ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ជាមួយសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកការផ្តល់ហិរញ្ញប្បទាន ដែលមានការធានាជូនដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅការិយាល័យរបស់ CGCC ដោយមានការចូលរួមពីសំណាក់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និងលោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និង លោក Suwat Techawatanawana អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ។
អគ្គនាយក CGCC លោក Wong Keet Loong បានលើកឡើងថា CGCC មានកិត្តិយសជាខ្លាំងដែលបានចាប់ដៃគូជាមួយធនាគារឈានមុខគេនៅក្នុងប្រទេសថៃ ក្នុងការផ្តល់ការធានាឥណទានដើម្បីគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (SMEs) នៅកម្ពុជា។
លោកបន្តថា សាខាធនាគារកសិកននៅទីនេះនឹងនាំយកបទពិសោធន៍ពីប្រទេសថៃ ដែលវិស័យធនាគារនៅទីនោះមានការអភិវឌ្ឍខ្លាំង ក្នុងការផ្តល់កម្ចីដែលមានការធានា។ តាមរយៈបទពិសោធន៍ទាំងនេះ លោកសង្ឃឹមថា ធនាគារកសិកននៅកម្ពុជានឹងពង្រីកការផ្តល់ហិរញ្ញប្បទានដែលមានការធានា ជូនដល់ម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជាកាន់តែច្រើន។
លោកបានថ្លែងថា៖«កិច្ចសហការនេះក៏នឹងបើកឱកាសសម្រាប់ CGCC ដើម្បីស្វែងយល់បន្ថែមពីការធានាឥណទានឆ្លងព្រំដែន រវាងធុរកិច្ចក្នុងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។ នៅចុងឆ្នាំនេះ យើងក៏មានគម្រោងសិក្សា និងសហការជាមួយសាជីវកម្មធានាឥណទានប្រទេសថៃ ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំផងដែរ»។
ប្រធានចាត់ការទូទៅនៃសាខាធនាគារកសិកន(ភ្នំពេញ) លោក Mr. Ritthiwut Watthanachai បាននិយាយថា៖«ប្រទេសកម្ពុជាគឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រការពង្រីកខ្លួនរបស់ធនាគារកសិកន ប្រចាំតំបន់។ គំនិតផ្តួចផ្តើមនេះស្របតាមផែនការអាជីវកម្មរបស់យើងសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដែលក្នុងនោះយើងមានគោលបំណងបង្កើនបទពិសោធន៍របស់យើងក្នុងការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសថៃ និងទាញយកគំរូស្រដៀងគ្នានេះ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ភាពជាដៃគូជាមួយ CGCC នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ សម្រាប់យើងក្នុងការពង្រីកវិសាលភាពទៅកាន់សហគ្រិនឱ្យបានកាន់តែច្រើនជាងមុន ស្របពេលជាមួយការបង្កើនសមត្ថភាពសេវាកម្មរបស់យើងផងដែរ។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»។
CGCC ផ្តោតលើការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈបេសកកម្មចម្បងនៃការផ្តល់ការធានាលើកម្ចីអាជីវកម្មដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដល់ MSMEs។ ស្របជាមួយគ្នានេះ សាខាធនាគារ កសិកន(ភ្នំពេញ) គឺជាសាខារបស់ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយរបស់ថៃ ដែលមានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុករបស់កម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ និងដំណោះស្រាយយ៉ាងទូលំទូលាយដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផងដែរ៕