ភ្នំពេញៈ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក នៅក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ៧ ពាន់លានដុល្លារ ធ្លាក់ចុះតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិរបស់ GDCE ឱ្យដឹងថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំង ២ មានទឹកប្រាក់សរុប ៧,០៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣ ភាគរយធៀបនឹងរយៈពេល ៩ ខែឆ្នាំ ២០២២ ដែលមាន ៧,៣ ពាន់លានដុល្លារ ដែលនៅក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក មានតម្លៃ ៦,៩ ពាន់លានដុល្លារ ថយចុះ ២,១ ភាគរយ និងទំនិញអាមេរិកនាំមកកម្ពុជា ១៨១,០២ លានដុល្លារ ថយចុះ ២៧,៨ ភាគរយ។
បើផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៦,៧២ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួន ៦,៨ ពាន់លានដុល្លារ។ ប្រទេសអាមេរិកគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី ២ របស់កម្ពុជា ដោយមានចំណែក ២០,១៣ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ ដែលមានចំនួន ៣៥,១៦ ពាន់លានដុល្លារ។
ដោយឡែកក្នុងខែកញ្ញា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញនៃប្រទេសទាំង ២ មានទឹកប្រាក់សរុប ៨០៦,៧៥ លានដុល្លារ កើន ២៣,៦ ៨ភាគរយធៀបខែកញ្ញា ឆ្នាំ ២០២២ ដែលមាន ៦៥២,២៥ លានដុល្លារ ដោយក្នុងនោះកម្ពុជានាំទៅអាមេរិក ៧៨៦,១៧ លានដុល្លារ កើន ២៥,៦ ភាគរយ និងអាមេរិកនាំមកកម្ពុជា ២០,៥៨ លានដុល្លារ ធ្លាក់ចុះ ២២,៥ ភាគរយ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែតុលាថា បន្ទាប់ពីធ្លាក់ចុះការបញ្ជាទិញពីទីផ្សារអាមេរិកកាលពីឆមាសទី ២ ឆ្នាំ ២០២២ មកនៅពេលនេះអ្វីៗហាក់ចាប់ផ្តើមល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។ ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺមកពីវិបត្តិសេដ្ឋកិច្ចសកលដែលបង្ខំឱ្យប្រជាជនកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
លោកបន្តទៀតថា ដោយសារក្នុងចំនួនទឹកប្រាក់នៃទំហំពាណិជ្ជកម្មសរុប គឺមានជាង ៩០ ភាគរយជាការនាំចេញពីកម្ពុជា ដូច្នេះកម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការជំរុញការនាំចេញរបស់ខ្លួនឱ្យបានកាន់តែច្រើន តាមរយៈការធ្វើពិពិធកម្មលើគុណភាព តម្លៃ និងប្រភេទមុខទំនិញឱ្យមានលក្ខណៈចម្រុះកាន់តែច្រើន ខណៈបច្ចុប្បន្នទំនិញនាំទៅទីផ្សារអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌ។
លោកថ្លែងថា៖«ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចសកល គឺមិនមែនដោយសារតែសមត្ថភាពផលិត និងការនាំចេញរបស់កម្ពុជាធ្លាក់ចុះនោះឡើយ»។
លោកបានបន្តថា ម្យ៉ាងទៀតដោយសារផលិតផលនាំចេញរបស់កម្ពុជាទៅអាមេរិកមានទំនាក់ទំនងទៅនឹងការធ្វើដំណើរកម្សាន្តដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងកង់ ជាដើមនោះ ដូច្នេះនៅពេលវិស័យទេសចរណ៍ពិភពលោកមានដំណើរការល្អឡើងវិញ ការនាំចេញរបស់កម្ពុជាទៅអាមេរិកក៏អាចនឹងកើនឡើងវិញដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងទីក្រុងញូវយ៉ក បានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២ គឺពិតបានផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងទទួលបានអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រ និងកម្លាំងពលកម្មវ័យក្មេងដែលមានថ្លៃឈ្នួលទាបព្រមទាំងមានជំនាញសម្រាប់វិស័យកម្មន្តសាល។ ការណ៍នេះបានធ្វើឱ្យថ្លៃទំនិញផលិតកម្ពុជាមានតម្លៃទាបសម្រាប់អ្នកប្រើប្រាស់ ខណៈកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។
លោកបានបន្ថែមថា នេះជាឱកាសនោះល្អសម្រាប់វិនិយោគិន និងធុរជនសហរដ្ឋអាមេរិកមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។
លោកលើកឡើងថា៖ «បានឃើញម្ដង ប្រសើរជាងបានឮ ១ ពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា រាជរដ្ឋាភិបាលនឹងបន្តការគាំទ្រមុតមាំដល់កាលានុវត្តភាពសម្រាប់បង្កើតកិច្ចសហប្រតិបត្តិការ និងការពង្រីកធុរកិច្ចព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមទាំងចាស់ និងថ្មីដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជនឱ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល»។
ធនាគារពិភពលោក (WB) កាលពីពេលថ្មីៗនេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៣ នេះនៅកម្រិត ៥,៥ ភាគរយ បើទោះបីជាមានឧបសគ្គពីខាងក្រៅ ក៏កំណើនសេដ្ឋកិច្ចកម្ពុជានៅតែទទួលបាននូវសម្ទុះដែលគាំទ្រទៅដោយការស្ទុះងើបឡើងវិញក្រោយការរីករាលដាលជំងឺកូវីដនៃវិស័យសេវាកម្ម និងវិស័យទេសចរណ៍ជាដើម។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៩,២៨ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបនឹងឆ្នាំ២០២១ ដែលមាន ៧ ៨២៦,៤៩ លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំចេញមាន ៨,៩៧ ពាន់លានដុល្លារ កើន ១៩,៧ ភាគរយ និងនាំចូល ៣១២,៤៨ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨,៦៥ ពាន់លានដុល្លារ។ នេះបើតាម GDCE៕