ្ឌមូលនិធិស្តារវិបត្តិនៃជំងឺកូវីដ១៩ (COVID-19 Crisis Recovery Facility)។
លោកបានថ្លែងថា៖«ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ AIIB ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងស្តារសេដ្ឋកិច្ចកម្ពុជាពីផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ហើយ AIIB នឹងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត»។
លោក វង្ស៊ី វិសុទ្ធអតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជានឹងឆ្លៀតឱកាសធ្វើការជាមួយ AIIB ដើម្បីកែលម្អការអភិវឌ្ឍប្រទេស។
លោកក៏បានស្នើឱ្យ AIIB ផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំផែនការមេស្តីពីការអភិវឌ្ឍថាមពល ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព និងធ្វើឱ្យការចំណាយកាន់តែមានតម្លៃសមរម្យ និងប្រកួតប្រជែង។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២ ធនាគារ AIIB បានអនុម័តហិរញ្ញប្បទាន ដែលគាំទ្រដោយរដ្ឋជាលើកដំបូង របស់ខ្លួនដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់រដ្ឋាភិបាល បន្ទាប់ពីផលប៉ះពាល់ដ៏អាក្រក់ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ មកលើប្រជាជននៅតាមជនបទរបស់ប្រទេស។ ប្រជាជនប្រមាណ ៤៨០ ០០០ នាក់ នៅក្នុងខេត្តចំនួន ៥ នឹងទទួលបានអត្ថប្រយោជន៍ពីប្រាក់កម្ចីចំនួន ៦០ លានដុល្លារអាមេរិក ដែលផ្តោតជាចម្បងក្នុងការជួយដល់ស្ត្រី កុមារ និងជនចំណាកស្រុកដែល គ្មានការងារ ធ្វើនៅតំបន់ជនបទ។
ធនាគារ AIIB ផ្តោតសំខាន់លើការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វាត្រូវបានស្នើឡើងដោយប្រទេសចិនក្នុងឆ្នាំ២០១៣ ហើយបានចាប់ផ្តើមនៅក្នុងពិធីមួយនៅទីក្រុងប៉េកាំងកាលពីខែតុលា ឆ្នាំ២០១៤។ ប្រទេសកម្ពុជា រួមជាមួយសមាជិកស្ថាបនិកនៅពេលអនាគតចំនួន ៤៩ ផ្សេងទៀតបានចុះហត្ថលេខាលើមាត្រានៃកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង៕