ភ្នំពេញៈ ក្រុមហ៊ុន​អាមេរិក​ជាច្រើន​នឹង​មក​ធ្វើការ​សិក្សា​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នានា​នៅ​កម្ពុ​ជានា​ប៉ុន្មាន​ខែ​ខាងមុខ គឺ​ស្រប​ពេលដែល​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​ភាពល្អប្រសើ​រ ចាប់តាំងពី​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ចុងឆ្នាំ​ ២០២២​។​

​ថ្លែង​នៅក្នុង​កម្មវិធី​ជួប​ជាមួយ​ក្រុមកម្មករ​-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​វាយ​ន​ភណ្ឌ​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ៣ ខែតុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ក្រោយពី​លោក​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន ៥៨ របស់​អាមេរិក​ក្នុងនោះ​មាន​ក្រុម​ហ៊ុន​យក្ស​ពី​អាមេរិក​មួយចំនួន​ដូចជា ក្រុមហ៊ុន Boeing ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​, Pfizer ក្រុមហ៊ុន​ផលិត​ថ្នាំ​, ក្រុមហ៊ុន Abbott, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Mastercard,​និង​ក្រុមហ៊ុន Chevron ដែលជា​ក្រុមហ៊ុន​យក្ស​វិស័យ​ប្រេង​កាត និង​តាមរយៈ​វេទិកា​ធុរកិច្ច​កម្ពុជា​-​អាមេរិក ព្រមទាំង​ជំនួប​ប្រជុំ​ទ្វេភាគី​នានា​អំឡុង​ពេលដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក​កាលពី​ចុងខែ​កញ្ញា​កន្លងមក គឺមាន​ក្រុមហ៊ុន​ជា​ច្រើន​បានបង្ហាញ​ការចាប់​អា​រ​ម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​ក៏បាន​ចូលរួម​កម្មវិធី​វិស័យ​ឯកជន​ក្នុងការ​ផ្គូផ្គង​រវាង​ក្រុមហ៊ុន​ក្នុងស្រុក​យើង​ដែលមាន​ជាង ៣០​ ជួប​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយគ្នា​។ ប្រហែលជា​ប៉ុន្មាន​ខែ​ខាងមុខ ក្រុមហ៊ុន​អាមេរិក​ជា​ច្រើ​នឹង​មកកាន់​កម្ពុជា​យើង​ដើម្បី​ពិនិត្យ​លទ្ធភាព និង​ស្វែងរក​ឱកាស​វិនិយោគ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក គួច ផេង បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា នៅ​ទីក្រុង​ញូវយ៉ក កាល​ពីថ្ងៃ​ទី ​២២ ខែកញ្ញាថា គោល​​បំណង​សំខាន់​នៃ​វេទិកា​ធុរកិច្ច គឺ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម ការវិនិយោគ និង​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។​

​លោក​និយាយថា​៖ «​អាមេរិក គឺជា​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា និង​ជា​ប្រភព​ការ​​វិនិយោគ​បរទេសមួយ​ដ៏​សំខាន់​ដោយ​ប្រកាន់យក​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​កម្ពុជា និង​ចក្ខុ​វិស័យ​កម្ពុជា​ដើម្បី​ក្លាយជា​ប្រ​ទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០ មានឱកាស​ច្រើន​សម្រាប់​វិនិយោគិន​»​។​

​បើ​យោងតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​អាមេរិក​-កម្ពុជា​ផងដែរ​នោះ គឺ​អាមេរិក​-​កម្ពុ​ជាមាន​ប្រវត្តិ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង​គឺ​តាំងពី​ឆ្នាំ​ ១៩៥០ ខណៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន ១៣,៥​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២២​។ អាមេរិក​នៅតែ​បន្ត​ជាទី​ផ្សារ​នាំចេញ​ដ៏ ធំ​បំផុត​របស់​កម្ពុជា ជាពិសេស​សម្រាប់​ផលិតផល​សម្លៀក​បំ​ពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។​

​លោក​បាន​បន្ថែមថា ទាក់ទង​នឹង​ទំនាក់ទំនង​វិនិយោគ​គឺ​ការ​​វិនិយោគ​ផ្ទា​ល់ពី​បរទេស ​(FDI) ពី​អាមេរិក​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​តិចតួច​នៅឡើយ​បើ ទោះបី​អាមេរិក​ជា​វិនិយោគិន​អន្តរជាតិ​ធំជាងគេ​លើ​ពិភព​លោក​ក៏ដោយ​។

​ភាគហ៊ុន FDI របស់​កម្ពុជា​ពី​អាមេរិក​បាន​កើន​ឡើង​ពី ២២៥​ លាន​ដុល្លារ​នា​ឆ្នាំ​ ២០១០ ដល់ ៨៩៣ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០២២​។ ថ្មីៗ​នេះ​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​របស់​អាមេរិក​ដែល​កំពុង​វិ​និ​យោគ​ក្នុងប្រទេស​កម្ពុជា​មានដូចជា ក្រុមហ៊ុន Ford, ក្រុម​​ហ៊ុន Coca Cola ក្រុមហ៊ុន Tiffany និង​ក្រុមហ៊ុន General Electric ដោយសារ​ទំហំ​ទីផ្សារ​កាន់តែ​ធំ​របស់​កម្ពុជា និង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ជាមួយនឹង​គោលបំណង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ ​២០៥០ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែលជា​របៀបវារៈ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ក្នុង​រយៈពេល ២៥ ​ឆ្នាំ​ខាងមុខ​»​។​

​លោក​បន្ថែមថា យុទ្ធសាស្ត្រ​នេះ​ដាក់ចេញ​អាទិភាព​សំខាន់ៗ​ចំនួន​ ៥ គឺ ប្រជាជន ផ្លូវថ្នល់ ទឹក អគ្គិសនី និង​បច្ចេកវិទ្យា ដោយ​ផ្តោត​ខ្លាំង​លើ​ការ​អភិ​​វ​ឌ្ឍ​ធនធានមនុស្ស និង​បច្ចេក​​វិទ្យា​ឌីជីថល ដើម្បីឱ្យ​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​បដិវត្តន៍​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់ខ្លួន​៕​