ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល នឹងដឹកនាំគណៈប្រតិភូក្រសួង និងសមាគមភ័ស្តុភារកម្មកម្ពុជា ទៅត្រួតពិនិត្យមើលការធ្វើពាណិជ្ជកម្ម នៅតាមច្រកព្រំដែនកម្ពុជា និងវៀតណាម នាថ្ងៃទី ៥ ខែតុលា ដើម្បីឱ្យមានសង្គតិភាពច្បាស់លាស់ ចំពោះពាណិជ្ជកម្មតាមព្រំដែន។ យោងតាម លោក ស៊ិន ចន្ធី ប្រធានសមាគមដឹកជញ្ជូន ប្រាប់នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣។
លោកអះអាងថា នេះជាដំណើរទស្សនកិច្ចមួយដ៏មានសារៈសំខាន់ ដោយនឹងបានស្វែងយល់កាន់តែច្បាស់អំពីសកម្មភាពនៃការដឹកជញ្ជូន បញ្ហាប្រឈមនានារបស់ការដឹកជញ្ជូនតាមព្រំដែន ថែមទាំងអាចផ្តល់ជាដំណោះស្រាយផងដែរ។
លោក ស៊ិន ចន្ធី បានប្រាប់ឱ្យដឹងថា វិស័យដឹកជញ្ជូនភ័ស្តុភារកម្ម និងដឹកជញ្ជូន និងវិស័យពាណិជ្ជកម្ម ជាវិស័យដែលមានការទាក់ទងគ្នាយ៉ាងស្អិតល្មួត និងមិនអាចខ្វះគ្នាបានឡើយ ដែលនេះជាហេតុផល ដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មី បង្ហាញការយកចិត្តទុកដាក់លើវិស័យនេះ ខណៈដែលកន្លងមកតម្លៃដឹកជញ្ជូននៅកម្ពុជាថ្លៃជាងបណ្តាប្រទេសដទៃទៀត។
លោក ស៊ិន ចន្ធី បានបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ គឺដើម្បីបង្ហាញឱ្យឃើញជាក់ស្តែងនូវសកម្មភាពនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន,បញ្ហាប្រឈមដែលតែងកើតមានឡើង,ការដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗពីមន្ត្រីពាក់ព័ន្ធនិងវិស័យឯកជននៅតាមច្រកព្រំដែនទាំងនោះផងដែរ»។
លោកថ្លែងថា សមាគមគ្រោងនឹងអមដំណើររដ្ឋមន្ត្រីទៅកាន់ច្រកព្រំដែនជាមួយប្រទេសជិតខាងដទៃទៀតនាពេលខាងមុខ ដើម្បីជាការផ្តល់ព័ត៌មានដល់រាជរដ្ឋាភិបាលនូវស្ថានភាពជាក់ស្តែងពិតប្រាកដ អំពីតម្រូវការរបស់វិស័យឯកជន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ឱ្យដឹងដែរថា ប្រទេសវៀតណាម ជាប្រទេសជិតខាង ដែលមានជាប់នឹងត្រីកោណអភិវឌ្ឍន៍ជាមួយខេត្តភាគឦសាននៃប្រទេសកម្ពុជា ខណៈដែលខេត្តមួយចំនួនជាប់ព្រំដែនវៀតណាមក៏ជាច្រកព្រំដែនដ៏សំខាន់ក្នុងការដោះដូរទំនិញពាណិជ្ជកម្មជាមួយកម្ពុជាដែរ។ នេះជាមូលហេតុដែលរដ្ឋមន្ត្រីពាណិជ្ជកម្មចុះទៅកាន់ខេត្តជាប់ព្រំដែនវៀតណាមទាំងនេះ។
លោកបានបញ្ជាក់ទៀតថា៖ «ការដែលចុះទៅធ្វើទស្សនកិច្ច ទៅពិនិត្យស្ថានភាពតាមព្រំដែននេះ គឺដើម្បីពង្រឹងការអនុវត្តពាណិជ្ជកម្ម និងការសម្រួលពាណិជ្ជកម្ម ដែលធ្វើឡើងក្នុងគោលដៅ ធ្វើយ៉ាងណាឱ្យទំហំសេដ្ឋកិច្ចរបស់យើងមានការកើនឡើងជាលក្ខណៈទ្វេភាគី»។
លោកបានបន្ថែមទៀតថា ជាមួយវៀតណាម កម្ពុជាមានកិច្ចព្រមព្រៀងទ្វេភាគី,កិច្ចព្រមព្រៀងទំនិញឆ្លងកាត់,ការអនុវត្តសេដ្ឋកិច្ចពាណិជ្ជកម្មក្រោមឆត្ររបស់ត្រីកោណអភិវឌ្ឍន៍ជាដើម ដែលទាំងនេះបាននិងកំពុងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមពី១ឆ្នាំទៅ១ ឆ្នាំ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្ពុជា ជាមួយប្រទេសវៀតណាមសម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង៤ ៣០០លានដុល្លារ មានកំណើនតិចតួចប្រមាណ១,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះការនាំចេញទៅវៀតណាម សម្រេចបានទឹកប្រាក់ជាង១ ៨៥៣លានដុល្លារ កើនជាង២៦ភាគរយ ខណៈដែលការនាំចូលពីវៀតណាមមកវិញសម្រេចបានទឹកប្រាក់ ២ ៤៤៩លានដុល្លារ ថយចុះជិត១២ភាគរយ បើធៀបនឹងរយៈពេល៨ខែ ឆ្នាំ២០២២កន្លងទៅ៕