ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញវាយនភណ្ឌវិស័យកាត់ដេរ ស្បែកជើង និងសម្លៀកបំពាក់ចេញពីកម្ពុជា បានធ្លាក់ចុះក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ ដោយហេតុនៃការធ្លាក់ចុះតម្រូវការសកលនៅគ្រប់ប្រទេសគោលដៅនាំចេញទាំងអស់ជាពិសេស នៅទីផ្សារអឺរ៉ុប និងអាមេរិក។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ការនាំចេញសម្លៀកបំពាក់បានថយចុះ ជាង១៧ភាគរយ,ស្បែកជើង និងភាគបំណែកស្បែកជើង ថយចុះជាង២៥ភាគរយ,កាបូប ថយចុះជាង១៣ភាគរយ និងផលិតផលវាយនភណ្ឌផ្សេងទៀតថយចុះជាង៧ភាគរយ។
របាយការណ៍បានបញ្ជាក់ថា រយៈពេល៩ខែនេះ ការនាំចេញសម្លៀកបំពាក់សម្រេចបានក្នុងទំហំទឹកប្រាក់ ជាង៥៩២៩ លានដុល្លារ,ស្បែកជើង និងភាគបំណែកស្បែកជើង សម្រេចបានជាង៩៩១លានដុល្លារ, ផលិតផលកាបូប បានជាង១២២៣លានដុល្លារ និងផលិតផលវាយនភណ្ឌផ្សេងទៀតសម្រេចបានជាង៣២៥លានដុល្លារ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះថា តម្លៃនាំចេញវិស័យកាត់ដេរ ដែលបានធ្លាក់ចុះនេះ គឺបង្ហាញពីការធ្លាក់ចុះតម្រូវការសកលនៅគ្រប់ប្រទេសគោលដៅនាំចេញទាំងអស់ជាពិសេស នៅទីផ្សារអឺរ៉ុប និងអាមេរិក។
លោក បានអះអាងថា ការធ្លាក់ចុះនេះបណ្តាលមកពីការងើបឡើងវិញនៃសេដ្ឋកិច្ចសកល នៅមានល្បឿនយឺត និងនៅមានភាពមិនប្រាកដប្រជាជាពិសេសនៅប្រទេសគោលដៅនាំចេញរបស់កម្ពុជា ហើយការធ្លាក់ចុះជានិន្នាការសកលមិនមែនតែកម្ពុជាទេ តែជាបញ្ហាតំបន់ និងពិភពលោក។
លោកបានបញ្ជាក់ថា៖«តម្រូវការបញ្ជាទិញរបស់ពិភពលោកបានធ្លាក់ចុះនៅឆ្នាំ២០២៣ នេះ។ ការធ្លាក់ចុះការនាំចេញនេះ បានធ្វើឱ្យប៉ះពាល់ដល់រោងចក្រសហគ្រាស និងការងារបងប្អូនកម្មករ និយោជិតមួយចំនួន ដោយការព្យួរកិច្ចសន្យា ការងារដោយផ្នែក និងរយៈពេលខ្លីណាមួយ។ ដើម្បីជួយរក្សា លំនឹងអាជីវកម្ម ក៏ដូចជាជួយរក្សាលំនឹងជីវភាពបងប្អូនកម្មករ រាជរដ្ឋាភិបាលនៅបន្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនបងប្អូនកម្មករនិយោជិតដែលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកលនេះ»។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ការធ្លាក់ចុះ នៅក្នុងវិស័យកាត់ដេរ ជាពិសេសផ្នែកផលិតផលស្បែកជើងមានការធ្លាក់ចុះច្រើនជាងគេ គឺជាង២៥ភាគរយនេះ មិនមែនបណ្តាលមកពីកត្តាក្នុងស្រុកនោះទេ តែមូលហេតុគឺបណ្តាលមកពីការធ្លាក់ចុះនៃការបញ្ជាទិញពីក្រៅប្រទេស។
លោកបានបញ្ជាក់ថា៖«កត្តាសំខាន់ជាងគេបំផុត ដែលនាំឱ្យមានការធ្លាក់ចុះនេះ គឺកត្តាពិភពលោក មានន័យថា ស្ទើរតែគ្រប់ប្រទេសទាំងអស់មានចំណូលធ្លាក់ ហេតុនេះហើយធ្វើឱ្យប្រជាជននៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប នៅអាមេរិក និងប្រទេសមួយចំនួនទៀតកាត់បន្ថយការចំណាយរបស់ខ្លួន កាត់បន្ថយការប្រើប្រាស់មិនចាំបាច់ ដូចជាស្បែកជើង កាបូប ជាដើម»។
លោកបានបន្ថែមថា កត្តាមួយទៀតដែលបានធ្វើឱ្យការនាំចេញវិស័យកាត់ដេរធ្លាក់ចុះដែរនោះ គឺក្រោយវិបត្តិកូវីដ១៩ បែរជាកើតមានសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិក ជាទីផ្សារធំសម្រាប់កម្ពុជា។
លោក លី ឃុនថៃ បានបញ្ជាក់ថា៖ «សមាគម មានការព្រួយបារម្ភខ្លាំងដែរ ចំពោះការធ្លាក់ចុះនេះ ខណៈដែលបច្ចុប្បន្ន សមាគមកំពុងខិតខំស្វែងរកអ្នកបញ្ជាទិញនៅតាមបណ្តាប្រទេសផ្សេងៗទៀត ដើម្បីជំរុញកំណើននៃការនាំចេញឡើងវិញនាពេលខាងមុខ»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តាមរបាយការណ៍ថ្មីមួយរបស់ IMF ចេញផ្សាយក្នុងខែតុលានេះ សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍បានធ្លាក់ចុះ ពីកំណើន ២,២ភាគរយ ក្នុងឆ្នាំ២០២២ មកត្រឹម ១,៥ភាគរយ ក្នុងឆ្នាំ២០២៣នេះ និងបន្តថយចុះមក ត្រឹម ១,៤ភាគរយ នៅឆ្នាំ២០២៤ខាងមុខ ដែលនាំឱ្យប៉ះពាល់ជាអវិជ្ជមានដល់គ្រប់ប្រទេសទាំងអស់ដែលនាំចេញ ផលិតផលកាត់ដេរ។ ជាក់ស្ដែងប្រទេសវៀតណាម៦ខែដើមឆ្នាំ២០២៣ មានការធ្លាក់ចុះ១៥,៧ភាគរយ, ឥណ្ឌូនេស៊ី ធ្លាក់១៩,២ភាគរយ, ស្រីលង្កាធ្លាក់១៤,៦ភាគរយ ហើយពិភពលោកទាំងមូលធ្លាក់ចុះ ១៣,៥ភាគរយ៕