ភ្នំពេញៈ ធនាគារពិភពលោក (WB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៣ នេះនៅកម្រិត ៥,៥ ភាគរយ បើទោះបីមានឧបសគ្គពីខាងក្រៅ ក៏កំណើនសេដ្ឋកិច្ចកម្ពុជានៅតែទទួលបានសម្ទុះដែលគាំទ្រដោយការស្ទុះងើបឡើងវិញក្រោយការរីករាលដាលជំងឺកូវីដនៃវិស័យសេវាកម្ម និងវិស័យទេសចរណ៍ជាដើម។
ការព្យាកររបស់ WB គឺមានអត្រាខ្ពស់ជាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ២០ ខែកញ្ញា ដែលបន្ទាបការព្យាកររបស់ខ្លួនពី ៥,៥ ភាគរយ មកនៅត្រឹម ៥,៣ ភាគរយ ដោយសារកំណើនឧស្សាហកម្មយឺតជាងការរំពឹងទុកនៅឆមាសទី១ និងបានរក្សាការព្យាករកំណើនឆ្នាំ ២០២៤ របស់ប្រទេសកម្ពុជា នៅត្រឹម ៦,០ ភាគរយ។
បើតាមធនាគារពិភពលោក ដែលបានចេញផ្សាយពីការធ្វើបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២ ខែតុលា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងកើនដល់ ៥,៥ ភាគរយនៅឆ្នាំ ២០២៣ ភាគច្រើនដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការកើនឡើងវិញក្នុងវិស័យកសិកម្ម។
សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតដោយកើនក្នុងអត្រា ៦,១ ភាគរយ ខណៈការនាំចេញត្រូវបានព្យាករថា នឹងកើនឡើង និងការធ្វើពិពិធកម្មបន្តិចម្តងៗ ស្របពេលលំហូរការវិនិយោគផ្ទាល់បរទេស (FDI) ទំនងជានឹងត្រូវបានជំរុញដោយច្បាប់ថ្មីស្តីពីការវិនិយោគ។
ប្រធានសេដ្ឋវិទូនៃតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត របស់ WB លោក Aaditya Mattoo បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមវីដេអូនាព្រឹកថ្ងៃទី ២ ខែតុលាថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយបង្កើតការព្យាករនេះ ដោយផ្តល់លទ្ធភាពចូលទីផ្សារកាន់តែច្រើន និងជួយជំរុញកំណែទម្រង់មួយចំនួនក្នុងគោលនយោបាយផ្ទាល់ខ្លួនរបស់កម្ពុជាដែលអាចត្រូវបានរំពឹងថា នឹងជួយបង្កើនពាណិជ្ជកម្មថ្មី និងលំហូរវិនិយោគថ្មីក្នុងគោលដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើសម្លៀកបំពាក់រហូតមកដល់ពេលនេះ។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលឃើញកម្ពុជាចាប់ផ្តើមឈានខ្លួនចូលទៅក្នុងវិស័យអេឡិចត្រូនិក ប៉ុន្តែកម្ពុជា ជាថ្មីម្តងទៀតគឺជាប្រទេសមួយដែលចាំបាច់ត្រូវកែលម្អមូលដ្ឋានគ្រឹះរបស់ខ្លួន ពិសេសទាក់ទងនឹងជំនាញ និងការតភ្ជាប់របស់ខ្លួន។ ទាំងនោះគឺជាកំណែទម្រង់ដែលមិនតម្រូវឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទេក្រៅពីការកែទម្រង់ក្នុងស្រុក»។
បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ការនាំចេញទំនិញរបស់កម្ពុជាបានធ្លាក់ចុះដោយសារតែតម្រូវការខាងក្រៅចុះខ្សោយ ខណៈការនាំចេញសេវាកម្មបានស្ទុះងើបឡើងវិញ។ ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៣ ការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនដល់ ៣ លាននាក់ កើនឡើងពី ០,៧ លាននាក់ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ដោយបង្ហាញពីការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ក្នុងអំឡុងពេល ៧ ខែដំបូងឆ្នាំ ២០២៣ ភ្ញៀវអន្តរជាតិរបស់កម្ពុជា សម្រេចបាន ៨០ ភាគរយនៃចំនួនភ្ញៀវមកដល់ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ធៀបនឹងប្រទេសថៃ ៦៦,៦ ភាគរយ និងវៀតណាម ៥៨,៥ ភាគរយ។
ទោះមានលក្ខខណ្ឌអាកាសធាតុមិនសូវអំណោយផលដោយសារតែភ្លៀងធ្លាក់ខុសប្រក្រតីក៏ដោយ គិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ ការដាំដុះកសិកម្មមានភាពប្រសើរឡើងគឺសម្រេចបាន ១,៥ លានហិកតា ឬកើនឡើង ២៤,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងអំឡុងពេល ៧ ខែឆ្នាំ ២០២៣ ការនាំចេញទំនិញបានធ្លាក់ចុះ ៣,៧ ភាគរយ និងការនាំចូលទំនិញក៏បានធ្លាក់ចុះផងដែរ៕