ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង នៅក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជិត ៥០៤ លានដុល្លារ ធ្លាក់ចុះជាង ៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ប៉ុន្តែសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាគឺហក់ឡើងជិត ២១ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិពាណិជ្ជកម្មអន្តរជាតិរយៈពេល ៨ ខែរបស់ GDCE ឱ្យដឹងថា ទឹកប្រាក់នៃការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានសរុប ៥០៣,៧៥ លានដុល្លារ ធ្លាក់ចុះ ៨,៤ ភាគរយ។ កូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំទី១២ របស់កម្ពុជា ដែលនាំមុខដោយចិន អាមេរិក វៀតណាម និងថៃជាដើម។
យោងតាម GDCE ក្នុងចំនួនទឹកប្រាក់ខាងលើ គឺទំនិញកម្ពុជានាំទៅប្រទេសកូរ៉េ ចំនួន ១៨៩,៣៨ លានដុល្លារ កើន ២០,៩ ភាគរយ ចំណែកទំនិញកូរ៉េនាំមកកម្ពុជា ៣១៤,៣៧ លានដុល្លារ ធ្លាក់ចុះ ២០,១ ភាគរយ។ ផ្អែកតាមទិន្នន័យខាងលើគឺជញ្ជីងពាណិជ្ជកម្មកម្ពុជា បន្តមានឱនភាព ១២៤,៩៩លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ ឱនភាពជញ្ជីងពាណិជ្ជកម្មកម្ពុជា មានចំនួន ២៣៦,៦៩ លានដុល្លារ។
សម្រាប់ខែសីហា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៥៦,៦៩ លានដុល្លារធ្លាក់ចុះ ៩,២៣ ភាគរយបើធៀបខែសីហា ឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទៅកូរ៉េ ២៤,៦៩ លានដុល្លារ កើន ១៦,៦ ភាគរយ និងកូរ៉េនាំមកកម្ពុជា ៣២,០៥ លានដុល្លារ ថយចុះ ២២,៤ ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ៨ ខែតុលាថា ការកែសម្រួលប្រព័ន្ធច្បាប់វិនិយោគ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី បានជួយឱ្យកម្ពុជាក្លាយជាមេដែកក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនផ្ទាល់ និងបញ្ជាទិញទំនិញពីកម្ពុជាកាន់តែច្រើន។ លោកបន្តថា បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏បាននាំចេញផលិតផលកសិកម្មកាន់តែច្រើនទៅប្រទេសនានាលើពិភពលោក។
ភាគច្រើននៃទំនិញកម្ពុជានាំទៅកូរ៉េ គឺជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកសិផលជាដើម ចំណែកកូរ៉េនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងយន្តកសិកម្ម ផលិតផលអេឡិចត្រូនិក ឱសថ ភេសជ្ជៈ ជាដើម។
លោកថ្លែងថា៖ «ចំនួនទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទំនិញទៅប្រទេសកូរ៉េនារយៈពេលចុងក្រោយនេះបានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែវានៅតែទាបជាងការនាំចូលរបស់កូរ៉េ។ នេះជាបញ្ហាដែលកម្ពុជាត្រូវខិតខំធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនឱ្យមានកាន់តែច្រើនមុខថែមទៀត ដើម្បីអាចឆ្លើយតបគ្រប់ស្ថានភាពទីផ្សារនាំចេញ រួមទាំងប្រទេសកូរ៉េផងដែរ»។
ទាក់ទងនឹងចំណូលកម្ពុជាទាបជាងលោក វណ្ណៈ ប្រាប់ថា បើមើលទៅជញ្ជីងពាណិជ្ជកម្មកម្ពុជា-កូរ៉េ គឺកម្ពុជាមានឱនភាព ប៉ុន្តែចំនួននេះអាចត្រូវបានប៉ះប៉ូវវិញពីការផ្ញើប្រាក់ត្រឡប់របស់ពលករដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា មូលហេតុដែលទំហំពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះនៅស្ទើរគ្រប់ប្រទេសនៅក្នុងពេលនេះ គឺដោយសារឥទ្ធិពលនៃវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកលនានាដែលបានកើនឡើងជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកបន្តថា ទោះយ៉ាងណាសម្រាប់សកម្មភាពផលិតកម្ម និងការដឹកជញ្ជូននៅកម្ពុជា គឺមិនមានអ្វីជាបញ្ហាទេ អ្វីដែលជាបញ្ហានោះគឺការបញ្ជាទិញពីក្រៅប្រទេស។
លោកនិយាយថា៖ «ក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកមិនល្អ កម្ពុជាបាននិងកំពុងសម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ និងដឹកជញ្ជូនជាច្រើនរាប់ទាំងផ្លូវថ្នល់ ព្រលានយន្តហោះ និងកំពង់ផែ ជាដើម ដែលសមិទ្ធផលទាំងនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ទាប់ពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកប្រែល្អឡើងវិញ»៕