ភ្នំពេញៈ ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា (CRF) និងអ្នកក្នុងឧស្សាហកម្មធំៗសង្ឃឹមថា អង្ករក្រអូប និងអង្ករសរីរាង្គកម្ពុជានឹងទទួលបានចំណែកទីផ្សារនៅអឺរ៉ុបកាន់តែច្រើន បន្ទាប់ពីមានការចាប់អារម្មណ៍ច្រើននៅក្នុងពិព័រណ៍ពាណិជ្ជកម្មស្បៀងអាហារ Anuga ឆ្នាំ ២០២៣ នៅប្រទេសអាល្លឺម៉ង់ ដែលជាពិព័រណ៍ពិភពលោកឈានមុខគេមួយនៅអឺរ៉ុប ដោយបង្ហាញពីពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២២ ដល់អ្នកទិញ និងអ្នកប្រើប្រាស់។
ដោយមានការជួយជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ CRF បានដឹកនាំរោងម៉ាស៊ីនកិនស្រូវឈានមុខគេចំនួន ៨ និងក្រុមហ៊ុននាំចេញទៅចូលរួមការតាំងពិព័រណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី ៧-១១ ខែតុលា នៅទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមលោក ចាន់ សុឃាំង ប្រធាន CRF បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែតុលា។
លោកបានថ្លែងថា៖ «យើងបានដឹកនាំក្រុមហ៊ុនចំនួន ៨ ដើម្បីដាក់តាំងបង្ហាញអង្កររបស់យើងដើម្បីទាក់ទាញអ្នកទិញដែលចូលរួមក្នុងពិព័រណ៍ស្បៀងអាហារអន្តរជាតិនៅទីក្រុងកូឡូញនៃប្រទេសអាល្លឺម៉ង់ដែលជាពិព័រណ៍ដ៏ធំបំផុតនៅអឺរ៉ុប។ មានប្រទេសជាង ២០០ ចូលរួម ហើយគេរំពឹងថា នឹងមានពាណិជ្ជករចូលរួមក្នុងការផ្គូផ្គងអាជីវកម្មរវាង ៣០០ ០០០-៤០០ ០០០ ឬ ៨ ០០០ក្រុមហ៊ុនបង្ហាញផលិតផលរបស់ពួកគេក្នុងរយៈពេល ៥ ថ្ងៃសម្រាប់ពិព័រណ៍មួយនេះ។ នេះជាឱកាសដ៏ល្អសម្រាប់យើងក្នុងការស្វែងរកដៃគូ»។
លោកបន្ថែមថា៖ «យើងសង្កេតឃើញមានដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលជាច្រើនបានចូលរួមក្នុងពិព័រណ៍នេះ។ យើងក៏ធ្វើបទបង្ហាញអំពីសក្ដានុពលនៃវិស័យស្រូវអង្កររបស់យើងដែរ។ យើងទទួលបានការគាំទ្រពីសហគ្រាសខ្មែរ និងដោយមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ វាជាពិព័រណ៍អន្តរជាតិ ដូច្នេះយើងរំពឹងថា នឹងទាក់ទាញអ្នកទិញអង្ករពីយើងកាន់តែច្រើន ហើយយើងនឹងរង់ចាំមើលនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតបន្ទាប់ពីពិព័រណ៍នេះ ពួកគេនឹងទាក់ទងមកយើង»។
លោក សុង សារ៉ន ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជាក្រុមហ៊ុននាំចេញឈានមុខមួយ ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងពិព័រណ៍នេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពុជាទទួលបានឱកាសច្រើនក្នុងការបង្ហាញអង្ករក្រអូបគុណភាពខ្ពស់ និងអង្ករសរីរាង្គដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ និងអ្នកទិញនៅអឺរ៉ុប ខណៈអង្ករទាំង២ប្រភេទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ។
លោកបញ្ជាក់ថា៖ «សហព័ន្ធស្រូវអង្ករកម្ពុជាទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដែលអនុញ្ញាតឱ្យយើងបង្ហាញអង្ករក្រអូបរបស់យើង (អង្ករផ្ការំដួលដែលឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២២ អង្ករសែនក្រអូប ១ និងអង្ករសរីរាង្គ) បានចូលរួមក្នុងការតាំងពិព័រណ៍នេះ ដើម្បីជំរុញការនាំចេញរបស់យើងទៅអឺរ៉ុប ដែលជាទីផ្សារមានសក្តានុពលខ្ពស់»។
លោកបានបន្តថា៖«ក្រុមហ៊ុន Amru Rice ភាគច្រើនផ្តោតលើអង្ករសរីរាង្គ ដោយសារតែយើងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងទីផ្សារនេះ ព្រោះស្តង់ដាគុណភាពខ្ពស់របស់យើង។ យើងសង្ឃឹមថា ជាមួយនឹងស្តង់ដាខ្ពស់របស់យើង ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប និងប្រទេសផ្សេងៗទៀត»។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៤៥៦ ៥៨១ តោន ដែលនាំចេញដោយក្រុមហ៊ុនចំនួន ៥៥ ទៅគោលដៅចំនួន ៥៧ ដែលគិតជាទឹកប្រាក់បានចំនួន ៣២៧,៤៥ លានដុល្លារ។ ក្នុងនោះនាំចេញទៅប្រទេសចិន និងហុងកុងចំនួន ១៥៥ ៣៦៦ តោន គិតជាប្រាក់ចំនួន ៩៩,៦៥ លានដុល្លារ ទៅប្រទេសនៅទ្វីបអឺរ៉ុប (២៦ ប្រទេស )បានចំនួន ១៩០ ៧៨៨ តោន គិតជាប្រាក់ចំនួន ១៣៨,៩៨ លានដុល្លារ។
ខណៈការនាំចេញទៅប្រទេសសមាជិកអាស៊ានចំនួន ៥ ប្រទេស មានបរិមាណ ៤៥ ៣០៦ តោន គិតជាប្រាក់ ៣១,៣២ លានដុល្លារ។
លើសពីនេះទៅទៀតការនាំចេញទៅកាន់គោលដៅផ្សេងទៀតដូចជាអ្រាហ្វិក និងមជ្ឈិមបូព៌ា (២៤ ប្រទេស) បានចំនួន ៦៦ ៣៣១ តោន គិតជាប្រាក់ចំនួន ៥៧,៤៩ លានដុល្លារ។
ស្របពេលជាមួយគ្នានេះដែរកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០៧៧ ៤១៥ តោន គិតជាទឹកប្រាក់ ៨៦២,៣៩ លានដុល្លារ ដែលក្នុងនោះជាង ៥៩ ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