មណ្ឌលគិរីៈ ជាទូទៅដំណាំស្លាត្រូវបានប្រជាពលរដ្ឋខ្មែរដាំជាលក្ខណៈគ្រួសារសម្រាប់ពិសាជាមួយម្លូតាមទំនៀមទម្លាប់ពីបុរាណប៉ុណ្ណោះ។ ក៏ប៉ុន្ដែបច្ចុប្បន្ន មានកសិករខ្លះបានដាំដំណាំប្រភេទនេះជាលក្ខណៈចម្ការ ហើយផលផ្លែរបស់វាត្រូវបាននាំចេញទៅកាន់បរទេស ជាពិសេសប្រទេសចិនទៀតផង។ «ផ្លែស្លារបស់ខ្ញុំនាំទៅកាន់ប្រទេសចិនគេយកវាទៅធ្វើជាស្ករគ្រាប់ស្លា តែមានចំនួនតិចតួចនៅឡើយទេ»។ នេះគឺជាការលើកឡើងរបស់លោក ជាង ណារ៉ា ម្ចាស់ចម្ការស្លានៅក្នុងខេត្តមណ្ឌលគិរី។
លោក ជាង ណារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា លោកបានដាំដើមស្លាចំនួន ៦ ពាន់ដើម ដែលជាពូជខ្មែរនៅក្នុងស្រុកលើផ្ទៃដីទំហំ ៧ ហិកតា នៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ដំណាំស្លានេះត្រូវការទឹកនិងដីមានសំណើមទើបវាដុះលូតលាស់បានល្អហើយបើគិតពីការចាប់ផ្ដើមដាំកូនទៅគឺត្រូវប្រើពេលជាង ៤ ឆ្នាំទើបវាឱ្យផល។
លោកបានឱ្យដឹងថា គិតរហូតមកទល់ពេលនេះគឺលោកបានដាំដំណាំនេះអស់រយៈពេល ៧ ឆ្នាំមកហើយ។ចំណែកការលក់ដូរទិន្នផលវិញ គឺលោកមានដៃគូជាអ្នកប្រមូលទិញ ដើម្បីនាំចេញទៅលក់បន្ដនៅប្រទេសចិន ។ ទោះជាយ៉ាងណា លោកមិនអាចកំណត់ថា នាំទៅម្តងៗចំនួនប៉ុន្មានតោនទេ ព្រោះដើមស្លារបស់លោកផ្តល់ផ្លែក្នុង ១ ដើមបានប្រហែល ១០ គីឡូក្រាមប៉ុណ្ណោះ។
លោកបានប្រាប់ថា៖ «ខ្ញុំមានដៃគូចិនគាត់អ្នកប្រមូលទិញ។ គេទិញផ្លែស្លាខ្ចីយកទៅធ្វើស្ករគ្រាប់ស្លាសម្រាប់បៀមទំពាហូបតែជនជាតិផ្សេងៗទៀតគេមិនចូលចិត្តទេ»។
បើតាមលោក ណារ៉ា ដំណាំស្លាមិនសូវពិបាកក្នុងការថែទាំទេ ហើយដីតំបន់ខ្លះសឹងតែមិនចាំបាច់ប្រើជីក៏បានដែរ។ ដូចជាបើដាំនៅតំបន់ភ្នំមិនបាច់ថែទាំប៉ុន្មានទេ ដោយសារមានភ្លៀងច្រើន និងជាតំបន់ដីក្រហម។ តែបើជាតំបន់សម្បូរដីខ្សាច់ សម្បូរថ្ម មិនសូវមានទឹកវិញក៏ពិបាកដាំដែរ ព្រោះដំណាំស្លាវាត្រូវការទឹកឬដីមានសំណើមទើបវារស់បានល្អ។
ទោះបីយ៉ាងណាក្ដី លោក ណារ៉ា ក៏បានត្អូញត្អែរដែរថា កាលពីមុនមានការរាតត្បាតដោយជំងឺកូវីដ ផលផ្លែស្លារបស់លោកមានការងាយស្រួលក្នុងការលក់ទៅឱ្យដៃគូចិនគ្រាន់បើដែរ ដោយក្នុងទម្ងន់ ១ តោន (ស្លាស្រស់ទាំងសម្បក) លោកអាចលក់បានពី ១ ពាន់ដុល្លារឬជាង ១ ពាន់ដុលា្លរ។ ប៉ុន្តែក្រោយពីស្ថានភាពជំងឺកូវីដ ១៩ ស្ងប់ស្ងាត់ ស្រាប់តែផ្លែស្លាបែរទៅជាពិបាកលក់ទៅវិញដោយក្នុង ១ គីឡូក្រាមលក់បានតែ ២ ០០០ រៀល ឬ ១ តោនថ្លៃត្រឹមតែ ៥០០ ដុល្លារប៉ុណ្ណោះ ព្រោះបើតាមលោកដឹង នៅប្រទេសចិនឥឡូវ ខាងក្រសួងសុខាភិបាលរបស់គេបានហាមការហូបស្ករគ្រាប់ផលិតពីផ្លែស្លាដោយសារទំពាយូរទៅវាធ្វើឱ្យសឹកក្រអូមមាត់អាចកើតជាដំបៅបាន។
ចំពោះទីតាំងដាំវិញ មិនមែនមានតែនៅក្នុងខេត្ដមណ្ឌលគិរីប៉ុណ្ណោះទេ តែដំណាំស្លាក៏មានដាំនៅខេត្តត្បូងឃ្មុំ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយក៏មានដាំនៅខេត្តកំពតផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ណារ៉ា។
