កាលពីថ្ងៃចន្ទ តម្លៃមាសបានកើនឡើងដូចការរំពឹងទុក ដោយបានឡើងយ៉ាងរហ័សដល់តម្លៃ ១៨៦៣,៤៦ ដុល្លារ (ក្នុងមួយអោនស៍) កើនឡើងប្រហែល ៤០ ដុល្លារ បើធៀបនឹងតម្លៃបិទផ្សារសប្តាហ៍មុន។ បន្ទាប់ពីបានបង្កើតតម្លៃខ្ពស់ជាថ្មីនៅ ១៨៦៥,៤១ដុល្លារ នៅថ្ងៃអង្គារ មាសបានប្រែប្រួលនៅតម្លៃប្រហែល ១៨៥៩ ដុល្លារ គិតត្រឹមថ្ងៃពុធ។
ការកើនឡើងនេះ គឺដោយសារមានបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងការចុះខ្សោយនៃប្រាក់ដុល្លារ។ ជាទូទៅ នៅពេលដែល មានសង្គ្រាមធំៗ វិនិយោគិនមានទំនោរលក់ភាគហ៊ុន និងទិញមាសទុកវិញ ដែលធ្វើឱ្យតម្រូវការមាសកើនឡើង។
ម្យ៉ាងវិញទៀត សារព័ត៌មាន KITCO កាលពីថ្ងៃអង្គារ បានរាយការណ៍ថា មាសត្រូវបានគាំទ្រដោយភាពទន់ខ្សោយនៃប្រាក់ដុល្លារ និងការធ្លាក់ចុះនៃទិន្នផលនៃប័ណ្ណរតនាគាររយៈពេល ១០ ឆ្នាំ។ លើសពីនេះ សមាជិករបស់ធនាគារកណ្ដាលអាមេរិក លោក Raphael Bostic បានឆ្លើយតបនឹងសំណួរទាក់ទងនឹងការដំឡើងអត្រាការប្រាក់នៅឆ្នាំនេះថា៖«ខ្ញុំពិតជាមិនគិតថា យើងត្រូវការដំឡើងអត្រាការប្រាក់ទៀតទេ» ដែលបានឆ្លុះបញ្ចាំងពីជំនឿរបស់គាត់ថា ធនាគារកណ្តាលលែងត្រូវការដំឡើងអត្រាការប្រាក់ទៀតហើយ ក៏ដូចជាកត្ដាដែលធ្វើឱ្យតម្រូវការប្រាក់ដុល្លារធ្លាក់ចុះផងដែរ។
តាមលក្ខណៈបច្ចេកទេសវិញ គិតត្រឹមថ្ងៃពុធ តម្លៃមាសស្ថិតក្នុងចន្លោះពី ១៨៤៥ ទៅ ១៨៧០ ដុល្លារ (ក្រាបតម្លៃរយៈពេល ១ ម៉ោង) ខណៈដែលទីផ្សាររំពឹងថា និន្នាការបច្ចុប្បន្នគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។
ដូច្នេះ សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ កម្រិតតម្លៃខ្ពស់ (Resistance) របស់មាស អាចនឹងទៅដល់ ១៨៨០ និង ១៩០០ ដុល្លារ៕