ភ្នំពេញៈ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានថ្លែងថា នៅក្នុងឆ្នាំនេះ ធនាគារជាតិនៃកម្ពុជារំពឹងថា នឹងអាចភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសនេះជាមួយប្រទេសចិន សិង្ហបុរី និងឥណ្ឌាបន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាបានអនុវត្តការទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន ៣ រួចមកហើយ។
លោកស្រី អគ្គទេសាភិបាល បានថ្លែងបែបនេះនៅក្នុងពេលលោកស្រី ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។
លោកស្រី ជា សិរី បានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាហិរញវត្ថុបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។
បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើបដិវត្តន៍កម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ តួយ៉ាងបច្ចុប្បន្ន ប្រទេសកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងតាមរយៈប្រព័ន្ធបាគងជាមួយនឹងប្រទេសថៃ ឡាវ និងវៀតណាមរួចមកហើយ។
លោកស្រី បានបញ្ជាក់ថា៖«នៅយុគសម័យសកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុបានបោះជំហានយ៉ាងលឿន បានក្លាយជាកាតាលីករជំរុញការគ្របដណ្ដប់ និងការតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក»។
លោកស្រីបានបន្តថា ទន្ទឹមនឹងនេះ ប្រព័ន្ធបាគង ក៏ត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំបន់ផងដែរ ដោយបច្ចុប្បន្ននេះ មានការទូទាត់ជាមួយនឹងប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ហើយកំពុងតែបន្តភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូដទៃទៀតដើម្បីសម្រួលដល់ពលករធ្វើការនៅក្រៅប្រទេសអាចផ្ញើប្រាក់មកក្រុមគ្រួសារដោយតម្លៃសេវាទាប ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។
លោកស្រី ជា សិរី បញ្ជាក់បន្ថែមថា៖«បច្ចេកវិទ្យាហិរញ្ញវត្ថុបានធ្វើបដិវត្តន៍កម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេស,ការផ្ទេរប្រាក់ឆ្លងដែនកាន់តែឆាប់រហ័សជាងមុន កម្រៃសេវាទាប និងប្រកបដោយតម្លាភាព ជាពិសេសដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស។សម្រាប់ឆ្នាំនេះ យើងនឹងមានប្រទេសចិន សិង្ហបុរី និងឥណ្ឌា»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា ការពង្រីកវិសាលភាពទូទាត់ប្រាក់ឆ្លងដែនជាមួយបណ្តាប្រទេសនានានៅលើសកលលោក ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយកន្លងទៅប្រទេសកម្ពុជាបានធ្វើជាមួយថៃ ឡាវ និងវៀតណាមរួចហើយ។
លោកបានបញ្ជាក់ថា៖ «អេស៊ីលីដា ត្រូវបានរើសដោយធនាគារជាតិសម្រាប់ដៃគូសហប្រតិបត្តិការក្នុងការទូទាត់ឆ្លងដែនជាមួយប្រទេសឥណ្ឌា ជាមួយស្ថាប័នមួយដែលមានឈ្មោះថា NPCI international payment (NIPL) របស់ប្រទេសឥណ្ឌាតាំងពីខែឧសភាមកម្ល៉េះ។ វាជាមោទនភាពជាតិមួយដែលរូបិយប័ណ្ណរបស់យើងអាចទៅទូទាត់នៅប្រទេសផ្សេងដែលជាដៃគូសហប្រតិបត្តិការរបស់យើង»។
បើតាមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា (NBC) បានបង្កើតឡើងនូវប្រព័ន្ធទូទាត់បាគង ដើម្បីផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់អាចទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុបានភ្លាមៗតាមរយៈការស្គេន QR Code បានយ៉ាងងាយស្រួល។
សូមបញ្ជាក់ផងដែរថា តាមការអះអាងរបស់លោកស្រី ជា សិរី បច្ចុប្បន្ននេះប្រព័ន្ធបាគង បានបើកលទ្ធភាពដល់អ្នកប្រើប្រាស់ដល់ជាង ១០ លាននាក់ ខណៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ចំនួនប្រតិបត្ដិការក្នុងប្រព័ន្ធបាគង មានជាង ៣៥ លាន ៤ សែនប្រតិបត្តិការ និងទំហំទឹកប្រាក់ប្រតិបត្ដិការសរុបមានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិកស្មើនឹង ៦៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈទំហំប្រាក់ប្រតិបត្ដិការទូទាត់ឌីជីថលសរុបស្មើនឹង ៨៩២ ភាគរយនៃ GDP ក្នុងរយៈពេលដូចគ្នា៕