ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣-២០២៨ នឹងជួយឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គសំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឱ្យកាន់តែមាន ភាពរស់រវើក។
នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងថ្ងៃទី ៤ ខែតុលា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មថ្មី ៤.០ បច្ចេកវិទ្យាឌីជីថលបានបោះជំហានទៅមុខយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះជំរុញការគ្របដណ្តប់ និងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែស្អិតល្មួត ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមក។
បច្ចុប្បន្នគ្រប់វិស័យនៃសេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជន និងជនបទ ព្រមទាំងបុគ្គលគ្រប់រូបសុទ្ធតែកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថលដែលបាន និងកំពុងប្រែក្លាយរបៀបក្នុងការធ្វើធុរកិច្ច ឬម៉ូដែលធុរកិច្ច, ការផ្លាស់ប្តូរទម្លាប់រស់នៅ រួមទាំងការប្រាស្រ័យទាក់ទង និងបំពេញការងារ, និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាពការងារ។
លោកបន្តថា មិនថាមានការអភិវឌ្ឍក្នុងកម្រិតណានោះទេ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬប្រទេសកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាឌីជីថលថ្មីៗដើម្បីផ្លាស់ប្តូរពីឧស្សាហកម្មបែបប្រពៃណី ទៅជាឧស្សាហកម្មទំនើបបានក្នុងរយៈពេលខ្លីតាមរយៈការប្រើប្រាស់៖ ១-ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាវិស័យចន្ទល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច, ២-ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលជាកាតាលីករក្នុងការគាំទ្រ និងជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច, និង ៣-ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់លទ្ធភាពឱ្យធុរជន និងវិនិយោគិនក្នុងស្រុកអាចភ្ជាប់ខ្លួនទៅនឹងខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល ក៏ដូចជា ស្វែងរកភាពច្នៃប្រឌិតក្នុងការផលិតទំនិញ និងការផ្តល់សេវាកម្ម។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឱ្យកាន់តែមានភាពរស់រវើក»។
យោងតាមលោក អូន ព័ន្ធមុនីរ័ត្ន គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ បានកំណត់គោលដៅចម្បងចំនួន ៤ ដោយចាត់ទុកការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើមឈើ ១ ដើម ឬហៅថា ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Tree) ដោយបានរួមបញ្ចូល៖ ១-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ដែលតំណាងដោយ «ដី», ២-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះដែលតំណាងដោយ «ឫស», ៣-ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ ដែលតំណាងដោយ «ដើម” និង ៤-ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលតំណាងដោយ «មែក»។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីកាន់តែសំខាន់នៅស្ទើគ្រប់ប្រតិបត្តិការនៅកម្ពុជា ពិសេសការធ្វើពាណិជ្ជកម្ម ខណៈចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុក៏មានភាពកាន់តែប្រសើរផងដែរ។ បច្ចេកវិទ្យានៅក្នុងវិស័យហិរញ្ញវត្ថុ បានជួយឱ្យការទិញ-លក់មានកាន់តែច្រើន និងធ្វើឡើងដោយគ្មានដែនកំណត់ និងមានលក្ខណៈជាសកលទៀតផង។ លោកបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យា គឺមិនត្រឹមតែចំណេញពេលវេលា និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរស់រវើកជាងមុនផងដែរ។
លោកថ្លែងថា៖«ក្នុងនាមសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ខ្ញុំសូមលើកទឹកចិត្តចំពោះសកម្មភាពនៃការបណ្តុះបណ្តាលឱ្យប្រជាជនខ្មែរចេះប្រើប្រាស់ប្រព័ន្ធអនឡាញ ឱ្យបានច្រើន ពិសេសការធ្វើពាណិជ្ជកម្ម»៕