ភ្នំពេញៈ កម្ពុជាប្រមូលប្រាក់បានជិត ២៣៧ លានដុល្លារ ពីការនាំទំនិញទៅប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ ធ្លាក់ចុះតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុបជាង ៣៣៦ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់ GDCE បានឱ្យដឹងថា ចន្លោះពីខែមករា-ខែសីហា ឆ្នាំ ២០២៣ ការនាំចេញទំនិញពីកម្ពុជាទៅអូស្ត្រាលីមានចំនួន ២៣៦,៩២ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ២៥២,១៦ លានដុល្លារ ចំណែកទំនិញអូស្ត្រាលីនាំមកកម្ពុជាមានចំនួន ៩៩,២៩ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ ពីចំនួន ១១៥,២៣ លានដុល្លារ។
ផ្អែកតាមតារាងខាងលើ គឺពាណិជ្ជកម្មរួមនៃប្រទេសទាំង ២ មានទឹកប្រាក់សរុប ៣៣៦,២១ លានដុល្លារ ធ្លាក់ចុះ ៨,៥ ភាគរយពីចំនួន ៣៦៧,៣៩លានដុល្លារ។ ជញ្ជីងពាណិជ្ជកម្មប្រទេសទាំង ២ គឺកម្ពុជាមានឧត្តមភាព ១៣៧,៦៣ លានដុល្លារ។ អូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មធំទី ១៧ របស់កម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែតុលាថា អូស្ត្រាលីបានក្លាយជាដៃគូកាន់តែមានសក្តានុពលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកម្ពុជា ដោយទំនិញកម្ពុជាបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីបានកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏នាំផលិតផលកសិកម្មជាច្រើនមុខទៅប្រទេសអូស្ត្រាលីផងដែរ។ លោកបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសមាជិក ១៥ ប្រទេសរួមទាំងកម្ពុជា និងអូស្ត្រាលីនឹងជួយធ្វើឱ្យពាណិជ្ជកម្មប្រទេសទាំង ២ កើនឡើងបន្ថែមទៀតនៅពេលវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតមាននាពេលនេះបិទបញ្ចប់ទៅវិញ។
លោកបន្តថា ក្រៅពី RCEP សភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីដើមខែឧសភា ឆ្នាំ ២០២៣ ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ដើម្បីផ្សព្វផ្សាយពីផលិតផលកម្ពុជានៅប្រទេសអូស្ត្រាលី និងក៏ជួយទាក់ទាញវិនិយោគិនអូស្ត្រាលីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនផងដែរ។
លោកថ្លែងថា៖ «ការធ្លាក់ចុះទឹកប្រាក់នាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ ក្នុងដំណាក់កាលនេះ គឺដោយសារសេដ្ឋកិច្ចពិភពលោកមិនសូវល្អដែលធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយក្រៅពីម្ហូបអាហារ។ ខ្ញុំគិតថា ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មប្រទេសទាំង ២ នឹងកើនខ្ពស់នៅពេលខាងមុខ។
លោកបន្ថែមទៀតថា បច្ចុប្បន្នក្រៅពីការនាំចេញ-នាំចូលទំនិញជាមួយគ្នា ក៏មានវិនិយោគិនអូស្ត្រាលីមួយចំនួនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរក្នុងវិស័យដូចជា កសិកម្ម និងធនធានរ៉ែជាដើម។
ផលិតផលដែលកម្ពុជានាំទៅប្រទេសអូស្ត្រាលីមានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ចំណែកទំនិញកម្ពុជានាំចូលមកវិញរួមមាន ផលិតផលអេឡិចត្រូនិក ឱសថ និងយានយន្ត ជាដើម។ នេះបើតាមលោក លឹម ហេង។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន កាលពីខែសីហា និយាយថា ការធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគឱ្យមានភាពបត់បែន និងទាក់ទាញ ព្រមទាំងកត្តាកម្លាំងពលកម្មជួយឱ្យកម្ពុជាស្រូបទាញបានវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្តាក់ទុនកាន់តែច្រើន។ ជាមួយកំណើនចង្វាក់ផលិតកម្មខាងលើ ការប្រមូលផលក៏បានកើនឡើងលើសមុនដែរ។
លោកអះអាងថា៖ «កំណើនទិន្នផល និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខាទាំងលក្ខណៈទ្វេភាគី និងពហុភាគី នឹងជួយធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិកម្ពុជាកើនកាន់តែខ្ពស់នាពេលអនាគត ពិសេសការនាំចេញរបស់កម្ពុជា»។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា អូស្ត្រាលី មានទឹកប្រាក់ ៥២៣,៦១ លានដុល្លារ កើន ៦០,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ដែលមាន ៣២៥,៤៧ លានដុល្លារ។ ការនាំទំនិញពីកម្ពុជាទៅអូស្ត្រាលី មានចំនួន ៣៧៩,០៣ លានដុល្លារ កើន ៨៤,៦ ភាគរយ និងទំនិញនាំពីអូស្ត្រាលីចំនួន ១៤៤,៥៨ លានដុល្លារ កើន ២០,៣ ភាគរយ។ ផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពប្រមាណ ២៣៤,៤៦ លានដុល្លារ៕