ភ្នំពេញៈ កម្ពុជាបានចំណាយប្រាក់ជាង ១,១ពាន់លានដុល្លារ ទៅលើការនាំចូលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ពីទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កើនជាង ១១ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាម GDCE ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចូលទំនិញក្នុងជំពូក (HS ២ ខ្ពង់) លេខកូដ ៨៥ ដែលរួមមានម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា មានតម្លៃសរុប ១,១៤ ពាន់លានដុល្លារ កើន ១១,១ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១,០៣ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចូលទំនិញក្នុងជំពូកលេខកូដ ៨៥ គឺស្មើនឹង ៦,៣ ភាគរយនៃការនាំចូលសរុបរបស់កម្ពុជារយៈពេល ៩ ខែ ឆ្នាំ ២០២៣ ដែលមាន ១៨,២២ ពាន់លានដុល្លារ។ កាលពីរយៈពេល ៩ ខែ ឆ្នាំ ២០២២ ចំណែកទឹកប្រាក់នាំចូលរបស់ទំនិញក្នុងលេខកូដ ៨៥ គឺស្មើនឹង ៥,៣ ភាគរយនៃការនាំចូលសរុប ១៩,៣៦ ពាន់លានដុល្លារ។
GDCE ឱ្យដឹងទៀតថា សម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចូលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា មានទឹកប្រាក់ ១១៦,៣៣ លានដុល្លារ ធ្លាក់ចុះ ៧ ភាគរយធៀបនឹងខែកញ្ញា ឆ្នាំ ២០២២ ដែលមាន ១២៥,០៨ លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការបោះជំហានទៅមុខយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងតម្រូវការម៉ាស៊ីនសម្រាប់បម្រើឱ្យការផលិត និងការងារប្រចាំថ្ងៃ បានតម្រូវឱ្យកម្ពុជាបញ្ចេញប្រាក់ជាច្រើនរយលានដុល្លារក្នុង ១ ឆ្នាំៗដើម្បីនាំចូលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា។ លោកបន្តថា ផលិតផលម៉ាស៊ីន និងឧបករណ៍ខាងលើក៏ជាផ្នែកសំខាន់ក្នុងការជួយលើកកម្ពស់សមត្ថភាពផលិត ឬកែច្នៃទំនិញនាំចេញពីប្រទេសកម្ពុជា ទៅទីផ្សារអន្តរជាតិឱ្យមានបរិមាណកាន់តែច្រើនផងដែរ។
លោកថ្លែងថា៖ «កំណើនការនាំចូលផលិតផលទាំងអស់នេះ គឺជាផ្នែកមួយដែលនឹងជួយឱ្យសមត្ថភាពផលិតកម្មនៅកម្ពុជាមានកំណើនកាន់តែខ្ពស់»។
លោកបន្តថា ទន្ទឹមនឹងការនាំចូល កម្ពុជាក៏បាននាំចេញផលិតផលទាំងអស់ខាងលើទៅទីផ្សារអន្តរជាតិជាច្រើនលានដុល្លារផងដែរនាពេលកន្លងមក។
យោងតាម GDCE រយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញក្នុងជំពូក (HS ២ ខ្ពង់) លេខកូដ ៨៥ ដោយមានទឹកប្រាក់សរុប ២,៤៨ ពាន់លានដុល្លារ កើនឡើង ៩៣,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ១,២៨ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញជំពូកលេខកូដ ៨៥ គឺស្មើ ១៤,៦ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ដែលមានចំនួន ១៦,៩៤ ពាន់លានដុល្លារ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បាននិយាយថា បច្ចេកវិទ្យា គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី កំពុងមានតម្រូវការកាន់តែច្រើននៅកម្ពុជា ព្រោះវាបាននិងកំពុងចូលរួមនៅគ្រប់ប្រតិបត្តិការអាជីវកម្ម ខណៈចំណេះដឹងការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន នៅកម្ពុជាក៏មានកាន់តែច្រើន។
លោកនិយាយថា៖ «ម៉ាស៊ីន និងឧបករណ៍អគ្គិសនីកំពុងមានតម្រូវការកាន់តែច្រើននៅគ្រប់វិស័យ។ ការប្រើប្រាស់ម៉ាស៊ីនជួយឱ្យសមត្ថភាពផលិតកម្មនៅកម្ពុជាមានកាន់តែខ្ពស់ ខណៈការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិក៏នឹងកើនឡើងទៅតាមនោះដែរ»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជាប្រមូលបានប្រាក់ ២ ពាន់លានដុល្លារពីការនាំចេញផលិតផលដែលមានលេខកូដ ៨៥ កើន ៨៤,៨ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ១,០៨ ពាន់ដុល្លារ។ ទឹកប្រាក់នាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែករបស់វា ស្មើនឹង ៨,៩ ភាគរយនៃចំនួនទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាដែលមាន ២២,៤៨ ពាន់លានដុល្លារ៕