ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដកយកឥណទានសម្បទានដែលបានចុះកិច្ចព្រមព្រៀងកន្លងមកជិត ៩១៤ លានដុល្លារ សម្រាប់ប្រើប្រាស់នៅឆមាសទី១ ឆ្នាំ ២០២៣ ដោយកើនឡើងប្រមាណ ១១ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានដកសាច់ប្រាក់ពីឥណទានសម្បទានដែលបានចុះកិច្ចព្រមព្រៀងកន្លងមកសរុបចំនួន ៦៤៧,០២ លានដុល្លារអាមេរិក។ បើសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់សរុប ៩១៣,៧៨ លានដុល្លារក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៣៤ ភាគរយ (៣១២,២៦ លានដុល្លារ) និងក្របខ័ណ្ឌពហុភាគី ៦៦ ភាគរយ (៦០១,៥២លានដុល្លារ)។ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺការដកសាច់ប្រាក់ជាក់ស្តែងសរុបក្នុងឆមាសទី១ ឆ្នាំ ២០២៣ គឺមានកំណើនប្រមាណ ១១ ភាគរយ។
ឯកសារបញ្ជាក់ថា៖ «សាច់ប្រាក់ទាំងនេះត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៣ ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត ៤៧ ភាគរយ»។
បើតាមឯកសារ គឺវិស័យហេដ្ឋារចនាសម្ព័ន មានដូចជា ដឹកជញ្ជូន, ថាមពល, ធារាសាស្ត្រ... និងផ្គត់ផ្គង់ទឹកស្អាត រីឯវិស័យមិនមែនហេដ្ឋារចនាសម្ព័ន្ធ រួមមាន កសិកម្ម, សុខាភិបាល ...និងអប់រំ។
ឯកសារឱ្យដឹងទៀតថា ទន្ទឹមនឹងការដកប្រាក់ឥណទានសម្បទាន រាជរដ្ឋាភិបាលក្នុងឆមាសទី១ ឆ្នាំ ២០២៣ ក៏បានទូទាត់សេវាបំណុលសរុប ២៤៧,៣៦ លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ការទូទាត់សេវាបំណុលសរុបក្នុង ២ ត្រីមាសដំបូងនៃឆ្នាំ ២០២៣ មានកំណើនប្រមាណ ១៦ ភាគរយ។
ឥណទានសម្បទាន សំដៅដល់ឥណទានដែលមានលក្ខខណ្ឌអនុគ្រោះខ្ពស់ជាងលក្ខខណ្ឌទីផ្សារ ឬលក្ខខណ្ឌឥណទានពាណិជ្ជកម្ម ដោយមានធាតុអំណោយចាប់ពី ៣៥ ភាគរយឡើងទៅ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ កាលពីថ្ងៃទី ២៨ ខែកញ្ញា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដកយកឥណទានសម្បទានទៅប្រើប្រាស់សម្រាប់គាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តជាប្រចាំ។ ឥណទានសម្បទាន តែងដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍន៍ឱ្យមានថវិកាក្នុងដៃសម្រាប់យកទៅអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «តាមការសង្កេតរបស់ខ្ញុំ គឺការប្រើប្រាស់ឥណទានសម្បទានរបស់រាជរដ្ឋាភិបាលកន្លងមកគឺមានភាពល្អប្រសើរ ប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព និងតម្លាភាព»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
យោងតាមឯកសារខាងលើ គិតត្រឹមដំណាច់ត្រីមាសទី ២ ឆ្នាំ ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ១០,៧២ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩,៥៧ ភាគរយ ត្រូវនឹងប្រមាណ ១០,៦៧ ពាន់លានដុល្លារអាមេរិកជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤ភាគរយ និងក្របខ័ណ្ឌពហុភាគី ៣៦ ភាគរយ) និង ០,៤៣ ភាគរយ ត្រូវនឹងប្រមាណ ៤២,៥១ លានដុល្លារអាមេរិកជាបំណុលសាធារណៈក្នុងប្រទេស៕