ភ្នំពេញៈ ផ្នែកឯកជននៃក្រុមការងារ «គ» «ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា» កំពុងធ្វើការប្រមូលបញ្ហាប្រឈមនានាដែលកំពុងកើតមាននៅក្នុងប្រទេសដើម្បីរៀបចំជាសំណើរួមមួយបញ្ជូនទៅឱ្យអាជ្ញាធរពិនិត្យ និងអាចឈានទៅដោះស្រាយនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន នាពាក់កណ្តាលខែវិច្ឆិកាខាងមុខផងដែរ។
ការប្រកាសប្រមូលធាតុចូល និងបញ្ហាប្រឈមរបស់ «ផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា» នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារ «គ» «ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា» ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នៅទីស្នាក់ការនៃសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំដែលធ្វើឡើងតាមរយៈការចូលរួមផ្ទាល់ និងតាមប្រព័ន្ធ ZOOM នេះ គឺមាន លោក តែ តាំងប៉ សហប្រធានក្រុមការងារ «គ» ព្រមជាមួយនឹងការចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ, តំណាងសមាគមសហព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងក្រុមហ៊ុនផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
លោក តែ តាំងប៉ សហប្រធានក្រុមការងារ «គ» ផ្នែកឯកជន និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែតុលាថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះបានកំណត់យកផ្នែកឯកជន ពិសេសផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម (SME) ជាអាទិភាពដើម្បីជំរុញជួយកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខកាន់តែលឿន និងឈានទៅសម្រេចនូវចក្ខុវិស័យការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់ឆ្នាំ ២០៥០។ លោកបានបន្ថែមថា នៅកម្ពុជា SME បានគ្របដណ្តប់ប្រមាណជាង ៩០ ភាគរយនៃអាជីវកម្មសរុបនៅទូទាំងប្រទេស ដូច្នេះវាគឺជាផ្នែកដ៏សំខាន់ដែលរាជរដ្ឋាភិបាលកំពុងខិតខំជួយដោះស្រាយ។
លោកបញ្ជាក់ថា៖ «កិច្ចប្រជុំកាលពីថ្ងៃទី ៤ គឺដើម្បីប្រមូលបញ្ហាប្រឈម និងធាតុចូលថ្មីៗសម្រាប់ដាក់ជូនក្រសួងជំនាញនៅដើមសប្តាហ៍ក្រោយ នឹងឈានទៅកិច្ចប្រជុំនៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលគ្រោងរៀបចំនៅខែវិច្ឆិកាខាងមុខផងដែរ»។
លោកប្រាប់ទៀតថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យ SME នៅកម្ពុជាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) តែងតែចុះធ្វើការផ្សព្វផ្សាយ និងបង្រៀនបច្ចេកទេស និងចំណេះដឹងថ្មីជាច្រើនទៅដល់ប្រជាកសិករនៅតាមរាជធានី-ខេត្តទាំង ២៥ ដោយមិនគិតប្រាក់។ វគ្គបណ្តុះបណ្តាលទាំងនោះមានដូចជា ការកែច្នៃ, ដឹកជញ្ជូន, នីតិវិធីនាំចេញ, ការរៀបចំរបាយការណ៍ និងបញ្ជីពន្ធដារ ជាដើម។
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរស្វាគមន៍ឆ្នាំថ្មី ឆ្នាំថោះ កាលពីខែមេសាបានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ពិសេសប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ពីព្រោះសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មមានចំនួនច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសប្រទេសតូចៗ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាប្រភពចម្បងនៃការបង្កើតការងារ ជាថ្នាលបង្កើតទ្រព្យសម្បត្តិជាតិ និងជាតួអង្គដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្រួមវិសមភាពសេដ្ឋកិច្ចជូនប្រជាជនកម្ពុជាទូទៅ។ ជាលទ្ធផលរដ្ឋាភិបាលតែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូ មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