ភ្នំពេញៈ ឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសកលបានធ្វើឱ្យទឹកប្រាក់ដែលកម្ពុជារកបានពីការនាំជ័រកៅស៊ូទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ មានត្រឹមតែជាង ២៧៣ លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជាង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យបង្ហាញថា ពីខែមករា-ខែសីហា ឆ្នាំ ២០២៣ ការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិមានបរិមាណសរុប ២០៥ ១៦៧ តោន កើន ៦ ៣៥៤ តោន ឬស្មើនឹង ៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ទោះយ៉ាងណាទឹកប្រាក់ដែលបានពីការនាំចេញក្នុងរយៈពេលនេះ គឺមានត្រឹម ២៧៣,៣៦ លានដុល្លារធ្លាក់ចុះប្រមាណ ១០,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ៣០៤,៣៨ លានដុល្លារ។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ តម្លៃមធ្យមជ័រកៅស៊ូនៅទីផ្សារអន្តរជាតិ ចន្លោះពីខែមករា-ខែសីហា ឆ្នាំ ២០២៣ គឺប្រមាណ ១ ៣២៧ ដុល្លារ ក្នុង ១ តោន ថយចុះ ២៣០ ដុល្លារ ឬប្រមាណ ១៥ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
ឯកសារខាងលើឱ្យដឹងទៀតថា សម្រាប់តម្លៃជ័រកៅស៊ូលក្ខណៈគ្រួសារ គឺទឹកជ័រ (DRC ១០០ ភាគរយ) មានតម្លៃ ៤ ៤៧៥-៤ ៧០០ រៀល ក្នុង ១ គីឡូក្រាម និងជ័រកក (DRC ៥០ ភាគរយ) ថ្លៃ ២ ០០០ ទៅ ២ ៦៧៥ រៀល។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែកញ្ញាថា វិបត្តិសេដ្ឋកិច្ចសកលដែលកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារផលិតផលកៅស៊ូ។
លោកបន្តថា មូលហេតុធំៗដែលទាញទម្លាក់តម្លៃជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិ គឺបញ្ហាតម្រូវការទីផ្សារពិភពលោកមានកម្រិតទាប, កំណើនទិន្នផលកាន់តែច្រើន, ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក, សង្គ្រាមរវាងរុស្សី-អ៊ុយក្រែន និងផលប៉ះពាល់ពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសចិន និងអាមេរិក ជាដើម។
លោកថ្លែងថា៖ «ដោយសារផលិតផលជ័រកៅស៊ូកម្ពុជាពឹងផ្អែកលើការនាំចេញទៅទីផ្សារអន្តរជាតិភាគច្រើន ដូច្នេះនៅពេលទីផ្សារអន្តរជាតិមានបញ្ហា បរិមាណ និងតម្លៃជ័រកៅស៊ូនាំចេញក៏ជួបបញ្ហាដែរ»។
ក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ ២០២៣ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១១ សីហា ឆ្នាំ ២០២៣ លោក ជា វុទ្ធី អគ្គលេខាធិការរង CDC បានលើកឡើងថា ឧស្សាហកម្មផលិតសម្បកកង់យានយន្តនៅកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយពេលនេះ មានក្រុមហ៊ុន ២ កំពុងសិក្សាទីតាំងសម្រាប់កសាងរោងចក្រ ស្របពេលកម្ពុជាមានរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៣ ហើយកំពុងដំណើរការគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង (ក្រុងបាវិត) ខេត្តព្រះសីហនុ និងខេត្តក្រចេះ។ លោកបន្ថែមថា តម្រូវការ និងតម្លៃជ័រកៅស៊ូ នឹងមានភាពល្អប្រសើរជាងមុន នៅពេលមានតម្រូវការប្រើប្រាស់ក្នុងស្រុកកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «នៅពេលខាងមុខឆាប់ៗនឹងមានក្រុមហ៊ុន ២ បន្ថែមទៀតដោយពេលនេះកំពុងចរចាជ្រើសរើសទីតាំងនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន»។
លោកលើកឡើងទៀតថា តាមការព្យាករបើក្រុមហ៊ុនទាំង ៥ ដំណើរការផលិតពេញលេញ គឺក្នុង ១ ឆ្នាំៗ អាចនឹងស្រូបយកជ័រកៅស៊ូ (ធម្មជាតិ) កម្ពុជាប្រមាណ ២០ ម៉ឺនតោន ខណៈបច្ចុប្បន្នទិន្នផលជ័រកៅស៊ូដែលកម្ពុជាប្រមូលបានក្នុង ១ ឆ្នាំគឺក្នុងរង្វង់ ៥០ ម៉ឺនតោន។ ដោយសារមិនមានទីផ្សារក្នុងស្រុកគឺបរិមាណស្ទើរទាំងអស់ត្រូវបាននាំទៅលក់នៅទីផ្សារអន្តរជាតិ។ លោកបន្តថា បើតាមសមាគមចម្ការកៅស៊ូកម្ពុជា ការនាំចេញជ័រកៅស៊ូផ្លូវការគឺមានប្រមាណ ៣០ ម៉ឺនតោន និងក្រៅផ្លូវការប្រមាណ ២០ ម៉ឺនតោន។
បើតាមលោក វុទ្ធី មកដល់ពេលនេះគឺមានតែរោងចក្រចំនួន ១ ប៉ុណ្ណោះក្នុងចំណោមរោងចក្រទាំង ៣ ដែលទទួលទិញជ័រកៅស៊ូកម្ពុជា ដោយរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ក្រុមហ៊ុននោះបានទិញជ័រកៅស៊ូនៅក្នុងស្រុកចំនួន ១៤ ០០០ តោន។
នៅក្នុងឆ្នាំ ២០២២ កម្ពុជារកចំណូលបានជាង ៥៣១ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះការនាំចេញជ័រកៅស៊ូ ៥២៧,៧៧ លានដុល្លារ និងឈើកៅស៊ូ ៤, ០៩ លានដុល្លារ៕