ភ្នំពេញៈ ភ្ញៀវបរទេសដែលធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ មានសរុបជាង ៣,៥ លាននាក់ កើនជាង ២៥០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយក្នុងនោះជិត ៨៥ ភាគរយ គឺជាអ្នកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យបង្ហាញថា ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣ ៥០១ ៩៨១ នាក់ កើនឡើង ២៥០,៨ ភាគរយបើធៀបនឹងរយៈពេល ៨ ខែ ឆ្នាំ ២០២២ ដែលមាន ៩៩៨ ២៧២ នាក់។ យ៉ាងណា ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ (កំណត់ត្រាភ្ញៀវបរទេសច្រើនចំផុត) គឺនៅទាបជាង ១៩,៧ ភាគរយ។
ក្រសួងទេសចរណ៍ឱ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវបរទេសទាំង ៣,៥ លាននាក់ គឺភ្ញៀវមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មានចំណែក ៨៤,៧ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប (កើន ២៤៩,៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២), ភ្ញៀវពីតំបន់អឺរ៉ុប ១០,៤ ភាគរយ (កើន ២៨៨,១ភាគរយ), និងភ្ញៀវអាមេរិក ៤,៦ ភាគរយ (កើនឡើង ២១០,៥ ភាគរយ)។ ក្នុងចំនួនភ្ញៀវបរទេសទាំងអស់ខាងលើ គឺភ្ញៀវតាមផ្លូវអាកាសចំនួន ៣៤,៧ ភាគរយ, ផ្លូវគោក ៦៤,៣ ភាគរយ និងតាមផ្លូវទឹក ១,១ ភាគរយ។
លោក ធៀម ធឿង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា (ខេត្តសៀមរាប) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទោះបច្ចុប្បន្នវិបត្តិជំងឺកូវីដ ១៩ មិនបង្កការគំរាមកំហែងដល់វិស័យទេសចរណ៍ ប៉ុន្តែចំនួនភ្ញៀវបរទេសដែលមកដើរលេងកម្សាន្តក្នុងខេត្តសៀមរាប គឺនៅមានចំនួនតិចតួចប៉ុណ្ណោះបើធៀបមុនឆ្នាំ ២០២០។ ភ្ញៀវទៅកម្សាន្តទីបុរាណក្នុងខេត្តសៀមរាប គឺភាគច្រើនជាប្រជាជនក្នុងស្រុកប៉ុណ្ណោះ។
លោកបន្តថា ក្នុងនាមអ្នកនៅក្នុងវិស័យនេះលោកពិតជាចង់ឃើញភ្ញៀវបរទេសត្រឡប់មកកម្ពុជាឱ្យវិញឱ្យបានច្រើន ព្រោះបើតាមព័ត៌មាននៅប្រទេសជិតខាង គឺគេទទួលបានភ្ញៀវទេសចរបរទេសច្រើនវិញហើយ។
លោកបន្តថា៖ «ទោះការប្រកាសបើកប្រទេសមានរយៈពេលជាង ១ ឆ្នាំហើយ ក៏ចំនួនភ្ញៀវបរទេសដែលមកកម្ពុជានៅមានកម្រិតតិចតួចនៅឡើយ។ យើងពិតជាចង់ឱ្យមានភ្ញៀវទេសចរធ្វើដំណើរមកកម្ពុជាឱ្យបានកាន់តែច្រើន»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី និយាយថា ចំនួនភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅតាមប្រាសាទនានាក្នុងខេត្ត សៀមរាប ចាប់ពីដើមឆ្នាំ ២០២៣ គឺកើនឡើងច្រើនបើធៀបរយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែបើធៀបនឹងអំឡុងឆ្នាំ ២០១៨-២០១៩ គឺនៅតិចនៅឡើយ។ ភាគច្រើននៃភ្ញៀវបរទេស គឺជាអ្នកមកពីប្រទេសជិតខាង ឬក្នុងទ្វីបអាស៊ី។
លោកប្រាប់ទៀតថា៖ «ផ្នែកឯកជនគឺកំពុងរង់ចាំត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត។ ស្ថានភាពភ្ញៀវទេសចរនឹងអាចលេចឡើងច្បាស់នៅចុងឆ្នាំ»។
បើតាមលោក ខៀវ ធី ជារៀងរាល់ឆ្នាំ គឺចន្លោះពីខែឧសភា ដល់ខែកញ្ញា គឺជាពេលដែលមិនសូវមានភ្ញៀវទេសចរចេញដើរកម្សាន្តឡើយ។
ក្នុងពិធីបើកសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព»ដែលរៀបចំនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៤ ខែសីហា លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាមានសុទិដ្ឋិនិយមនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចសម័យមុនវិបត្តិជំងឺកូវីដ ១៩ ពោលគឺប្រមាណ ៧ លាននាក់ នៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦។
ឆ្នាំ ២០១៩ ជាពេលដែលកម្ពុជាបានទទួលភ្ញៀវអន្តរជាតិច្រើនបំផុត ដោយមានចំនួន ៦,៦ លាននាក់ កើន ៦,៦ ភាគរយបើធៀបឆ្នាំ ២០១៨។ ក្នុងនោះភ្ញៀវមកពីប្រទេសជាប់ព្រំប្រទល់ទាំង ៣ មានសរុប ១ ៦០៨ ៦២៥ នាក់ ស្មើនឹង ២៤,៣៣ ភាគរយនៃចំនួនសរុប។
ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត ២,២៨ លាននាក់កើនឡើង ១ ០៥៩ ភាគរយបើធៀបឆ្នាំ ២០២១។ ភ្ញៀវមកពីប្រទេសថៃ វៀតណាម និងឡាវ ចូលមកកម្ពុជាក្នុងឆ្នាំ ២០២២ មានចំនួនសរុប ១ ៤០៩ ៩៨០ នាក់ កើន ១ ២៥២,៥៥ ភាគរយធៀបឆ្នាំ ២០២១ ដែលមាន ១០៤ ២៤៦ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍៕