ភ្នំពេញៈ ទោះបីវិបត្តិសេដ្ឋកិច្ចសកល និងតំបន់ដែលកើតឡើងពីជម្លោះភូមិសាស្ត្រនយោបាយកំពុងបន្តក៏ដោយ ក៏កម្ពុជានៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគដដែល ដោយក្នុងរយៈពេល ៩ ខែឆ្នាំនេះ អាចទាក់ទាញការវិនិយោគលើទ្រព្យសកម្មថេរចំនួន ៣,៧៦ ពាន់លានដុល្លារ កើន ៨,៦ ភាគរយពីចំនួន ៣,៤៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំមុន។
ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនាថ្ងៃទី ៧ ខែតុលា ឱ្យដឹងថា CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៩១ ក្នុងអំឡុងពេលពីខែមករា-ខែកញ្ញា ឆ្នាំ២០២៣ កើន ២៧ភាគរយពីគម្រោងចំនួន ១៥០ ក្នុងរយៈពេលដូចគ្នាឆ្នាំមុន។ វិនិយោគិនបរទេសឈានមុខគេចំនួន ៥ មកកម្ពុជា គឺប្រទេសចិន, ម៉ាឡេស៊ី, កោះ British Virgin Islands, សិង្ហបុរី និងវៀតណាម។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាគឺជាប្រជាជាតិមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានគម្រោងវិនិយោគបែបសេរី និងបើកចំហ ដែលជនបរទេសអាចកាន់កាប់ភាគហ៊ុន ១០០ ភាគរយលើការវិនិយោគរបស់ពួកគេដោយមិនចាំបាច់មានដៃគូក្នុងស្រុកដូចប្រទេសផ្សេងទៀតទេ។
លោកពន្យល់ថា ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលទើបតែដាក់ចេញច្បាប់វិនិយោគថ្មីកាលពីខែតុលា ឆ្នាំ ២០២១ ដែលជាឧបករណ៍វិនិយោគថ្មីបើកចំហជាងមុន និងផ្តល់របបលើកទឹកចិត្តកាន់តែច្រើន។
លោកប្រាប់ថា៖ «ជាការពិតយើងមិនបដិសេធទេថា បញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងកើតមាននៅពេលបច្ចុប្បន្នមិនប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ុន្តែអ្វីដែលយើងសង្កេតឃើញ គឺទោះបីមានឧបសគ្គពីបញ្ហាខាងក្រៅ ក៏កម្ពុជានៅតែមានការប្រុងប្រយ័ត្នក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពីបណ្តាប្រទេសក្នុងតំបន់»។
លោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជានៃ CDC បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយលោកបានចង្អុល បង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស ហើយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន។
លោកថ្លែងថា៖«ទោះបីមានវិបត្តិជំងឺកូវីដ ១៩ និងបញ្ហាភូមិសាស្ត្រនយោបាយ រួមទាំងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក ក៏កម្ពុជានៅតែរក្សាបានស្ថិរភាព លំហូរវិនិយោគបរទេស»។
សន្ទស្សន៍ភាពងាយស្រួលក្នុងការធ្វើធុរកិច្ច (EoDB) របស់កម្ពុជានៅតែមានភាពវិជ្ជមាន ទោះបីមានបញ្ហាប្រឈមខាងក្រៅ រួមទាំងអតិផរណាសកល និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ នេះបើតាមការស្ទង់មតិទំនុកចិត្តពាណិជ្ជកម្មក្នុងឆ្នាំ ២០២៣ ដោយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham)។
ការអង្កេតនេះបានបង្ហាញថា ខណៈពេលដែលក្រុមហ៊ុនភាគច្រើនបានបំពេញតាមគោលដៅរកប្រាក់ចំណេញរបស់ពួកគេ ហើយនៅតែមានសុទិដ្ឋិនិយមអំពីអនាគតនោះ បញ្ហាប្រឈមក្នុងស្រុកនៅតែបន្តកើតមាន។ បញ្ហាទាំងនេះរួមមានការធ្លាក់ចុះលទ្ធភាពទទួលបានហិរញ្ញប្បទាន និងលទ្ធភាពទទួលបានកម្មករជំនាញ។
យោងតាមការស្ទង់មតិ ៦២ ភាគរយនៃអ្នកឆ្លើយសំណួរ រំពឹងថា អាជីវកម្មរបស់ពួកគេនឹងកើនឡើងនៅឆ្នាំក្រោយ ដោយកើនឡើងពី ៥៦ ភាគរយនៅឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ សុទិដ្ឋិនិយមនេះមិនទាន់ត្រឡប់ទៅកម្រិតមុនការរីករាលដាលជំងឺកូវីដដែលមានចំនួន ៧២ ភាគរយនៅឡើយទេ៕