ភ្នំពេញៈ ភ្ញៀវទេសចរ​បរទេស​ជិត ៥៤ ម៉ឺន​នាក់ ​បាន​ទិញ​សំ​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ស្មើនឹង​ទឹកប្រាក់​ជិត ២៥​ លាន​ដុល្លារ កើនឡើង​ជាង ៣៦០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ (​ឆ្នាំ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​បំផុត​ក្នុង​កំណត់ត្រា​) គឺ​ធ្លាក់ចុះ​ជាង ៦៦ ភាគរយ​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​ត្រូវ​បង្កើតឡើង​នៅក្នុង​ឆ្នាំ ​២០១៦ ដោយ​ស្ថិតក្រោម​អាណា​ព្យា​ និង ស្ថិតនៅក្រោម​អាណា​ព្យាបាល​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ការប្រមូល​ចំណូល​របស់​គ្រឹះ​ស្ថាន​នេះ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​កំពង់ផែ​ចុង​ឃ្នៀ​ស​។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្ស​នា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧​ ដុល្លារ​, ៣ ​ថ្ងៃ​តម្លៃ ៦២ ​ដុល្លារ និង ៧ ​ថ្ងៃ តម្លៃ ៧២​ ដុល្លារ​អាមេរិក​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២៣ ភ្ញៀវ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ មាន​សរុប ៥៣៩ ៥៦១ ​នាក់​កើន ៣០២,២​ ភាគ​រយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ រីឯ​ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ គឺ ២៤,៩៥​ លាន​ដុល្លារ កើន ៣៦៤,៤២ ​ភាគរយ​។ ទោះបីយ៉ាងណា​សមិទ្ធផល​ដែល​គ្រឹះស្ថាន​អង្គរ​សម្រេចបាន​ក្នុង​រយៈ​ពេល ៩​ ខែ ​(៣​ ត្រីមាស​)​ នៃ​ឆ្នាំ​២០២៣ គឺ​នៅមានកម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដោយពេល​នោះ​មាន​ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​រមណីយ​ដ្ឋា​ន​អង្គរ ១ ៦៦២ ៥១៣​នាក់ និង​ប្រ​​មូល​ប្រា​ក់បាន​ ៧៤,៣៤ លាន​ដុល្លារ​។​

​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ ក្រៅពី​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​នេះ​ក៏​រកចំណូលបាន ៥២៨ ៣៨៩ ​ដុល្លារ​ផងដែរ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​នៅ​ប្រា​សាទ​កោះ​កេរ និង​សំបុត្រ​ទូក​នៅ​កំពង់​​ផែ​ចុង​ឃ្នៀ​ស​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២ ​ម៉ឺន​នាក់ ក្នុង​ខណ្ឌដង្កោ និង​មានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៣ ខែតុលា បាន​លើកឡើងថា លោក​កំពុង​បញ្ជា​ឱ្យ​លោក​ទេសរដ្ឋមន្ត្រី ថោង ខុន និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សុខ សូកេន ពិនិត្យ​លទ្ធភាព​នៅក្នុង​ការ​សម្រួល​លក្ខខណ្ឌ​មួយចំនួន​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ខែតុលា​ថា បើទោះបី​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ការមកដល់​របស់​ភ្ញៀវ​បរទេស​នៅ​កម្ពុជា គឺ​នៅមានកម្រិត​នៅឡើយ​ហើយ​ភាគច្រើន​ជា​អ្នក​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​។

លោក​បន្តថា អ្វីៗ​អាច​នឹងមាន​ការប្រែប្រួល​ខ្លាំង​នៅក្នុង​ត្រីមាស​ចុងក្រោយ​ដែលជា​រដូវ​កាល​មាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន​ជា​រៀងរាល់ឆ្នាំ​។ បច្ចុប្បន្ន​អ្នក​ដែល​ធ្លាប់​នៅក្នុង​វិស័យនេះ​ពីមុនមក ក៏បាន​ត្រៀមខ្លួន​រួច​ជា​ដើម្បី​ចូលរួម​បម្រើសេវា​កម្មនេះ​ឡើងវិញ​។​

​លោក​បញ្ជាក់ថា​៖«​យើង​រំពឹងថា រយៈ​ពេល​នៅសល់​ក្នុង​ឆ្នាំ ​២០២៣ នេះ​នឹងមាន​ភ្ញៀវទេសចរ​អន្តរជាតិ​កាន់តែច្រើន​បន្ថែមទៀត​ធ្វើដំណើរ​មក​កម្ពុ​ជាពិសេស​មក​ទស្សនា​ប្រាសាទបុរាណ​នានា​នៅ​ទូទាំងប្រទេស​»​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ បង្ហាញថា ចន្លោះ​ពី​ខែមករា​-​ខែសីហា ឆ្នាំ ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣ ៥០១ ៩៨១​ នាក់ កើនឡើង ២៥០,៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល ៨ ​ខែ​ឆ្នាំ ២០២២ ដែលមាន​ចំនួន ៩៩៨ ២៧២ ​នាក់ ។ យ៉ាងណា​ចំនួន​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ គឺ​នៅ​ទាប​ជាង ១៩,៧​ ភាគរយ​។​

​ក្រសួង​ឱ្យដឹងទៀតថា ក្នុងចំណោម​ភ្ញៀវ​បរទេស​ទាំងអស់​ខាងលើ គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ​មាន​ច្រើនជាង គឺ​ចំនួន ១ ១៨៦ ៩៩៩​ នាក់​, វៀតណាម ៦៤១ ៧៥៨​ នាក់​, ចិន ៣៦៤ ៨៤៤​ នាក់​, និង​ឡាវ ២១២ ៩៨៤​ នាក់ ក្រៅពីនោះ​គឺ​មកពី​អាមេរិក​, កូរ៉េខាងត្បូង​, ឥណ្ឌូនេស៊ី​, និង​បារាំង ជាដើម​។​

​ឆ្នាំ​ ២០២២ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន​ ១១ ៧៨៣ ៩១៦​ ដុល្លារ ដោយ​ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ១១ ៥២៨ ១៥៨​ ដុល្លារ​, ប្រាសាទ​កោះ​កេរ ៩០ ៤៥០​ ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ១៦៥ ៣០៨​ ដុល្លារ​៕