ភ្នំពេញៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានកែតម្រូវការព្យាករសេដ្ឋកិច្ចមូលដ្ឋានរបស់ខ្លួនសម្រាប់តំបន់អាស៊ាន+៣ ថា នឹងកើនឡើង ៤,៣ ភាគរយនៅឆ្នាំនេះ ដោយធ្លាក់ចុះពីការព្យាករកាលពីខែកក្កដាចំនួន ៤,៦ ភាគរយ ដោយសារកំណើនខ្សោយជាងការរំពឹងទុកនៅក្នុងប្រទេសចិននាត្រីមាសទី២ ខណៈការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកម្រិតខ្ពស់ចំនួន ៥,៩ ភាគរយឆ្នាំនេះ។
ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំត្រីមាសខែតុលានៃសន្និសីទសារព័ត៌មានចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់អាស៊ាន+៣ (AREO) ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៤ ខែតុលា ទោះមានចក្ខុវិស័យប្រកបទៅដោយសុទិដ្ឋិនិយមសម្រាប់សេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំក្រោយក៏ដោយ ក៏កំណើនសេដ្ឋកិច្ចក្នុងតំបន់នឹងត្រូវបានគាំទ្រដោយអត្រាផលចំណូលដែលរំពឹងទុក ក្នុងការនាំចេញផលិតផល និងការកែលម្អសម្ទុះកំណើននៅក្នុងប្រទេសចិនផងដែរ។
តំបន់អាស៊ាន+៣ ត្រូវបានគេព្យាករថានឹងកើនឡើង ៤,៣ ភាគរយនៅឆ្នាំនេះធ្លាក់ចុះពីការព្យាករកាលពីខែកក្កដាដែលមាន ៤,៦ ភាគរយដែល ភាគច្រើនដោយសារតែកំណើនខ្សោយជាងការរំពឹងទុកនៅក្នុងប្រទេសចិននាត្រីមាសទី ២។AMRO រំពឹងថា សេដ្ឋកិច្ចតំបន់នេះនឹងកើន ៤,៥ ភាគរយនៅឆ្នាំ ២០២៤ ដោយសារឥទ្ធិពលនៃវិធានការគាំទ្រគោលនយោបាយរបស់ប្រទេសចិន ក្នុងការជំរុញតម្រូវការនៅក្នុងស្រុកឱ្យសម្រេចបានកាន់តែមានភាពពេញលេញ។
ការណ៍នេះរួមជាមួយនឹងការកើនឡើងបន្តិចម្តងៗនៃការប្រើប្រាស់ទំនិញដែលប្រើប្រាស់បានយូរនៅអាមេរិក និងការរំពឹងទុកនៃការស្ទុះងើបឡើងវិញនៃវដ្ដបច្ចេកវិទ្យាពិភពលោក គួរតែជំរុញការនាំចេញក្នុងតំបន់នៅឆ្នាំក្រោយចំពេលមានការរំពឹងទុកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
AMRO បានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើកម្រិតកំណើនមូលដ្ឋានសម្រាប់ឆ្នាំ ២០២៣ មានចំនួន ៥,៩ ភាគរយដែលជាកម្រិតខ្ពស់មួយនៅពីក្រោយប្រទេសអាស៊ាន ២ ផ្សេងទៀត គឺវៀតណាម ចំនួន ៦,៨ ភាគរយ និងហ្វីលីពីន ៦,២ ភាគរយ ខណៈការព្យាករនៅឆ្នាំ ២០២៤ សេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើន ៦,៧ ភាគរយ វៀតណាម ៧,១ ភាគរយ និងហ្វីលីពីនចំនួន ៦,៥ ភាគរយ។ជាមួយគ្នានេះ អតិផរណារបស់កម្ពុជាត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួន ៣,៣ ភាគរយក្នុងឆ្នាំ ២០២៣ និង ៣,១ ភាគរយនៅឆ្នាំ ២០២៤។
លោក Hoe Ee Khor ប្រធានសេដ្ឋវិទូនៅ AMRO បានថ្លែងថា៖«ទោះមានការបង្ហាញមិនសូវល្អជុំវិញប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ដោយ ក៏យើងត្រូវតែមើលអ្វីៗតាមចក្ខុវិស័យវិជ្ជមានផងដែរ»។ លោកបន្តថា៖ «ក្រៅពីវិស័យអចលនទ្រព្យ ការវិនិយោគលើវិស័យផលិតកម្មកំពុងកើនឡើងហើយការចំណាយរបស់អ្នកប្រើប្រាស់កំពុងចាប់ផ្តើមវិលមករកដំណើរការធម្មតាវិញហើយ ទាំងនេះគួរតែមានផលប៉ះពាល់ជាវិជ្ជមានលើបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ាន+៣»។
AMRO ក៏ព្រមានពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅអាមេរិកនិងក្នុងតំបន់ចាយប្រាក់អឺរ៉ូ ជាពិសេសនៅក្នុងបរិយាកាសដែលអត្រាការប្រាក់សកលកាន់តែខ្ពស់និងរយៈពេលកាន់តែយូរ។
បើតាមធនាគារពិភពលោក ដែលបានចេញផ្សាយការដាក់ឱ្យដំណើរការការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក កាលពីថ្ងៃទី ២ ខែតុលា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៥ភាគរយនៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនក្នុងអត្រា ៦,១ ភាគរយ។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត របស់ធនាគារពិភពលោកបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូថា កិច្ចព្រមព្រៀង RCEP តាមរយៈការបង្កើតលទ្ធភាពចូលទីផ្សារដែលអាចព្យាករបានកាន់តែធំ និងតាមរយៈការជំរុញកំណែទម្រង់មួយចំនួននៅក្នុងគោលនយោបាយផ្ទាល់ខ្លួនរបស់កម្ពុជាអាចត្រូវបានរំពឹងថា នឹងជួយទាំងការបង្កើតពាណិជ្ជកម្មថ្មី និងលំហូរនៃការវិនិយោគថ្មី ហើយសង្ឃឹមថានឹងជួយកម្ពុជាសម្រេចបានគោលដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួន។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលឃើញកម្ពុជាចាប់ផ្តើមបំបែកខ្លួនចូលទៅក្នុងវិស័យអេឡិចត្រូនិក ប៉ុន្តែកម្ពុជា ជាថ្មីម្តងទៀតគឺជាប្រទេសមួយដែលត្រូវការកែលម្អមូលដ្ឋានគ្រឹះរបស់ខ្លួនជាពិសេសទាក់ទងនឹងជំនាញ។ ទាំងនោះគឺជាកំណែទម្រង់ដែលមិនតម្រូវឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ ប៉ុន្តែជាកំណែទម្រង់ក្នុងស្រុក»៕