ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើនាយករដ្ឋមន្រ្តីថៃ ផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា ខណៈដែលតំណាងវិស័យឯកជនកម្ពុជា ចង់ឱ្យភាគីទាំង ២ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនជាមួយគ្នា ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងថៃ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៩ ខែកញ្ញា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីនៃប្រទេសថៃ នៅកម្ពុជាបានប្រកាសថា កម្ពុជា និងថៃ បានពិភាក្សាគ្នាច្រើនលើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំង ២។
តាមរយៈសេចក្តីប្រកាស លោក សេដ្ឋា ថាវីស៊ីន បានស្នើទាក់ទងនឹងផលិតផលពោត ដោយលោកថា គួរផ្ដោតលើទិដ្ឋភាពទាំងអស់ ពោលគឺមិនគិតត្រឹមតែការប្រមូលផលទេ ខណៈលោកហ៊ុន ម៉ាណែត បានស្នើភាគីថៃឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា។
ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននោះ បានរំលេចទៀតថា ភាគីទាំង ២ បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេសការជំរុញនិងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ទៅប្រទេសទី៣។
នាយករដ្ឋមន្ត្រីទាំង ២ បានឯកភាពគ្នា ប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៥។
ទាក់ទងនឹងជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំង ២ នេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងវិស័យឯកជនក្នុងស្រុក បានស្នើឱ្យភាគីទាំង ២ ថៃនិងកម្ពុជា រៀបចំបង្កើតនូវកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មតាមព្រំដែន ខណៈដែលកម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងនេះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងការនាំចេញទំនិញកសិកម្មកម្ពុជាទៅថៃ និងចំណេញពេលវេលាផងដែរ។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនវាមានលក្ខណៈទូលំទូលាយជាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ព្រំដែន ខណៈដែលកន្លងទៅ កម្ពុជាបានធ្វើរួចហើយជាមួយប្រទេសវៀតណាម នៅតែជាមួយប្រទេសថៃនិងឡាវ ដែលនេះតែងតែមានបញ្ហា ជាពិសេសការសម្រេចបិទព្រំដែនដោយឯកតោភាគី។
លោកបានបញ្ជាក់ថា៖«ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសថៃ គឺមានទំហំធំ បើសិនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពន្លឿនលើការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់រវាងប្រទេសទាំង២ ប៉ុន្តែខ្ញុំចង់ឱ្យភាគីទាំង២បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនជាមួយគ្នាបន្ថែមទៀត កាន់តែប្រសើរ ព្រោះកន្លងមកតែងតែកើតមានបញ្ហា ដោយសារថៃតែងតែសម្រេចបិទព្រំដែនដោយឯកតោភាគី»។
លោក លឹម ហេង បានបន្ថែមថា ការសម្រេចបិទព្រំដែន ដោយឯកតោភាគីនេះបានធ្វើឱ្យមានការរាំងស្ទះយ៉ាងខ្លាំងចំពោះលំហូរ ទំនិញ ប្រជាជន និងទេសចរនៃប្រទេសទាំង២៕