ភ្នំពេញៈទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) លោកស្រី ជា សិរី បាន​សាទរ​ចំពោះ​ការចូលរួមចំណែក​រប​ស់​រដ្ឋាភិបាល​ប្រទេស​បារាំង​ តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​ធ្វើឱ្យ​វិស័យនេះ​មានការ​រីកចម្រើន​ពី ១​ឆ្នាំទៅ ១​ឆ្នាំ​។​

​ការលើកឡើង​របស់ លោកស្រី ជា សិរី​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោកស្រី Sandrine Boucher នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា (AFD)​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ កិច្ចពិភាក្សា​ក្នុងជំនួប​នេះ​ បាន​គ្របដណ្តប់​លើ​ប្រធានបទ​ជាច្រើន​ស្តីពី​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រ​បស់ AFD នៅ​កម្ពុជា​នាពេល​កន្លងមក និង​ជាពិសេស​ការប្តេជ្ញាចិត្តរ​បស់ AFD ក្នុង​ការបន្ត​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា តាមរយៈ​ការបន្ត​ផ្តល់​ហិរញ្ញប្បទាន​និង​ជំនួយ​បច្ចេកទេស​សំដៅ​ពង្រឹង​និង​ពង្រីក​លទ្ធភាព​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។​

​លោកស្រី ជា សិរី បាន​កោត​ស​សើរ​ដល់ AFD ដែល​បាន​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ នាពេល​កន្លងមក និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់ AFD ក្នុង​ការបន្ត​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បន្ថែមទៀត ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ជីវភាព​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។

​លោកស្រី​បានស្នើ​បង្កើន​កិច្ចសហប្រតិបត្តិការ​ ក្នុងការ​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​ ជាពិសេស​ សម្រាប់​មជ្ឈមណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ពង្រីក​វិសាលភាព និង​គុណភាព​សិក្សា​រួមទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្មវិធីសិក្សា និង​មុខវិជ្ជា​សិក្សា​។

​ក្រៅពីនេះ លោកស្រី​ក៏បាន​ស្នើឱ្យ AFD ជួយ​ពង្រឹងសមត្ថភាព​មន្ត្រី​បុគ្គលិក​លើ​ផ្នែក​គ្រប់គ្រង​សារមន្ទីរ និង​ជំនាញ​ទាក់ទង​ធនាគារកណ្តាល​តាមរយៈ​ការផ្តល់​អាហារូបករណ៍ ឬ​ការចែករំលែក​ជំនាញ​ពី​ជំនាញការ​ប្រទេស​បារាំង​។​

​លោកស្រី Sandrine Boucher បានលើកឡើង​អំពី​សកម្មភាព​ការងារ​របស់ AFD នៅ​កម្ពុជា ​ដែល​រួមមាន​ដូចជា​ការផ្តល់​ហិរញ្ញប្បទាន​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​ស្ថាប័នហិរញ្ញវត្ថុ​នានា​រួមទាំង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) សំដៅ​គាំទ្រ​ដល់​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​និង​រួមចំណែក​លើកកម្ពស់​គោល​កាណ៍កា​រពារ​អតិថិជន​។​

​លោកស្រី Sandrine Boucher បាន​បញ្ជាក់ថា​៖« AFD ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ថែមទៀត និង​រីករាយ​បន្ត​កិច្ចសន្ទនា​ដោយ​បើកចំហ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​ការផ្តល់​កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ហានិភ័យ និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​»​។

​លោកស្រី​បាន​ថ្លែង​បញ្ជាក់ថា​៖«​កិច្ចសហប្រតិបត្តិការ​របស់ AFD លើ​ផ្នែក​ផ្សេងទៀត​ដូចជា ហិរញ្ញប្បទាន​បៃតង ថាមពល ទឹកស្អាត និង​អគ្គិសនី ជាដើម​»​។

​យោងតាម​របាយការណ៍​របស់ NBC គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០២៣ នៅ​កម្ពុ​ជាមាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ទទួល​ប្រាក់​បញ្ញើ​៨២ គ្រឹះស្ថាន​ឥណទាន​ជនបទ​១១៨​។

​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ឥណទាន​អតិថិជន ​បាន​កើនឡើង ១៤,៨​ ភាគរយ ដល់ ៩,៧​ ពាន់​លាន​ដុល្លារ​។​ ឥណទាន​ទាំងនោះ ​ផ្តល់​ទៅ​វិស័យ​សំខាន់ៗ​ដូចជា អង្គភាព​គ្រួសារ ៣៤​ ភាគរយ (​កើន​ ១៨,៤ ​ភាគរយ​); ពាណិជ្ជកម្ម​និង​ជំនួញ ២៣,២​ ភាគរយ (​កើន​ ១៥ ​ភាគរយ​); កសិកម្ម ១៧,៧ (​កើន ​១៣,២ ​ភាគរយ​); សេវាកម្ម​១៣,៤ (​កើន ​៨,៩ ​ភាគរយ​); ដឹកជញ្ជូន ៤,២​ ភាគរយ ​(​កើន ​០,២​ ភាគរយ​);​សំណង់ ៤,៤​ ភាគរយ (​កើន​ ១៤​ ភាគរយ​);​កម្មន្តសាល ១,៩ ភាគរយ (​កើន​ ៣០,៨​ ភាគរយ​)​ និង​ផ្សេងៗ ១,៣ ​ភាគរយ (​កើន ​៤២,៤​ ភាគរយ​)​។ វិស័យនេះ ​បានទទួល​ប្រាក់​បញ្ញើ ​៤,៩​ ពាន់​លាន​ដុល្លារ ស្មើនឹង​ ២,៧​ លាន​គណនី​៕