យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដែលបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា បានឱ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមបើកសម្ពោធខ្សែរថភ្លើងល្បឿនលឿនរបស់ខ្លួន ដែលនឹងរត់តាមបណ្តោយឆ្នេរសមុទ្រនៃខេត្តហ្វ៊ូជាន (Fujian) ក្បែរច្រកសមុទ្រតៃវ៉ាន់ ដោយឆ្លងកាត់ឆ្នេរសមុទ្យនៃទីក្រុងធំៗមួយចំនួន។
យោងតាមសារព័ត៌មានរដ្ឋចិនស៊ីនហួរ (Xinhua) បានរាយការណ៍ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រថភ្លើងល្បឿនលឿនមួយនេះបានចាប់ផ្ដើមធ្វើដំណើរចេញពីទីក្រុងហ្វ៊ូចូវ (Fuzhou) រដ្ឋធានីនៃខេត្តហ្វ៊ូជានភាគខាងកើតប្រទេសចិន។
នេះគឺជាការចាប់ផ្តើមបើកដំណើរការផ្លូវដែកដែលតភ្ជាប់ទីក្រុងហ្វ៊ូចូវ រហូតដល់ទៅទីក្រុងស៊ាមិន (Xiamen) និងទីក្រុងចាងចូវ (Zhangzhou) ដែលមានប្រវែងសរុប ២៧៧ គីឡូម៉ែត្រ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់សម្តីរបស់ក្រុមហ៊ុនប្រតិបត្តិករផ្លូវដែកនេះឈ្មោះថា China State Railway Group ថា «វាគឺជាផ្លូវដែកឆ្លងកាត់សមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន ដោយមានរថភ្លើងល្បឿនលឿនខ្លាំង និងដែលអាចធ្វើដំណើរនៅលើស្ពាន ឆ្លងកាត់ឆ្នេរសមុទ្រចំនួនបីធំៗ និងមានល្បឿនអតិបរមារហូតដល់ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង»។
ដូច្នេះ ប្រជាជនចិននឹងត្រូវចំណាយពេលត្រឹមតែជាងកន្លះម៉ោងប៉ុណ្ណោះ ក្នុងការធ្វើដំណើរពីទីក្រុងហ្វ៊ូចូវ ទៅកាន់ទីក្រុងស៊ាមិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅប្រទេសចិន។ គួរបញ្ជាក់ថា ក្រុមហ៊ុនដែលសាងសង់ផ្លូវដែកល្បឿនលឿននេះឈ្មោះថា China Railway Siyuan Survey and Design Group ហើយនេះជាការរួមចំណែកដល់បណ្តាញផ្លូវដែកល្បឿនលឿនយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន។
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ប្រទេសចិនមានផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៤២០០០ គីឡូម៉ែត្រដែលកំពុងដំណើរការ។ ក្នុងនោះផ្លូវរថភ្លើងប្រហែលជា ៣២០០ គីឡូម៉ែត្រ អាចមានសមត្ថភាពរត់ក្នុងល្បឿនរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក កាលពីដើមសប្តាហ៍នេះ ប្រទេសចិនក៏បានដាក់ចេញនូវគម្រោងខ្សែរថភ្លើងទំនើបលើអាកាសជាលើកដំបូងផងដែរ នៅក្នុងទីក្រុងវូហាន (Wuhan) ដែលជារដ្ឋធានីនៃខេត្តហឺប៉ី (Hubei)។
ផ្លូវរថភ្លើងទំនើបលើអាកាសនេះ គឺជាប្រព័ន្ធរថភ្លើងមួយប្រភេទ ដែលតួរថយន្តត្រូវបានតភ្ជាប់ទៅនឹងផ្លូវដែកផ្នែកខាងលើ ខុសពីផ្លូវរថភ្លើងធម្មតាដែលតួរថភ្លើងត្រូវធ្វើដំណើរនៅលើផ្លូវដែក។ នេះគឺជាទម្រង់ដឹកជញ្ជូនមួយប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃកន្លែងបានច្រើន៕