ភ្នំពេញៈ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែលជា​ក្រុមហ៊ុន​រដ្ឋ​ចុះបញ្ជី​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX)​ បាន​រាយការណ៍​ការធ្លាក់​ចុះ​ ប្រាក់ចំណូល​ពី​អាជីវកម្ម​របស់ខ្លួន ​ក្នុង​រយៈពេល​ ៩​ ខែ ​ឆ្នាំនេះ​ដោយសារតែ​ភាពមិន​អំណោយផល​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ​ជះឥទ្ធិពល​ពី​ការបន្ត​អូសបន្លាយ​ពេល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន ​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​។​

​យោងតាម​របាយការណ៍​របស់​PPAP ផ្ញើ​ទៅកាន់​CSX កាលពី​ថ្ងៃទី​១៦​ ខែតុលា ​ប្រតិបត្តិ​ករ​កំពង់ផែ​ទន្លេ​មួយ​នេះ ​បាន​រាយការណ៍​ការធ្លាក់​ចុះ​ប្រាក់ចំណូល ​៧​ ភាគរយ​ក្នុង​រយៈពេល​ ៩​ខែ ​ឆ្នាំនេះ​ ដោយ​សម្រេចបាន​ជាង ​២៦,៤៤០​លាន​ដុល្លារ ​ធ្លាក់​ពី​ជាង ​២៨,៤៥៧​ លាន​ដុល្លារ​ អាមេរិក ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​

​របាយការណ៍​ដដែល​បាន​បង្ហាញថា​សម្រាប់​ចំណូល​សរុប​នេះ​គឺ​ចំណូល​ពី​ប្រតិបត្តិការ​ផែ (Port Operation) សម្រេចបាន​ជាង ​២២,៤​ លាន​ដុល្លារ​ ថយចុះ ​១១ ​ភាគរយ​; ចំណូល​ពី​អាជ្ញាធរ​ផែ (Port Authority) សម្រេចបាន​ជាង​៣,៤៨១​ លាន​ដុល្លារ​ កើនឡើង ​៩​ ភាគរយ​; ចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other services) សម្រេចបាន ​៥៥១៦៦៣ ​កើនឡើង​ ១៦០​ ភាគរយ​។​

​លោកស្រី​គឹម​សុ​ផានី​តា​នាយក​ផ្នែក​ទីផ្សារ​នៃ​CSX បាន​និយាយ​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កំណើន​យឺត​នៃ​ប្រតិបត្តិការ​របស់​ផែ​គឺ​គ្រាន់តែ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ និង​មិន​បង្ក​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រតិបត្តិការ​ទាំងមូល​រប​ស់​ផែ​ឡើយ​។​

​លោកស្រី​បានលើកឡើង​ថា​៖«​ខ្ញុំ​យល់ឃើញថា ​វា​ជាការ​ថមថយ​នៃ​ប្រាក់ចំណូល​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ដូច្នេះ​វិនិយោគិន​ គួរ​តាមដាន​នូវ​ប្រតិបត្តិការ​ជារួម​របស់​ក្រុមហ៊ុន​ទាំងមូល​ទើប​ដឹង​ច្បាស់ ​ខណៈដែល​យើង​មិនឃើញ​មាន​បញ្ហា​អ្វី​ទេ​។​ លើសពីនេះទៅទៀត​ ក្រុមហ៊ុន​នេះ ​ក៏​គួរ​បង្ហាញ​នូវ​ផែនការ​និង​ការរំពឹងទុក​របស់ខ្លួន ​នៅ​ត្រីមាស​បន្ទាប់​ ឬ​សម្រាប់ ​១​ ឆ្នាំនេះ ​តែម្តង​ដូច្នេះ​យើង​នឹង​មើលឃើញ​ប្រតិបត្តិការ​កាន់តែ​ប្រសើរ​ជាមិនខាន​»​។​

​យោងតាម​ឯកសារ​របស់​កំពង់ផែ​ផ្ញើ​ទៅ​ CSX នៅ​ថ្ងៃទី​១៦ ​ខែមករា បានឱ្យដឹងថា​កំពង់ផែ​នេះ ​បានទទួល​ការដឹកជញ្ជូន​ប្រេង​ឧស្ម័ន​ចំនួន ​៣១៥២៧១៣ ​តោន ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​កើនឡើង​ ២,៧៥​ ភាគរយ​នាវា​ដឹកទំនិញ​មាន​ចំនួន​ ៣២៧៨​ គ្រឿង​ កើនឡើង​ ១៩,៥០​ ភាគរយ​ ពី​ចំនួន ​២៧៤៣​ គ្រឿង​ នាវា​ដឹក​អ្នកដំណើរ​ចំនួន​ ៣៤២​ គ្រឿង​ធៀប​នឹង ​១៦​ គ្រឿង​ កើនឡើង ​២,០៣៧ ​ភាគរយ ទូ​កុងតឺន័រ​មួយចំនួន ​៣០៥០៣៩ TEU ពី​៣២៩០៤៣​ធ្លាក់ចុះ​៣​ភាគរយ​និង​អ្នកដំណើរ​មួយចំនួន ​១៤២៨២​ នាក់ ​ធៀប​នឹង ​៨៦៨​ នាក់​កើនឡើង ​១,៥៤៥​ ភាគរយ​។​

​សម្រាប់​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​២០២២​ក្រុមហ៊ុន​នេះ​ក៏បាន​ប្រកាស​ប្រាក់ចំណូល​បាន​ពី​សកម្មភាព​អាជីវកម្ម​មាន​ចំនួន​ជាង​៣៧​លាន​ដុល្លារ​កើនឡើង​២២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​បើ​ធ្វើការ​ប្រៀបធៀប ​PPAP បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ​១២,៧ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១​ កើនឡើង ​២៩​ ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០២០​និង​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន​ ៣៤៨៨៩៨ TEUs​ កើនឡើង​ជិត​២០,០​ភាគរយ​ពី​ចំនួន ​២៩០៨៥៧ TEUs ក្នុង​ឆ្នាំ​២០២០​ ដែល​បាន​កើតឡើង​បន្ទាប់ពី​មានការ​កើនឡើង​៣,៤៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩៕LA