រយៈពេលជិត ២ ឆ្នាំហើយ ដែលកម្ពុជា និងចិន បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CCFTA) ជាផ្លូវការដែលបានចាប់ផ្តើមកាលពីដើមខែមករា ឆ្នាំ ២០២២ ដែលត្រូវបានគេសង្កេតថាមានការរីកចម្រើនយ៉ាងខ្លាំងជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគី និងលំហូរនៃការវិនិយោគពីប្រទេសចិន និងបណ្តាប្រទេសនានាមកកម្ពុជាក្នុង អំឡុងពេលនេះ។
កិច្ចព្រមព្រៀង CCFTA ត្រូវបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីចិន លោក Zhong Shan តាមរយៈវីដេអូកាលពីថ្ងៃទី ១២ តុលា ២០២០ ដោយមានលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ធ្វើជាសាក្សី។
នៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង CCFTA នេះ មុខទំនិញប្រមាណជា ៩៨ ភាគរយនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន និង ៩០ ភាគរយនៃការនាំចេញរបស់ប្រទេសចិន មកកម្ពុជា គឺរួចពន្ធ។ ប្រទេសទាំង ២ បាន ចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង CCFTA ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មកម្ល៉េះ។
វឌ្ឍនភាពនៃការនាំចេញ
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជាមួយ ភាគីចិន កម្ពុជាមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានតាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ ក្រៅពីនោះក្នុងនាមជាសមាជិក អាស៊ាន កម្ពុជាក៏មានកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌអាស៊ានដែលកម្ពុជាក៏ប្រើប្រាស់ច្រើនគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ បន្ថែមលើនេះទៀតកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដែលយើងហៅថា កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP)។
លោកថ្លែងបញ្ជាក់ថា ដូច្នេះបច្ចុប្បន្ន អ្នកនាំចេញបានប្រើប្រាស់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទាំង ៣ នេះទៅកាន់ទីផ្សារចិន។ លោកថា នៅក្នុងកិច្ចព្រមព្រៀងទាំង ៣ នេះ កិច្ចព្រមព្រៀងដែលគេចូលចិត្តប្រើប្រាស់ ជាងគេគឺកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីពហុភាគីឬហៅថា «កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ថ្នាក់តំបន់ (RCEP)» ដោយសារពីមុនប្រើប្រាស់ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន» ដូច្នេះ ទាំងកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និង RCEP បានផ្តល់បន្ទាត់ពន្ធរួចពន្ធច្រើនរួចទៅហើយ ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មានបន្ថែមបន្ទាត់ ពន្ធមួយចំនួនទៀត។
លោកបានថ្លែងថា៖ «យើងរំពឹងទុកថា ការប្រើប្រាស់បន្ទាត់ពន្ធផ្សេងៗក្រៅពីអ្វីដែលបានផ្តល់នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និង RCEP អ្នកនាំចេញនឹងប្រើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន។យើងសង្កេត ឃើញការនាំចេញមានកំណើនជាបន្តបន្ទាប់ទាំងមុខទំនិញ និងទំហំពាណិជ្ជកម្មជាទឹកប្រាក់»។
