ភ្នំពេញៈ ក្រុមហ៊ុនចិនធំៗចំនួន ២ បានប្តេជ្ញាជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនទុនវិនិយោគប្រមាណ ៣ ៦០០ លានដុល្លារអាមេរិក ដើម្បីជាការរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិស័យថាមពលហ្គាស និងវិស័យហិរញ្ញវត្ថុ។
ក្រុមហ៊ុនចិនទាំង ២ នោះរួមមានក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលគ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួន ២ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ០០០លានដុល្លារអាមេរិក លើវិស័យថាមពលផលិតហ្គាស និងក្រុមហ៊ុន China Datang Corporation Ltd. ដែលគ្រោងនឹងបង្កើនការវិនិយោគលើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំង ២ នេះ បានធ្វើឡើងនៅក្នុងជំនួបរវាងប្រធានក្រុមហ៊ុននីមួយៗ ជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំងប្រទេសចិនកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។
យោងតាមលទ្ធផលនៃជំនួបដែលបានផ្សព្វផ្សាយតាមតេឡេក្រាមលោក ហ៊ុន ម៉ាណែត នាជំនួបនោះ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦ បានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើគម្រោងចំនួន ២ គឺទី១ គម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្គាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និងទី ២ អនុស្ថានីយតង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ។
លោកអះអាងថា ក្រុមហ៊ុនលោកប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លារអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧។
ដោយឡែកនៅថ្ងៃទី ១៧ តុលា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ចូលជួបពិភាក្សាការងារ ដោយក្នុងជំនួបនេះ លោក វ័ង ប៉ូ (Wang Bo) បានលើកឡើងថា នៅក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយ ក្រុមហ៊ុនកម្ពុជាចំនួន ២ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។
តាមរយៈជំនួប លោក វ័ង ប៉ូ បានអះអាងថា៖ «ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC សង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា»។
ក្រោយជំនួបទាំងនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនទាំង ២ នេះ នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញដោយក្នុងន័យនេះលោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «គម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុនទាំង ២ នេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ»។
តាមរយៈជំនួបរវាង លោក ហ៊ុន ម៉ាណែត ជាមួយបណ្តាក្រុមហ៊ុនចិនជាច្រើននេះដែរ លោក គិន ភា ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា វានឹងនាំមកនូវការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្មដ៏មានសារៈសំខាន់បន្ថែមទៀតសម្រាប់កម្ពុជា។
លោកបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មីនេះ គឺផ្តោតសំខាន់លើការទូតសេដ្ឋកិច្ច ជាហេតុដែលធ្វើឱ្យរាល់ពេលជំនួបទាំងក្នុង និងក្រៅប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីនេះតែងតែមានជានិច្ចនូវរបៀបវារៈសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្ម និងឱកាសការងារសម្រាប់ប្រជាជនកម្ពុជា។
លោកបានលើកឡើងដូច្នេះថា៖ «តាមរយៈជំនួបជាបន្តបន្ទាប់នេះ យើងមានសុទិដ្ឋិនិយមសម្រាប់ការវិលត្រឡប់ជាថ្មីនៃអ្នកវិនិយោគិនចិនមកកាន់កម្ពុជា ក៏ដូចជាការវិនិយោគថ្មីៗនៃសហគ្រាសវិនិយោគរបស់ចិនផងដែរ។ យើងក៏សង្ឃឹមថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកាន់តែធំឡើងថែមទៀត ជាពិសេសយើងចង់ឃើញការវិនិយោគរបស់ចិនជាការវិនិយោគបែបលក្ខណៈជាការផ្ទេរបច្ចេកវិទ្យា,វិនិយោគមានលក្ខណៈយូរអង្វែង ដោយប្រើប្រាស់កម្លាំងពលកម្ម និងវត្ថុធាតុដើមក្នុងស្រុក»។
សូមបញ្ជាក់ដែរថា លោក ហ៊ុន ម៉ាណែត ក្រៅពីជួបជាមួយនឹងក្រុមហ៊ុនធំៗទាំង ២ នោះហើយ លោកក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិនធំៗជាច្រើនទៀត ដូចជា៖ក្រុមហ៊ុន Genertec International Holding Co., Ltd., ធនាគារចិនគ្រុប /BOC Group, ក្រុមហ៊ុន Charoen Pokphand Group (CP Group), ក្រុមហ៊ុន China Metro Group, ក្រុមហ៊ុន China Railway Construction Corporation (CRCC) ជាដើម ដោយលោករំពឹងថា ក្រុមហ៊ុនទាំងនេះនឹងបង្កើនការវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត៕