បាត់ដំបងៈ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានជម្រាបជូនតំណាងទូតសិង្ហបុរីប្រចាំនៅកម្ពុជាពីសក្តានុពលផ្នែកកសិកម្ម ជាពិសេសអង្ករដ៏មានគុណភាព និងស្នើឱ្យវិនិយោគិនប្រទេសនេះ ងាកមកវិនិយោគលើផ្នែកកសិឧស្សាហកម្ម ក្នុងការកែច្នៃផលិតផលសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ការស្នើបែបនេះ ធ្វើឡើងតាមរយៈជំនួបរវាងរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយលោក សុខ លូ អភិបាលខេត្ត និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីកាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។
បើតាមប្រភពដដែល នៅក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថា បាត់ដំបង គឺខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយកំពុងទាមទារឱ្យវិនិយោគិនក្នុងស្រុកនិងក្រៅស្រុក ពិសេសសិង្ហបុរីចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើជាដើម។
លោកបានបន្តថា៖ «ផ្នែកកសិឧស្សាហកម្មដែលខេត្តត្រូវការអ្នកវិនិយោគគឺការយកផលិតផលកសិកម្មយកទៅកែច្នៃដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ»។
លោកអភិបាលខេត្តបានជម្រាបជូនឯកអគ្គរដ្ឋទូតសិង្ហបុរីទៀតថា៖«ទន្ទឹមនឹងគុណភាពដ៏ឈ្ងុយឆ្ងាញ់របស់អង្ករកម្ពុជាដែលកំពុងនាំចេញទៅក្រៅប្រទេសហើយនោះ ក្នុងនោះខេត្តនេះ ក៏មានដំណាំម្រេចសំឡូត ដែលជាដំណាំមួយមិនសូវមានអ្នកស្គាល់ច្រើនដូចដំណាំម្រេចនៅកំពតឡើយ។ តែចំពោះដំណាំម្រេចសំឡូតនេះគឺត្រូវបានទទួលការលើកសរសើរអំពីគុណភាព និងរសជាតិឆ្ងាញ់មិនចាញ់ដំណាំម្រេចនៅឯខេត្តកំពតឡើយ»។
ជាការឆ្លើយតបលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានលើកឡើងថា ខេត្តបាត់ដំបងមានភាពទាក់ទាញខ្លាំង ពិសេសចំពោះអគារបុរាណនិងចំណាស់ៗដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ដែលកំពុងលើកសម្រស់ក្រុងបាត់ដំបងឱ្យកាន់តែមានភាពចាប់អារម្មណ៍បានមួយកម្រិតទៀត។
លោកស្រីបានបន្តថា៖«បន្ទាប់ទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវដើម្បីយល់បន្ថែមអំពីបញ្ហាស្រូវអង្ករនៅក្នុងខេត្តបាត់ដំបងរួចមក សង្ឃឹមថាអាចយល់ដឹងបន្ថែមពីស្រូវអង្ករនៅខេត្តនេះបានកាន់តែច្រើន ហើយយើងក៏សង្ឃឹមថាស្រូវអង្ករពីប្រទេសកម្ពុជានឹងអាចនាំចូលទៅប្រទេសសិង្ហបុរីផងដែរ»។
ជុំវិញរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានថ្លែងថា ការចុះមកស្វែងយល់ពីសក្ដានុពលរបស់ខេត្តគឺជាសញ្ញាល្អនិងបង្ហាញពីការរួមចំណែកធានាដល់និរន្តរភាពសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
លោកថា៖«ជាភារកិច្ចដែលខេត្តពិសេសរដ្ឋាភិបាលគួរធ្វើបន្ថែមទៀតដើម្បីផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ គឺរដ្ឋាភិបាលចាំបាច់ត្រូវមានកិច្ចសន្ទនាច្បាស់លាស់តាមរយៈការជំរុញកិច្ចសហការជាមួយវិនិយោគិនក្នុងស្រុកដែលមានលទ្ធភាពធំៗបង្ហាញពីសុទិដ្ឋិនិយមពីកម្ពុជាបង្ហាញសក្តានុពលវិស័យអាទិភាពដល់វិនិយោគិនបរទេសទាំងនោះថាយើងពិតជាមានផែនការច្បាស់លាស់ដើម្បីធានាសុខុមាលភាពរបស់កម្ពុជារយៈពេលវែង»។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងគិតត្រឹមរយៈពេល៥ឆ្នាំពោលគឺពីឆ្នាំ២០១៨-២០២២ ខេត្តមានដំណាំស្រូវអនុវត្តបានចំនួន៤១៤ ៧៦១ហិកតានិងដំណាំសាកវប្បកម្មនិងឧស្សាហកម្មសរុបមានចំនួន២៥៤ ៩៧៤ហិកតា៕