ភ្នំពេញៈ តម្លៃលក់រាយប្រេងសាំងធម្មតាបានធ្លាក់ចុះបន្តិច ខណៈប្រេងម៉ាស៊ូតនៅបន្តរក្សាតម្លៃដដែលសម្រាប់រយៈពេល ១០ ថ្ងៃនេះទៅមុខ ស្របពេលតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះបន្តិចផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១ ខែតុលា នេះតម្លៃលក់រាយប្រេងសាំងធម្មតា គឺ ៤ ៥៥០ រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត ៤ ៨៥០ រៀល ក្នុង ១ លីត្រ ខណៈតម្លៃលក់រាយកាលពី ១០ ថ្ងៃកន្លងមក គឺប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ ៤ ៧៥០ រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត ៤ ៨៥០ រៀល។
ក្រសួងបញ្ជាក់ថា៖ «នេះគឺជាតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣»។
សារព័ត៌មាន CNBC បានរាយការណ៍កាលពីថ្ងៃទី ២៨ ខែកញ្ញាថា តម្លៃប្រេងឆៅមានការធ្លាក់ចុះបន្តិចមកវិញបន្ទាប់ពីបានឡើងថ្លៃខ្ពស់ក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ។
សម្រាប់តម្លៃប្រេងឆៅនៅអាមេរិក (U.S. West Texas Intermediate futures) បានធ្លាក់ចុះប្រមាណ ២,០៩ ភាគរយ គឺក្នុងតម្លៃ ៩១,៧២ ដុល្លារ ក្នុង ១ បារ៉ែល ខណៈតម្លៃពីមុន ៩៥ ដុល្លារ ក្នុង ១ បារ៉ែល ដែលជាតម្លៃមួយដ៏ខ្ពស់បំផុតគិតចាប់ពីខែសីហាមក។
CNBC បានដកស្រង់សម្ដីរបស់លោក Bart Melek អគ្គនាយករបស់ក្រុមហ៊ុនមូលបត្រ TD ថា ទីផ្សារប្រេងពិភពលោកកំពុងសម្លឹងមើល «ឱនភាពដ៏រឹងមាំ» នៅលើការខ្វះខាតដ៏សំខាន់រួចទៅហើយក្នុងត្រីមាសនេះ ដោយលោកលើកឡើងពីការកាត់បន្ថយផលិតកម្មប្រេងដែលអនុវត្តដោយអង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅក្នុងខែកញ្ញា OPEC+ រួមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបន្តកាត់បន្ថយការផលិតប្រេងឆៅដោយស្ម័គ្រចិត្តចំនួន ១ លានបារ៉ែល ក្នុង ១ ថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ។ ការណ៍នេះនាំមកនូវទិន្នផលប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតដល់ជិត ៩ លានបារ៉ែលក្នុង ១ ថ្ងៃ។
លោកថ្លែងថា៖ «យើងគិតថា តម្លៃប្រេងឆៅនឹងមកដល់កម្រិតនេះក្នុងពេលមួយរយៈ។ ប៉ុន្តែខ្ញុំគិតថា វាមិនធ្លាក់នៅថេរនោះទេ។ ដូច្នេះយើងប្រហែលជាបានឃើញចំពោះការប្រែប្រួលនៃថ្លៃនេះបន្តទៀត»។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺកម្ពុជាបានចំណាយប្រាក់ជាង ២,២៨ ពាន់លានដុល្លារ លើការនាំចូលផលិតផលប្រេង និងឧស្ម័នក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ធ្លាក់ចុះ ៩,៥ ភាគរយធៀបនឹងឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មព្យាករថា តម្រូវការសម្រាប់ផលិតផលប្រេង និងឧស្ម័នរបស់កម្ពុជាត្រូវ បានគេរំពឹងថា នឹងកើនឡើងដល់ ៤,៨ លានតោននៅឆ្នាំ ២០៣០ កើនឡើងពី ២,៨ លានតោនក្នុងឆ្នាំ ២០២០៕