ផ្សារមូលបត្រកម្ពុជា (CSX) បានចូលរួមជាមួយក្រុមហ៊ុនមូលបត្រនានា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី «SMEs & Startups Go Public» ក្នុងគោលដៅអភិវឌ្ឍន៍ទីផ្សារភាគហ៊ុន ឱ្យកាន់តែរីកចម្រើន ក៏ដូចជាទាក់ទាញវិនិយោគិនបរទេស និងបង្កើនទំនុកចិត្តវិនិយោគ ពិសេសក្រុមហ៊ុនសក្តានុពលដែលមានចំណាប់អារម្មណ៍ទៅលើការកៀរគរទុនជាប្រភេទមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលតាមរយៈផ្សារហ៊ុន។
ថ្លែងក្នុងពិធីនេះ លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX)បានសម្ដែងនូវការសាទរ និងកោតសរសើរលើការផ្តួចផ្ដើមថ្មីនេះដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ជាមួយនឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងគោលដៅអភិវឌ្ឍន៍ទីផ្សារភាគហ៊ុនឱ្យកាន់តែរីកចម្រើន ហើយទាំងអស់នេះជាការបើកច្រកទ្វារកាន់តែធំទៅដល់វិនិយោគិន ក្រៅប្រទេស និងបង្កើនទំនុកចិត្តក្នុងការវិនិយោគ ពិសេសក្រុមហ៊ុនសក្តានុពលដែលមានចំណាប់អារម្មណ៍ទៅលើការកៀរគរទុនជាប្រភេទមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលតាមរយៈផ្សារហ៊ុន។
លោកថ្លែងថា៖ «មានតែតាមរយៈការលក់ភាគហ៊ុននៅក្នុងផ្សារហ៊ុនទេ ដែលម្ចាស់អាជីវកម្មមានឱកាសក្លាយជាសេដ្ឋីបានលឿន លើសពីនេះ វាធ្វើឱ្យក្រុមហ៊ុនមានស្តង់ដាខ្ពស់ ទទួលបានទំនុកចិត្តខ្ពស់ពីសាធារណជន និងជាលទ្ធផល ក្រុមហ៊ុននឹងមាននិរន្តរភាពយូរអង្វែង ព្រមទាំងងាយស្រួលក្នុងការផ្ទេរមរតកទៅដល់កូនចៅបានទៀតផង»។
លោកលើកឡើងថា៖ «ទីផ្សារមូលធននេះ អាចបំពេញតួនាទីជាអន្តរការីហិរញ្ញវត្ថុដូចនៅប្រទេសដទៃ ដែលអាចអនុញ្ញាតឱ្យ ម្ចាស់អាជីវកម្មអាចលក់ភាគហ៊ុនបានដល់រាប់រយ រាប់ពាន់លានដុល្លារក្នុង ១ឆ្នាំ អាចបង្កើតជាប្រភពចំណូលអកម្ម សម្រាប់ប្រជាពលរដ្ឋរាប់សែន រាប់លាននាក់, និងក្លាយជាច្រកចូលមួយ ដែលងាយទាក់ទាញវិនិយោគិនបរទេសដែលចង់រកឱកាស វិនិយោគនៅកម្ពុជា ដោយមិនចាំបាច់បង្កើតក្រុមហ៊ុន ឬសុំអាជ្ញាប័ណ្ណផ្សេងៗ»។
លោក Teng Cheng Yueh នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ម.ក បានលើកឡើងថា ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងជួយជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជូនទៅដល់ក្រុមហ៊ុនសក្ដានុពល និងសហគ្រាសធុនតូច និងមធ្យម សម្រាប់ដំណាក់កាលមុនការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ឬសញ្ញាបណ្ណសាជីវកម្ម ក៏ដូចជាទាក់ទាញវិនិយោគិនក្រៅប្រទេស ចូលរួមក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។
យោងតាមទិន្នន័យបានពីនិយ័តករមូលបត្រកម្ពុជា (SERC) គិតត្រឹមខែសីហានេះ ចាប់តាំងពីការចាប់ផ្តើមដំណើរការទីផ្សារមូលធននេះមក ប្រទេសកម្ពុជាទទួលបានក្រុមហ៊ុនសរុបចំនួន ២០ ដែលបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅលើទីផ្សារគោលដែលជាទីផ្សារសម្រាប់សហគ្រាសធំៗ និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន ដែលទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម) និងក្រុមហ៊ុនចំនួន ៩ ផ្សេងទៀត បានបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម។
បើតាម SERC ក្នុងចំណោមក្រុមហ៊ុនទាំងនេះ ទីផ្សារមួយនេះ ក៏មានក្រុមហ៊ុន Golden Tree Co.Ltd. ដែលបានបោះផ្សាយលក់សញ្ញាបណ្ណបៃតងដំបូងគេរបស់កម្ពុជា ស្របតាមស្តង់ដាសញ្ញាបណ្ណបៃតងអាស៊ាន។ ជារួម ក្រុមហ៊ុនទាំង ២០ នេះ ប្រមូលមូលនិធិបានចំនួន ៣២៨ លានដុល្លារ ពីទីផ្សារនេះ ហើយមូលធននីយកម្មទីផ្សារសរុបចំនួន ៣,០៨ ពាន់លានដុល្លារ ឬ ១០,៦៤ ភាគរយនៃផលិតផល ក្នុងស្រុកសរុបគិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
ជាមួយគ្នានេះ រហូតមកដល់ពេលនេះ SERC ក៏បានផ្តល់អាជ្ញាប័ណ្ណ ការអនុម័ត និង/ឬការទទួលស្គាល់ ដល់ក្រុមហ៊ុនដែលធ្វើអាជីវកម្ម និងផ្តល់សេវាកម្មក្នុងវិស័យមូលបត្រប្រមាណ ១៣០ ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនការជួញដូរឧបករណ៍និស្សន្ទ ក្រុមហ៊ុនដែលធ្វើអាជីវកម្មគម្រោង វិនិយោគរួម៕