ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ បើកឱ្យដំណើរការ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី ដែលចំណាយទុនវិនិយោគ ១ ១០០ លានដុល្លារ ផ្តើមចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងចិន។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា៖ «ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការបើកទំព័រថ្មីមួយកម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា នៅលើទឹកដីសៀមរាបអង្គរ»។
លោក វិស្សុត បានបញ្ជាក់ទៀតថា៖ «ក្នុងថ្ងៃជាប្រវត្តិសាស្ត្រនេះ ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ខ្ញុំសូមជូនពរឱ្យមិត្តភាពនៃប្រទេសយើងទាំង ២ កម្ពុជា-ចិន កាន់តែរឹងមាំខ្លាំងក្លា និងស្ថិតស្ថេរជាដរាប»។
លោក វង្សី វិស្សុត បានអះអាងថា នេះគឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ ១៩ របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍។ ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នេះដែរ ក៏មានការចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, មន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត រួមទាំងតំណាងវិស័យឯកជនផ្នែកទេសចរណ៍ បានចូលរួមស្វាគមន៍អ្នកដំណើរដំបូងគេ ដែលបានហោះហើរចេញពីទីក្រុងបាងកក ប្រទេសថៃ តាមរយៈក្រមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវ៉េ។
លោក វង្សី វិស្សុត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១ ១០០ លានដុល្លារ ផ្តើមចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន។ ការវិនិយោគ លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ គឺជាមរតកមនុស្សជាតិ ដែលជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំង ២។
លោក វង្សី វិស្សុត បានថ្លែងថា ទោះបីជាមានការពន្យារពេលនៃដំណើរការសាងសង់នាអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ ក្តី តែការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះឡើង នៅតែប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឱ្យដឹងដែរថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤ អ៊ី (4E) និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)។
លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នេះ មានសមត្ថភាព ទទួលអាកាសយានចំនួន ៣៨ ចំណត, ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧ លាននាក់ក្នុងឆ្នាំ ២០២៤ និង ១២ លាននាក់ក្នុងឆ្នាំ ២០៤០ ខាងមុខ»។
លោក ហាវណ្ណាល់ បានថ្លែងបន្តទៀតថា៖ «អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០ ០០០ តោនក្នុងឆ្នាំ ២០២៤ និង ២៦ ០០០ តោន ក្នុងឆ្នាំ ២០៤០ ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥ ០០០ ជើង ក្នុងឆ្នាំ ២០២៤ និង ១១២ ០០០ ជើង នៅក្នុងឆ្នាំ ២០៤០ តាមការព្យាករទុក»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រ និង ៥១ គីទ្បូម៉ែត្រពីក្រុងសៀមរាប។
ពិធីសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិថ្មីនេះដែរ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិនផងដែរ៕