លោកថា ចំពោះការនាំចេញអង្ករ កម្ពុជាក៏បានទទួលកូតា ៤០ ម៉ឺនតោននោះ ឥឡូវនៅ ឆ្នាំបន្តបន្ទាប់អាចនឹងបង្កើនចំនួនកូតាបន្តទៅទៀត ខណៈ កសិផលដទៃទៀតមានដូចជាដំឡូងមី ស្វាយ ចេក មៀនប៉ៃលិនជាដើម សុទ្ធតែបានបង្កើនទាំងចំនួនទំនិញ និងទឹកប្រាក់ ទោះបីជាកម្ពុជាប្រើប្រាស់កិច្ចព្រមព្រៀង RCEP ក្តី។ បច្ចុប្បន្នកម្ពុជាបាននាំចេញផលិតផលវារីវប្បកម្មមួយចំនួនធំហើយទៅកាន់ទីផ្សារចិន ដែលកន្លងមកក្រសួងកសិកម្មធ្លាប់ បានប្រកាសថា ប្រទេសចិនអនុញ្ញាតឱ្យនាំចេញរហូតដល់ទៅ ១១ មុខនៃផលិតផលជលផល។
«យើងរំពឹងទុកថា យើងនឹងប្រើប្រាស់ឱ្យអស់លទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីបង្កើន និងបំពេញបន្ថែមឱ្យគ្នាទៅវិញ-ទៅមកក្នុងករណីដែលទំនិញខ្លះមិនបានទទួលអត្រាពន្ធសូន្យនៅក្នុងកិច្ចព្រមព្រៀងណាមួយនោះ។ ខ្ញុំនៅតែរំពឹងទុកថា ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ទាំងភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម ភាពជាដៃគូក្នុងក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ (Belt &Road) និងក្នុងកិច្ចព្រមព្រមទាំង ៣ ខាងលើនេះ សុទ្ធមានការបំពេញឱ្យគ្នាទៅវិញទៅមក»។
លោក កែន លូ អគ្គលេខាធិកាសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា FTA ជាមួយប្រទេសចិននឹងជំរុញយ៉ាងខ្លាំងដល់ការនាំចេញរបស់កម្ពុជា មិនត្រឹមតែក្នុងវិស័យកាត់ដេរប៉ុណ្ណោះទេ ក៏មានលំហូរនៃការវិនិយោគកាន់តែច្រើនពីប្រទេសចិន។
លោកបានលើកឡើងថា៖ «យើងនឹងមើលឃើញការវិនិយោគបន្ថែមទៀតក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មផ្សេងទៀត។ ខ្ញុំជឿជាក់ថា FTA នឹងជួយវិស័យផ្សេងទៀតច្រើនជាងវិស័យកាត់ដេរ»។
បរិមាណនៅមានកម្រិតដោយសាររបាំងអនាម័យ និងភូតគាមអនាម័យ
ពាក់ព័ន្ធអនាម័យ និងភូតគាមអនាម័យ គឺជាបញ្ហាមួយដែលជាបញ្ហាចម្បងសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារដ៏ធំជាងគេរបស់អាស៊ីមួយនេះ។បើតាមលោក ប៉ែន សុវិជាតិ បើទោះបីជាកាតព្វកិច្ចបញ្ហានេះស្ថិតក្នុងក្រសួងកសិកម្ម ប៉ុន្តែក្រសួងពាណិជ្ជកម្មដែលជាអ្នកសម្របសម្រួល ជូនដល់ផលិតករ និងអ្នកនាំចេញដោយធ្វើការសម្របសម្រួល យ៉ាងណាឱ្យភាគីចិនជួយសម្រួលការអនុវត្ត ឬការទទួលស្គាល់ទៅវិញទៅមកនូវលិខិតស្នាមពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យនេះដើម្បីសម្រួលដល់ការនាំចេញដល់ផលិតករ និងអ្នកនាំចេញ។
លោកបានថ្លែងថា៖«ជាលទ្ធផល បើតាមយើងសង្កេតជាទូទៅគឺមានការរីកចម្រើនទៅមុខហើយ ព្រោះថា ចំពោះទំនិញវារីវប្បកម្ម ឬទំនិញជលផលនោះ គឺភាគីចិនគេបានពិនិត្យនិងទទួលស្គាល់ និងបានណែនាំឱ្យមានការអនុវត្តត្រឹមត្រូវ។ ចំពោះប្រទេសចិន កសិផលមួយចំនួន ដូចជាចេក ឬស្វាយជាដើម ខាងក្រសួងកសិកម្មយើងបានណែនាំដល់ម្ចាស់ ចម្ការ ឬកសិដ្ឋានមកចុះបញ្ជីដើម្បីធ្វើយ៉ាងណាឱ្យភាគីចិនបានទទួលស្គាល់។ ដូច្នេះនៅពេលទំនិញដែលចេញពី ចម្ការ ឬកសិដ្ឋានទាំងនោះ គេនឹងទទួលស្គាល់គុណភាព និងអនាម័យតែម្តង»។
«សម្រាប់ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ថ្វីដ្បិតតែបញ្ហាអនាម័យ និងភូតគាមអនាម័យគឺជាឧបសគ្គមួយ សម្រាប់ការនាំចេញកសិផលរបស់យើង ប៉ុន្តែបញ្ហានេះពុំមែនជារឿងថ្មីទេ គឺគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកនៅពេលដែលគេអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា គឺតែងទុករបាំងខ្លះនៃ អនាម័យ និងភូតគាមអនាម័យដើម្បីអនុលោមភាពខាងផ្នែកបច្ចេកទេស និងភាពស្តង់ដាជាដើម ដើម្បីធ្វើយ៉ាងណា ឱ្យទំនិញ ដែលនាំចូលទៅប្រទេសគេ គឺមានសុវត្ថិភាព និងគុណភាពសម្រាប់ការប្រើប្រាស់ និងបរិភោគសម្រាប់អ្នកប្រើប្រាស់»។
