ភ្នំពេញៈ ភាពងាយស្រួលក្នុងការធ្វើធុរកិច្ចរបស់កម្ពុជានៅតែមានភាពវិជ្ជមានទោះវិបត្តិខាងក្រៅដែលបណ្តាលមកពីបញ្ហាប្រឈមជាសកលបង្កផលប៉ះពាល់ដល់កម្ពុជា ខណៈដែលអ្នកឆ្លើយសំណួរ ៦២ ភាគរយបានព្យាករអំពីកំណើនអាជីវកម្មរបស់ពួកគេក្នុងរយៈពេល ១២ ខែខាងមុខ ធៀបនឹង ៥៦ ភាគរយកាលពីឆ្នាំ ២០២១។ ទំនុកចិត្តកាន់តែវិជ្ជមានបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ បើទោះវាមិនអាចត្រឡប់ទៅរកកម្រិតមុនកូវីដ (៧២ ភាគរយ) នោះនៅឡើយទេ។
យោងតាមការស្ទង់មតិទំនុកចិត្តអាជីវកម្មឆ្នាំ ២០២៣ ដោយ EuroCham Cambodia គឺទំនុកចិត្តធុរកិច្ចនៅកម្ពុជាជាទូទៅមានភាពវិជ្ជមាន ដោយអាជីវកម្មភាគច្រើនបានសម្រេចតាមទិសដៅកំណត់រកប្រាក់ចំណេញ ហើយភាគច្រើនមានសុទិដ្ឋិនិយមអំពីអនាគតរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ អាជីវកម្មកំពុងប្រឈមនឹងបញ្ហាខាងក្នុងដូចជាការធ្លាក់ចុះលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានកម្មករជំនាញ។ ក្រៅពីនេះ បញ្ហាប្រឈមជាសកលដូចជាអតិផរណា និងសង្គ្រាមនៅអ៊ុយក្រែន កម្ពុជាមិនបានគេចផុតឡើយ។
«ធុរកិច្ចនៅកម្ពុជាមានភាពធន់ និងបានបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ។ ដោយមានការគាំទ្រត្រឹមត្រូវពីរដ្ឋាភិបាលធុរកិច្ចក្នុងប្រទេសកម្ពុជាមានស្ថានភាពល្អក្នុងការទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ ហើយបន្តរីកចម្រើន និងវិបុលភាព»។ នេះបើយោងតាម EuroCham Cambodia។
ភាពងាយស្រួលក្នុងការធ្វើអាជីវកម្មនាពេលអនាគត ភាគរយនៃអ្នកឆ្លើយសំណួរដែលព្យាករថា ការធ្វើអាជីវកម្មនៅកម្ពុជានឹងកាន់តែលំបាកបានកើនឡើងបន្តិច (៣១ ភាគរយ ធៀបនឹង ២៩ ភាគរយកាលពីឆ្នាំ ២០២១) ខណៈអ្នកដែលព្យាករថា វានឹងមានភាពកាន់តែងាយស្រួលបានធ្លាក់ចុះ (២៧ ភាគរយ ពី ៣១ ភាគរយកាលពីឆ្នាំ ២០២១)។ នេះបង្ហាញថា មានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងពីភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។ នេះបើតាម EuroCham Cambodia។
យោងតាមរបាយការណ៍ ការយល់ឃើញអំពីការប្រកួតប្រជែងក្នុងតំបន់របស់កម្ពុជា មានការយល់ឃើញផ្សេងៗគ្នា។ ខណៈពេលទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនៃតម្លៃពលកម្មទាប អាជីវកម្មជួបការលំបាកក្នុងការទទួលបានកម្លាំងពលកម្មជំនាញ។
ទន្ទឹមនឹងនោះ លទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុគឺជាអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនៗ នៅពេលនេះមានតម្រូវការពីសហគមន៍ធុរកិច្ចដើម្បីទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងតំបន់។
លោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងក្នុងវេទិកាធុរកិច្ច កាលពីថ្ងៃទី ១១ ខែសីហាថា កម្ពុជាមានសក្តានុពលសេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ហើយវិស័យឯកជនគឺជាកម្លាំងចលករសំខាន់ដើម្បីចូលរួមក្នុងការអនុវត្តសេដ្ឋកិច្ចជាតិ។ លំហូរទុនវិនិយោគនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពល្អខ្លាំងធៀបនឹងប្រទេសសមាជិកអាស៊ានដទៃទៀត។
លោកថ្លែងថា៖ «យើងមើលឃើញថា ទោះបីមានវិបត្តិកូវីដ ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិក ក៏យើងនៅតែទទួលបានលំហូរវិនិយោគបរទេស។ តាមពិតយើងឃើញថា តួលេខដែលយើងបង្ហាញគឺយើងទទួលបានជិត ៤ ពាន់លានដុល្លារក្នុង ១ ឆ្នាំ ផ្នែកលំហូរវិនិយោគពីបរទេស។ កាលពីឆ្នាំ ២០២០ ក្នុងតំបន់អាស៊ាន មានការធ្លាក់ចុះយ៉ាងខ្លាំងប្រហែល ៤០ ភាគរយ ប៉ុន្តែយើងនៅតែមានស្ថិរភាពក្នុងរង្វង់ ៣,៦ ពាន់លានដុល្លារ»។
លោកបន្តថា នៅឆមាសទី១ វិនិយោគិនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ដោយសារពួកគេមានទំនុកចិត្តលើស្ថានភាពវិនិយោគនៅកម្ពុជា។ សម្រាប់ FDI ការវិនិយោគពីប្រទេសចិនមាន ៤២,១ ភាគរយ បន្ទាប់មកប្រទេសថៃ មានអត្រា ១,០៩ ភាគរយ, ជប៉ុន ០,៩៨ ភាគរយកោះកៃម៉ាន ០,៥២ ភាគរយ, សាម័រ ០,៥ ភាគរយ, កូរ៉េខាងត្បូង ០,៤៥ ភាគរយ, អង់គ្លេស (កោះ British Virgin) ០,៣២ ភាគរយ, សិង្ហបុរី ០,៣១ ភាគរយ និងប្រទេសម៉ាឡេស៊ី ០,១៩ ភាគរយ។
សម្រាប់ទុនវិនិយោគគិតនៅត្រឹម ៦ ខែដំបូងឆ្នាំ ២០២៣ មាន ១២៨ គម្រោង (១,២៥៤ពាន់លានដុល្លារ) ធៀបនឹង ១១១ គម្រោង(៣,១៣៥ ពាន់លានដុល្លារ) ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមតួលេខរបស់ CDC៕