ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា បញ្ជាក់ថា ការហោះហើរត្រង់របស់ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline ពីសៀមរាបទៅ និងមកប្រទេសកូរ៉េ នេះមានសារៈសំខាន់ សម្រាប់ទេសចរណ៍ពីប្រទេសកូរ៉េ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅប្រទេសកូរ៉េ ក្នុងការផ្តល់ភាពងាយស្រួលកាន់តែច្រើន តម្លៃសមរម្យការផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា។
ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ បានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ៖«ទីបំផុត អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីត្រូវបានសាងសង់រួចរាល់ហើយ។លេខកូដ៣ថ្មីសម្រាប់អាកាសយានដ្ឋានថ្មីគឺ «SAI»ហើយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor ចាប់ផ្តើមបើកដំណើរការជើងហោះហើរនៅថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយហោះហើរត្រង់ពីសៀមរាប- អ៊ីនឆន់ និង អ៊ីនឆន់-សៀមរាប»។
ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airlineបន្តថា ចំពោះកាលវិភាគនៃការហោះហើរ ក្រុមហ៊ុននេះនឹងហោះហើរជារៀងរាល់ថ្ងៃ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែតុលា ថា ការណ៍នេះធ្វើឱ្យគេរំពឹងថា ទេសចរជនជាតិកូរ៉េនឹងមកកាន់ខេត្តសៀមរាប មានចំនួនច្រើន។
លោកបានបន្តថា កូរ៉េ គឺជាទីផ្សារទេសចរណ៍១ដ៏សំខាន់សម្រាប់កម្ពុជាដែរ ក្នុងចំណោមទីផ្សារទេសចរណ៍ធំៗទាំង១០ គឺកូរ៉េ ស្ថិតនៅក្នុងលំដាប់ទី៦ ដែលបានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះ។
លោកបានគូសបញ្ជាក់ថា៖«បើយើងមើលក្របខ័ណ្ឌក្នុងខេត្តសៀមរាប១ ទេសចរកូរ៉េឈរនៅលំដាប់ទី៤ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេសនិងបារាំង។ ក្នុងរយៈពេល៨ខែនេះដែរទេសចរមានការកើនឡើងដែរ។ក្នុងករណីដែលមានជើងហោះហើរត្រង់រវាងកម្ពុជាជាមួយកូរ៉េបែបនេះ វាពិតមានសារៈសំខាន់ក្នុងការជំរុញកំណើននេះបន្តទៀត»។
លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ទេសចរកូរ៉េ មានចំនួនច្រើនគួរសមដែរនៅមុនពេលកូវីដ១៩។ចំពោះការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ទៅមកសៀមរាប និងកូរ៉េនេះដែរ ចាត់ទុកថា ជាដំណឹងល្អ១ដែរសម្រាប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ក្នុងខេត្តសៀមរាប ស្របពេលរដូវទេសចរចេញដើរលេងច្រើនបានមកដល់ដែរ។
លោក វណ្ឌឌី បាននិយាយថា៖«យើងដឹងហើយថា ចាប់ពីខែតុលានេះទៅ ជារដូវកាលដែលសម្បូរអ្នកទេសចរ ជាពិសេសទេសចរអន្តរជាតិមកកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។ស្របគ្នានេះដែរ អ្នកទេសចរកូរ៉េ អាចនឹងមានកំណើនដែរនៅពេលយើងមានជើងហោះហើរត្រង់បែបនេះ។ដូច្នេះ ប្រតិបត្តិករទេសចរណ៍យើងគួរត្រៀមលក្ខណៈឱ្យហើយក្នុងការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពដល់ភ្ញៀវ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) លើកឡើងថា កន្លងទៅកម្ពុជា មានជើងហោះហើរត្រង់ជាមួយកម្ពុជា តែហោះហើរត្រង់មកកាន់រាជធានីភ្នំពេញ ដោយកន្លងមកកម្ពុជាត្រូវពឹងផ្អែកលើកូរ៉េច្រើនដែរ ក្នុងការភ្ជាប់ជើងហោះទៅអន្តរជាតិ។
លោកបន្តថា ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានចាប់ផ្តើមហោះហើរឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ ដែលនេះការជួយមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។
«វារឿងដែលយើងទាំងអស់គ្នាត្រូវសប្បាយចិត្ត និងគួរតែមានការលើកទឹកចិត្តគាត់(ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline)បន្ថែមទៀត។ជាធម្មតានៅពេលដែលជើងហោះហើរកាន់តែច្រើន ច្បាស់ណាស់កំណើនទេសចរណ៍នឹងកើនទៅតាមនោះដែរ»។
សូមជម្រាបថា ព្រលានយន្តហោះថ្មីសៀមរាប-អង្គរ នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៦ ខែតុលា ក្នុងនោះព្រលានចាស់នឹងត្រូវបិទទាំងស្រុងនៅយប់ម៉ោង១២ ថ្ងៃទី១៥ ខែតុលាខាងមុខនេះ។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៣នេះ មានទេសចរកូរ៉េប្រមាណជាង១១ម៉ឺននាក់ ដែលបានមកដល់កម្ពុជា ចំនួនមានការកើនឡើងប្រមាណ២៨៧ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែបើធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩ ភ្ញៀវទេសចរកូរ៉េមានប្រមាណ២៥ម៉ឺននាក់ ដែលថយចុះ៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