ភ្នំពេញៈ និយតករមូលបត្រកម្ពុជា(SERC) កំពុងដំណើរការពិនិត្យលើពាក្យស្នើសុំរបស់ក្រុមហ៊ុន CAMGSM Plc ដែលជាប្រតិបត្តិករទូរស័ព្ទចល័តនាំមុខគេគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកលើការបោះផ្សាយលក់មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) សម្រាប់វិនិយោគិនគុណវុឌ្ឍិដែលមានបុគ្គលធានាជាមួយនឹងទំហំទឹកប្រាក់មិនលើសពី ២០ លានដុល្លារអាមេរិកសម្រាប់រយៈពេល ១០ ឆ្នាំ។ ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយលក់មូលបត្របំណុលនេះ ក្រុមហ៊ុនមានគម្រោងយកមកប្រើសម្រាប់ពង្រីកបណ្ដាញសេវាទូរគមនាគមន៍ និងការធ្វើហិរញ្ញប្បទានឡើងវិញ។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៩ ខែតុលាថា បន្ទាប់ពីក្រុមហ៊ុន CamGSM ទទួលបានការយល់ព្រមពី CSX បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងពិនិត្យលើពាក្យស្នើសុំរបស់ក្រុមហ៊ុនមួយនេះ សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលរបស់ពួកគេ។
លោកបានថ្លែងថា៖«យើងនឹងព្យាយាមបញ្ចប់លើពាក្យស្នើសុំរបស់ពួកគេជាអ្វីដែលក្រុមហ៊ុនរំពឹងទុកសម្រាប់ការចុះបញ្ជី។ ទោះយ៉ាងណា អ្វីៗត្រូវតែត្រួតពិនិត្យ និងអនុម័តដោយស្ថាប័នរបស់យើង។ បច្ចុប្បន្នយើងកំពុងធ្វើការលើពាក្យស្នើសុំពួកគេ»។
លោកបន្តថា ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ SERC នឹងលើកឡើងសម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុ និងការយល់ព្រមពីអាជ្ញាធរសេវាមិនមែនហិរញ្ញវត្ថុ។ លោកអះអាងថា៖«នៅពេលដែលយើងទទួលបានការយល់ព្រមពីអាជ្ញាធរសេវាមិនមែនហិរញ្ញវត្ថុ យើងនឹងបន្តសម្រាប់រយៈពេលបរិវិសកម្មមុនពេលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ជាការពិត ក្រុមហ៊ុនបានធ្វើការងារច្រើនរួចហើយ ប៉ុន្តែយើងមិនអាចចេញសេចក្ដីជូនដំណឹងណាមួយបានទេនៅពេលនេះ ព្រោះយើងមិនទាន់បានអនុម័ត»។
យោងតាមសេចក្តីជូនដំណឹងស្តីពីការបោះផ្សាយលក់មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) របស់ CAMGSM Plc តាមរយៈ CSX នៅថ្ងៃទី ៩ ខែតុលា CAMGSM Plc គឺជាក្រុមហ៊ុនចុះបញ្ជីមួយដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីជូនដំណឹងដល់វិនិយោគិន និងសាធារណជនថា ក្រុមហ៊ុន CAMGSM Plcបានទទួលការអនុម័តពីក្រុមប្រឹក្សាភិបាលលើការបោះផ្សាយលក់មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) សម្រាប់វិនិយោគិនវុឌ្ឍិដែលមានបុគ្គលធានាជាមួយនឹងទំហំទឹកប្រាក់មិនលើសពី ២០ លានដុល្លារសម្រាប់រយៈពេល ១០ ឆ្នាំ។ ទឹកប្រាក់បានពីការបោះផ្សាយលក់មូលបត្របំណុលនេះ ក្រុមហ៊ុនមានគម្រោងយកមកប្រើប្រាស់សម្រាប់ពង្រីកបណ្ដាញសេវាទូរគមនាគមន៍ និងការធ្វើហិរញ្ញប្បទានឡើងវិញ។
ក្រុមហ៊ុនបញ្ជាក់ថា៖ «ក្រុមហ៊ុន CAMGSM Plc កំពុងដំណើរការស្នើសុំការយល់ព្រមពីនិយតករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដែលរំពឹងថា នឹងបញ្ចប់នៅដើមខែវិច្ឆិកា»។
លោក ហុង សុហួរ នាយកប្រតិបត្តិ CSX បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ តុលាថា ក្រុមហ៊ុន CamGSM គ្រោងនឹងបោះផ្សាយលក់សញ្ញាបណ្ណបៃតងសាជីវកម្មផ្តោតលើវិនិយោគិនស្ថាប័ន។
លោកថ្លែងថា៖ «យើងលើកទឹកចិត្តឱ្យក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលសាជីវកម្ម ដោយសារនីតិវិធីនៃការចុះបញ្ជីត្រូវបានសម្រួលសម្រាប់ពួកគេ។ វិនិយោគិនស្ថាប័នជាច្រើនរួមទាំងក្រុមហ៊ុនធានារ៉ាប់រងគាំទ្រដល់មូលបត្របំណុលសាជីវកម្ម ដោយសារមានស្ថិរភាព អត្រាការប្រាក់ខ្ពស់»៕