ភ្នំពេញៈ គម្រោងហាវែស III កំពុងគាំទ្រ និងជំរុញការធ្វើកសិកម្មឆ្លាតវៃ ដែលធន់នឹងអាកាសធាតុ តាមរយៈថាមពលសូឡា ជីធ្យូងអង្កាមនៅតាមខេត្តជាប់បឹងទន្លេសាប ដើម្បីបង្កើនការកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកែច្នៃដែលជាដៃគូរបស់គម្រោងហាវែស III។
កាលពីចុងសប្តាហ៍មុន គម្រោងហាវែស III បានរៀបចំដំណើរទស្សនកិច្ចសម្រាប់ក្រុមការងារការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារជំនួយអាមេរិក ទៅកាន់ទីតាំងចំនួន ១៣ ដែលជាដៃគូគម្រោងចំនួន ១១ ក្រុមហ៊ុន បានអនុវត្តសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងហាវែស III នៅថ្ងៃទី ៩ ខែតុលា។
សេចក្តីប្រកាសបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានសិក្សាពីអត្ថប្រយោជន៍ដែលកសិករខ្នាតតូចទទួលបានតាមរយៈការធ្វើកសិកម្មឆ្លាតវៃ ដែលធន់នឹងអាកាសធាតុ។ ក្រុមហ៊ុនទាំង ១១ ដែលស្ថិតនៅខេត្តជាប់បឹងទន្លេសាបទាំង៥ ដែលជាដៃគូរបស់គម្រោងហាវែស III និងកំពុងអនុវត្តការធ្វើកសិកម្មឆ្លាតវៃ ដែលធន់នឹងអាកាសធាតុនេះរួមមាន៖ ក្រុមហ៊ុនសូជី, ក្រុមហ៊ុនពេជ្រចិន្ត្រាហ៊ូតប្រូដាក់សិន, សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា, ក្រុមហ៊ុនណាវីតា, រោងម៉ាស៊ីនកិនស្រូវតាំងអៀងហួត, ក្រុមហ៊ុនមិសុតា, ក្រុមហ៊ុន Argosolar, ក្រុមហ៊ុន Husk, សិប្បកម្មគ្រឿងហ្លួង, ក្រុមហ៊ុន Agri House និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ បានឱ្យដឹងនៅថ្ងៃទី ៩ ខែតុលាថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារជំនួយអាមេរិក និងក្រុមការងាររបស់គម្រោងហាវែស III បានណែនាំឱ្យសិប្បកម្ម ងាកទៅប្រើប្រាស់ថាមពលសូឡា សម្រាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងសិប្បកម្ម ដែលជាផ្នែកមួយនៃការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសរបស់សហគ្រាសក្នុងស្រុក។
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ទទួលបានកញ្ចប់ថវិកាពីគម្រោងហាវែសនេះ ចំនួន២ដងរួចមកហើយ ដោយកាលពីគម្រោងហាវែស II ទទួលបាន ៦ ម៉ឺនដុល្លារ ខណៈដែលគម្រោងហាវែស III នេះ ទទួលបានប្រមាណ ១០ ម៉ឺនដុល្លារ សម្រាប់កិច្ចដំណើរអភិវឌ្ឍន៍ផលិតកម្ម សម្រាប់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។ អ្នកស្រី ឡៃហួត បញ្ជាក់ថា៖ «មុននឹងខាងគម្រោងគេណែនាំឱ្យប្រើប្រាស់ថាមពលសូឡា ជីធ្យូងអង្កាមនេះ យើងបានទិញត្រង់ស្វូរ ពីខាង EDC រួចទៅហើយ។
ការពិតយើងក៏ចង់ងាកទៅប្រើប្រាស់ថាមពលណា ដែលជួយដល់ភាពធន់នឹងអាកាសធាតុដែរ ព្រោះថា អ្នកបញ្ជាទិញយើង គឺខាងប្រទេសគេបានគិតគូរ ខ្លាំងណាស់លើសហគ្រាសផលិតណា ដែលគិតគូរដល់បរិស្ថាន»។ កញ្ញា សម្បត្តិ អមរៈ វិប្បស្សិនី ម្ចាស់សិប្បកម្មគ្រឿងហ្លួងក៏បានឱ្យដឹងដែរថា សិប្បកម្មរបស់កញ្ញាទទួលបានហិរញ្ញប្បទានពីគម្រោងកម្ពុជាហាវែស III ប្រមាណ ៧៥ ០០០ ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការកែលម្អដំណើរការសិប្បកម្ម ការបណ្តុះបណ្តាលកសិករ និងការបើកទីផ្សារបន្លែសម្រាប់ការនាំចេញ។
កញ្ញាបញ្ជាក់ថា៖ «គម្រោងកម្ពុជាហាវែស III នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគ្រាសផលិតនៅក្នុងស្រុកទាំងអស់ជាពិសេសសហគ្រាសធុនតូច និងមធ្យម សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍផលិតកម្មរបស់ខ្លួន។ សិប្បកម្មរបស់យើង ទទួលបានការគាំទ្រច្រើនពីគម្រោងនេះ ដែលមិនត្រឹមតែថវិកានោះទេ តែមានទាំងការគាំទ្រលើបច្ចេកទេស និងការងារមួយចំនួនទៀតផងដែរ»។
សូមជម្រាបថា គម្រោងកម្ពុជាហាវែស III (Harvest III) ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិក USAID ដែលមានរយៈពេល ៥ ឆ្នាំត្រូវបានគេរំពឹងថា នឹងជួយបង្កើនទុនវិនិយោគ ១៥៣ លានដុល្លារដល់ផ្នែកឯកជន ហិរញ្ញប្បទានទាក់ទងទៅនឹងកសិកម្ម និងការលក់ផលិតផលកសិកម្ម ព្រមទាំងអាចបង្កើតការងារបាន ៣ ២០០ កន្លែង។
Harvest III នឹងធ្វើការជាមួយអ្នកផលិត និងសមាគមអ្នកផលិត កសិពាណិជ្ជកម្ម អ្នកផ្តល់សេវាកម្ម និងបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ និងភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ។
គម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយផ្នែកឯកជនឱ្យបង្កើនទុនវិនិយោគប្រមាណ ៣៨ លានដុល្លារ ទុនសម្រាប់ហិរញ្ញប្បទានទាក់ទងនឹងវិស័យកសិកម្ម ១៥ លានដុល្លារ និងការលក់នៅតាមកសិដ្ឋាននានា និងផ្នែកឯកជនចំនួន ១០០ លានដុល្លារ៕