​ភ្នំពេញៈ ក្រុមហ៊ុន​អាជីវកម្ម​ជាង ៣​ ម៉ឺន​ ដែលមាន​ដើមទុន​សរុប​ជិត ៩​ ពាន់​លាន​ដុល្លារ​ បានទទួល​ជោគជ័យ​លើ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​​វិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ ខណៈ​កាលពីដើមឆ្នាំ ​២០២៣ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹមតែ ២០ ៦៩៣ និង​មាន​ដើមទុន​ជាង ៥,៨១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម Online Business Registration Service​។​

​បើតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់ Online Business Registration Service គិត​ត្រឹម​ថ្ងៃទី​ ៩ ខែតុលា ឆ្នាំ​ ២០២៣ ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​សរុប ៣០​ ២១៧ ស្មើនឹង​ដើមទុន​ចុះបញ្ជី​សរុប ៨,៨១​ ពាន់​លាន​ដុល្លារ​។ កាលពីដើមឆ្នាំ​ ២០២៣ (​ថ្ងៃទី ​២ ខែមករា​) ក្រុមហ៊ុន​ដែល​បានទទួល​ជោគជ័យ​លើ​ការចុះបញ្ជី មាន​ ២០ ៦៩៣ ​ក្រុមហ៊ុន និង​មាន​ដើមទុន​ចុះបញ្ជី ៥,៨១​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម​តារាង​គឺ​ក្នុងចំណោម​ទុនវិនិយោគ​ទាំង ៨,៨១​ ពាន់​លាន​ដុល្លារ គឺ​ផ្នែក​សាងសង់​អគារ មាន​ដើមទុន​ប្រមាណ ១,១ ​ពាន់​លាន​ដុល្លារ ស្មើ ១២,៤ ​ភាគរយ​, សកម្មភាព​សេវាកម្ម​ស្នាក់នៅ ៩៤៥ ​លាន​ដុល្លារ ស្មើនឹង ១០,៧​ ភាគរយ ផ្នែក​អចលនទ្រព្យ​(​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) ៩៤៥​ លាន​ដុល្លារ ស្មើ ១០,៧ ​ភាគរយ​,​សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៨៥ ​លាន​ដុល្លារ ស្មើ ​៥,៥​ ភាគរយ​, កម្មន្តសាល​សម្លៀក​បំ​​ពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៤៥៥ ​លាន​ដុល្លារ ស្មើនឹង ៥,២​ ភាគរយ​, និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន​ប្រមាណ ៤,៨៩​ ពាន់​លាន​ដុល្លារ ស្មើ ៥៥,៥​ ភាគរយ​។​

Online Business Registration Service ឱ្យដឹងទៀតថា ក្រៅពីនេះ​ក្រុមហ៊ុន​ខាងលើ ក៏មាន​ក្រុមហ៊ុន ​១៦ ៨៨៦ ​ផ្សេងទៀត​ដែល​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក និង​ចំនួន ២ ត្រូវបាន​បដិសេធ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែតុលា​ថា នៅពេល​គ្រប់​អាជីវកម្ម​ត្រូវបាន​ចុះបញ្ជី គឺ​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ទាំង​សម្រាប់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ជាពិសេស​ជួយ​ឱ្យគេ​អាច​ដឹង​អំពី​ចំនួន​ប្រភេទ​អាជីវកម្ម​ដែល​កំពុងមាន​ប្រតិ​ប​ត្តិ​ការ​ដើម្បី​អាជ្ញាធរ​រៀបចំ​គោល​នយោបាយ​ក្នុងការ​កំណត់​ពន្ធ បើក​វគ្គ​បណ្តុះបណ្តាល ឬ​ដាក់ចេញ​នូវ​គោល​នយោបាយ​ជួយ​គាំទ្រ​ជាដើម​។​

​លោក​ថ្លែងថា​៖«​តាមរយៈ​ទិន្នន័យ​នេះ គឺ​វា​នឹង​ជួយ​ឱ្យ​ការប្រកួតប្រជែង​កាន់​តែមាន​តម្លាភាព​ជាង​មុន ខណៈ​នីតិវិធី​ចុះបញ្ជី​ក៏ត្រូវ​បាន​សម្រួល​កាន់តែ​ងាយស្រួល​ផងដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​ ២០២៣-២០២៨ កាលពី​ថ្ងៃទី​ ១០ ខែតុលា បានលើកឡើង​ពី​កម្លាំងចលករ​ដ៏​សំខាន់​របស់​អ្នក​ប្រកប​អាជីវកម្ម​សម្រាប់​សេដ្ឋកិច្ច​ជាតិ និង​បាន​ជំ​រុញឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ទៅ​ចុះបញ្ជី​ដើម្បី​អាចឱ្យ​រដ្ឋាភិបាល​មាន​ព័ត៌មាន និង​អាចជួយ​រក​ដោះស្រាយបាន​ទាន់ពេលវេលា​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​៕