លោកថា សម្រាប់ករណីនេះ ទាមទារឱ្យធ្វើការចរចាក្នុងរយៈពេលមួយ និងទាមទារឱ្យអ្នកផលិតរបស់កម្ពុជាបង្កើនគុណភាព នៃទំនិញដើម្បីឆ្លើយតបលក្ខខណ្ឌតម្រូវរបស់ចិន។
បញ្ហាឱនភាពពាណិជ្ជកម្ម
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិឈានមុខគេរបស់កម្ពុជា ដែលស្មើនឹង ២៥,៦ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ ២៧ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ប្រមាណ ៧ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន ៨១៤,៧ លានដុល្លារ កើនឡើង ១៦,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីប្រទេសចិនបានកើនឡើង ០,១ ភាគរយដល់ ៦ពាន់លានដុល្លារ។
តុល្យភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបង្ហាញឱនភាពចំនួន ៥,៤ ពាន់លានដុល្លារ ដែលធ្លាក់ចុះពី ៥,៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
បើយោងតាមការថ្លែងពន្យល់ របស់លោក ប៉ែន សុវិជាតិ ទាក់ទិននឹងឱនភាពជញ្ជីងពាណិជ្ជកម្មនេះ ដោយសារតែកម្ពុជាជាទីផ្សារមួយតូចដែលមិនមែនជាប្រទេសធំបើធៀបទៅនឹងទីផ្សារពិភពលោក ទាំងកម្លាំងទិញ និងកម្លាំងផលិត ជាពិសេស គឺការកើនឡើងនៃការនាំចូលដើម្បីបំពេញតម្រូវ ការក្នុងស្រុក ក៏ដូចជាវត្ថុធាតុដើមសម្រាប់វិស័យផលិតកម្ម ជាដើមចមធ្វើឱ្យការនាំចូលច្រើនជាងការនាំចេញ។
លោកបានលើកឡើងថា៖ «ជាការពិតណាស់យើងមិនអាចប្រៀបធៀបជញ្ជីងពាណិជ្ជកម្មនាំចេញនាំចូលរវាងទំនិញទីផ្សារចិន និងទំនិញនាំចូលពីចិនមកកម្ពុជានោះទេ យើងត្រូវពិចារណាបន្តិចអំពីតម្រូវការរបស់យើង ដោយសារយើង ជាប្រទេសទើបចាប់ផ្តើមមានតម្រូវការច្រើន ទាំងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងសម្ភារសំណង់ រថយន្តនិងទំនិញចាំបាច់ផ្សេងៗទៀត រួមទាំងសម្ភារទាក់ទងនឹងផលិតកម្មផងដែរ។ យើងក៏កំពុងទទួលបានវិនិយោគក្នុងការកែច្នៃលើការនាំចេញផងដែរ»។ នេះបើយោងតាមការលើកឡើងរបស់លោក ប៉ែន សុវិជាតិ។
អនាគតដ៏ត្រចះត្រចង់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិន កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា កន្លងមកនេះ។ ក្នុងដំណើរទស្សនកិច្ចនោះ លោកបានជួបជាមួយមេដឹកនាំកំពូលរបស់ចិន រួមមានលោកប្រធានាធិបតី ស៊ី ជិនភីង នាយករដ្ឋមន្ត្រី លី ឈាង និង ចាវ ជេលី ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍នៃសភាប្រជាជនចិន។
លោក ហ៊ុន ម៉ាណែត ក៏បានចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង ទីក្រុងតំបន់ស្វយ័តក្វាងស៊ីជាំង ភាគខាងត្បូងប្រទេសចិន ដែលបានដំណើរការកាលពីថ្ងៃ ១៦ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។
«ភាគីចិនអះអាងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអនុ វត្តបន្ថែមទៀតនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគម្រោងនានា ដូចជាផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។ ភាគីកម្ពុជាបានសម្តែងការអបអរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន»។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការ»៕