លោកបានប្រាប់ថា សម្រាប់ទីផ្សារនៅក្នុងស្រុកវិញគឺលោកមិនធ្លាប់បានលក់ដូរទេ ព្រោះការលក់ក្នុងស្រុកភាគច្រើនឈ្មួញយកតែផ្លែស្លាចាស់ៗធ្វើជាចំណិតស្លាក្រៀម ហើយបើអតិថិជនវិញគឺមានតែមនុស្សចាស់ប៉ុណ្ណោះដែលតែងតែជាវយកទៅហូប ឬប្រើប្រាស់នៅក្នុងរដូវការឬបុណ្យទានផ្សេងៗ។
«ប៉ុន្តែអនាគតទៅមុខទៀតខ្ញុំសន្និដ្ឋានថាចាស់ៗជំនាន់ក្រោយអាចត្រឹម ២ ជំនាន់អីទៀតប្រហែលជាលែងសូវមានអ្នកហូបស្លាទៀតហើយ»។ លោកបានបន្ថែមថា៖ «សម្រាប់ពូជស្លានៅក្នុងស្រុកមានពូជផ្លែមូល និងពូជផ្លែស្រួច [គូទ] ហើយឈ្មួញចិនគេទិញតែផ្លែស្លាស្រួចស្រស់ទេ។ ប៉ុន្តែមួយរយៈពេលក្រោយៗមកនេះទីផ្សារផ្លែស្លាក៏មិនជាស្ថិតស្ថេរប៉ុន្មានដែរទេ»។
លោក ជួប រិទ្ធី ប្រធានការិយាល័យផ្សព្វផ្សាយនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តត្បូងឃ្មុំបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ មានស្រុកតំបែរ ស្រុកត្បូងឃ្មុំ មានដាំដំណាំស្លាច្រើនដែរ តែមិនទាន់ចាត់ជាចម្ការទេ អាចថាជាដាំលក្ខណៈគ្រួសារនៅឡើយ និងមាននៅក្នុងស្រុកមេមត់តិចតួចទេ។ចំពោះផ្លែស្លាភាគច្រើនពួកគាត់លក់នៅក្នុងមូលដ្ឋាននិងចែកចាយទៅកាន់ទីផ្សារនៅក្រៅដែរដូចជាចែកចាយទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀតក៏មានដែរ។
ពួកគាត់មិនលក់ជាផ្លែស្រស់ទេគឺគាត់កែច្នៃជាចំណិតក្រៀមលក់ឱ្យម៉ូយរបស់គាត់។ លោកប្រាប់ថា៖ «សម្រាប់ការលក់ដូរលើទីផ្សារពីរឿងតម្លៃអី គឺដូចជាមិនមានបញ្ហាអីនៅឡើយទេ។ ខ្ញុំមិនទាន់ដឹងថាគាត់ត្អូញត្អែរពីតម្លៃយ៉ាងម៉េចគឺខ្ញុំមិនទាន់ដឹងទេ តែទៅថ្ងៃខាងមុខប្រែប្រួលតម្លៃយ៉ាងម៉េចនោះខ្ញុំមិនទាន់ហ៊ានជម្រាបជូនទេ»។
ជុំវិញដំណាំស្លានេះលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា ពាក់ព័ន្ធនឹងរឿងស្លានេះក៏មិនខុសអីពីដំណាំទំពាំងបាយជូរដែរ ព្រោះវាជាប្រភេទដំណាំដែលតូចហើយមិនមែនជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាទេ។ ដូច្នេះក្រសួងកសិកម្មក៏មិនមានទិន្នន័យច្បាស់លាស់ណាមួយដើម្បីបញ្ជាក់ដែរ។
លោកបានឱ្យដឹងថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាមួយចំនួនដូចជា ដំណាំស្រូវ ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំម្រេច រួមទាំងដំណាំយុទ្ធសាស្ត្រមួយចំនួនទៀត ដែលក្រសួងបាញ់ឆ្ពោះទៅទីផ្សារនាំចេញ។ដំណាំខាងលើជាដំណាំដែលក្រសួងកសិកម្មផ្សព្វផ្សាយ ហើយជំរុញចង់ឱ្យបងប្អូនប្រជាកសិករចូលរួមដាំឱ្យបានល្អជាងមុន។
លោកបានបញ្ជាក់ថា៖ «ដោយយើងមានជាខ្សែចង្វាក់ផលិតកម្មយើងមានការគាំទ្រ។ដោយឡែកដំណាំផ្សេងៗដែលមិនស្ថិតនៅក្នុងបញ្ជីនៃដំណាំយុទ្ធសាស្ត្ររបស់យើង គឺយើងមិនលើកទឹកចិត្ត ហើយក៏មិនមានការគាំទ្រច្រើនដែរ។តែយើងមិនបដិសេធក្នុងការដែលបងប្អូនប្រជាកសិករចង់ធ្វើអ្វីដាច់ដោយឡែករៀងៗខ្លួនឡើយ»៕