ភ្នំពេញៈ កម្ពុជា-ថៃ ប្តេជ្ញានឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងប្រទេសជិតខាងអាស៊ានទាំង ២ ពិសេសជំរុញការទូទាត់ឆ្លងដែន សំដៅលើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានទទួលជួបពិភាក្សាការងារជាមួយ លោក Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ក្នុងថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នៅធនាគារជាតិនៃកម្ពុជា។
«កិច្ចពិភាក្សាក្នុងជំនួបនេះបានផ្តោតសំខាន់ទៅលើកិច្ចការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង ២ នាពេលកន្លងមក និងការផ្លាស់ប្តូរទស្សនៈអំពីគំនិតផ្តួចផ្តើមថ្មីៗដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត សំដៅរួមចំណែកដល់ការរីកចម្រើនវិស័យធនាគារ និងសេដ្ឋកិច្ចនៃប្រទេសទាំង ២»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ចេញផ្សាយក្រោយកិច្ចប្រជុំ។
លោក Cherdkiat Atthakor បានរំលេចពីភាពលេចធ្លោរបស់លោកស្រីទេសាភិបាលដែលតែងផ្តួចផ្តើមបង្កើតគម្រោងថ្មីៗប្រកបដោយនវានុវត្តន៍ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា។ លោកក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាដែលបានខិតខំយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការដាក់ចេញបទប្បញ្ញត្តិនានា និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន រួមទាំងការបង្កើតសារមន្ទីរព្រះស្រីឦសានវរ្ម័នដែលបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីអត្ថប្រយោជន៍នៃការប្រើប្រាក់រៀល និងប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា។
លោកស្រី ជា សិរី បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អលើផ្នែកជាច្រើនដូចជា ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍លើការងារជំនាញ ការទទួលអាហារូបករណ៍សម្រាប់មន្ត្រីធនាគារជាតិនៃកម្ពុជាទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសថៃ ពិសេសកិច្ចសហការលើការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។
លោកស្រីថ្លែងថា៖ «ជាក់ស្តែង ប្រទេសថៃ គឺជាប្រទេសដំបូងគេដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងផ្ទេរប្រាក់ឆ្លងដែន ដែលកិច្ចសហការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍នៅក្នុងប្រទេសទាំង ២ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ស្របតាមគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន»។
កម្ពុជា និងថៃ កាលពីថ្ងៃទី ៦ ខែមិថុនា បានដាក់ឱ្យដំណើរ ការជាផ្លូវការដំណាក់កាលទី២ នៃប្រព័ន្ធទូទាត់លេខកូដ QR (ការឆ្លើយតបរហ័ស) ឆ្លងដែន។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រទេសដែលជាសមាជិកអាស៊ានទាំង ២ ក្នុងគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ក៏ដូចជាលំហូរពាណិជ្ជកម្មឆ្លងព្រំដែន និងទេសចរណ៍ផងដែរ។
បច្ចុប្បន្នប្រព័ន្ធនេះអាចធ្វើការទូទាត់តាម KHQR ដល់ពាណិជ្ជករចំនួន ៧,៦ លាននាក់នៅប្រទេសថៃ និងការទូទាត់ប្រាក់តាម ThaiQR ដល់ពាណិជ្ជករ ១,៥ លាននាក់នៅកម្ពុជា។ បើ តាម NBC ប្រព័ន្ធ KHQR និង ThaiQR គឺជាស្តង់ដាកូដ QR ជាសកលសម្រាប់ការទូទាត់លក់រាយនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។
កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ KHQR បន្ទាប់ពីបានដំណើរការសាកល្បង។
លោក Sanzhar Abdullayev ប្រធានផ្នែកកាត និងការទូទាត់តាមអេឡិចត្រូនិករបស់ធនាគារ ABA បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងកាលពីថ្ងៃទី ៨ សីហាថា បាគងបានជះឥទ្ធិពលជាវិជ្ជមានយ៉ាងខ្លាំងដល់បរិយាប័ន្នហិរញ្ញវត្ថុ ដោយបានផ្តល់មូលដ្ឋានគ្រឹះដ៏ងាយស្រួល និងសុវត្ថិភាពសម្រាប់ប្រតិបត្តិការ និងការទូទាត់ក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
លោកថ្លែងថា៖ «យើងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនេះ»។ លោកបានបន្ថែមថា៖ «ធនាគារ ABA បានក្លាយជាសមាជិកនៃគម្រោងបាគងកាលពីខែសីហា ឆ្នាំ ២០២០។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ ចំនួននៃប្រតិបត្តិការចូល និងចេញតាមរយៈបាគងមានចំនួន ៥០ លាននាក់ ខណៈចំនួនសរុបនៃប្រតិបត្តិការទាំងនេះលើសពី ១០ ពាន់លានដុល្លារ៕