ភ្នំពេញៈ CamGSM Plc ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍គ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកបានទទួលការយល់ព្រមជាគោលការណ៍ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) បន្ទាប់ពីការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាលើកដំបូងនៅ CSX របស់ខ្លួនកាលពីចុងខែមិថុនាកន្លងទៅ។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនទី ២សម្រាប់ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មលើផ្សារហ៊ុននៅឆ្នាំ ២០២៣ នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ខ្លួនបានផ្តល់ការយល់ព្រមជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) ដល់ក្រុមហ៊ុន CAMGSM PLC កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ CSX ក្រុមហ៊ុន CAM GSM ត្រូវទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលពីនិយតករមូលបត្រកម្ពុជា (SERC) និងត្រូវបំពេញលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ CSX។
ក្រុមហ៊ុន CSX ត្រូវបានគេដកស្រង់សម្ដីដោយលើកឡើងថា៖ «ក្រុមហ៊ុន CAM GSM PLC (សែលកាត) គឺជាក្រុមហ៊ុនទី២ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលនៅ CSX ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាលើកដំបូងនៅ CSX កាលពីចុងខែមិថុនាកន្លងទៅ។
លោក ហុង សុហួរ អគ្គនាយក CSX បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែតុលាថា ក្រុមហ៊ុន CAMGSM គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណបៃតងសាជីវកម្មដែលកំពុងត្រូវការវិនិយោគិនស្ថាប័ន។ លោកថ្លែងថា៖ «តាមពិត យើងតែងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការចេញលក់មូលបត្រសាជីវកម្មផ្សេងទៀត ព្រោះពួកគេមិនចាំបាច់ធ្វើការងារបន្ថែមលើនីតិវិធីចុះបញ្ជីនោះទេ។ យើងឃើញថា វិនិយោគិនស្ថាប័នមួយចំនួនដូចជាក្រុមហ៊ុនធានារ៉ាប់រង តែងតែចូលចិត្តទិញសញ្ញាបណ្ណសាជីវកម្មព្រោះវាផ្តល់ឱ្យពួកគេនូវស្ថិរភាព និងអត្រាការប្រាក់ខ្ពស់»។
លោកលើកឡើងថា៖ «យើងរំពឹងថាពួកគេនឹងអាចចេញលក់ក្នុងខែនេះ ឬខែវិច្ឆិកា ខណៈពួកគេទើបចេញលក់មូលបត្រ ដូច្នេះពួកគេមិនបាច់ចំណាយការងារច្រើនលើនីតិវិធីទៀតទេ»។
ក្រុមហ៊ុនមួយនេះបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួនដោយជោគជ័យនៅ CSX កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។ ក្រុមហ៊ុនប្រមូលមូលនិធិបាន ៥ ២៨៤ ៥៨៧ ដុល្លារពី IPO សម្រាប់ភាគហ៊ុនដែលទើបចេញលក់ថ្មី ៩ ២៧១ ២០៦ ភាគហ៊ុន (តម្លៃ ២ ២៧០ រៀល ក្នុង ១ ភាគហ៊ុន)។
បើតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅ CSX នៅថ្ងៃទី ១៩ ខែកញ្ញា គឺក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុនមានប្រាក់ចំណូលសរុប ១៨៥ ៩៧៨លានរៀល (ឬ ៤៥,៣៦ លានដុល្លារ) ដែលក្នុងនោះប្រាក់ចំណេញសុទ្ធ ៤៥ ៨៣៤ លានរៀល (១១,១៧លានដុល្លារ) កើន ៩,៩ ភាគរយធៀបត្រីមាសទី ២ ឆ្នាំ ២០២២ ដែលមានប្រាក់ចំណេញសុទ្ធ ៤១ ៦៩៧ លានរៀល (ឬ ១០,១៧ លានដុល្លារ)៕