ភ្នំពេញៈ ធុរជន និងភ្ញៀវទេសចរកម្ពុជា និងសិង្ហបុរី ចាប់ពីពេលនេះតទៅគឺអាចប្តូររូបិយបណ្ណក្នុងស្រុកជាប្រាក់រៀលខ្មែរនៅព្រលានយន្តហោះ Changi Airport ប្រទេសសិង្ហបុរី បន្ទាប់ពីធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Travelex ជាក្រុមហ៊ុនប្តូរប្រាក់បរទេសឈានមុខគេសម្រេចបានភាពជាដៃគូជាមួយគ្នា។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន Travelex កាលពីថ្ងៃទី ១៦ ខែតុលា ក្រុមហ៊ុននឹងចាប់ផ្តើមជួញដូរប្រាក់រៀលខ្មែរនៅស្ថានីយអ្នកដំណើរទី២ និងទី៣ នៃព្រលានយន្តហោះ Changi ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេនៅក្នុងតំបន់អាស៊ី និងជាច្រកចូលមកកាន់ប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០២២ ទាំងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អ៊ែរវេ (Cambodia Airways) បានធ្វើការហោះហើររវាងប្រទេសកម្ពុជា និងព្រលានយន្តហោះ Changi រួចហើយ។
ក្រុមហ៊ុននេះបានឱ្យដឹងថា អតិថិជននឹងអាចទិញ និងលក់ប្រាក់រៀលកម្ពុជានៅព្រលានយន្តហោះ Changi ជាថ្នូរនឹងរូបិយប័ណ្ណជាច្រើនដូចជា ដុល្លារសិង្ហបុរី ដុល្លារអាមេរិក ដុល្លារអូស្ត្រាលី ប្រាក់អឺរ៉ូ និងប្រាក់យ៉េនជប៉ុន។
ក្រុមហ៊ុនបញ្ជាក់ថា៖ «ការវិនិយោគរបស់ក្រុមហ៊ុន Travelex លើប្រាក់រៀលខ្មែរ និងការសម្រេចចិត្តរបស់ខ្លួនក្នុងការជួញដូររូបិយប័ណ្ណនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេមួយរបស់អាស៊ី តំណាងឱ្យការអភិវឌ្ឍដ៏សំខាន់មួយសម្រាប់រូបិយប័ណ្ណ។ ការជួញដូររបស់ក្រុមហ៊ុន Travelex មានន័យថា ប្រាក់រៀលនាពេលនេះអាចរកបានដើម្បីជួញដូរជាមួយរូបិយប័ណ្ណផ្សេងទៀតនៅក្នុងប្រទេសសិង្ហបុរី ជាលើកដំបូង»។ នេះបើយោងតាមក្រុមហ៊ុន។
លោក Dragon Wang នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Travelex Asia បានឱ្យដឹងថា ជាមួយនឹងភាពជាដៃគូនេះ អ្នកដំណើរប្រទេសទាំង ២ អាចធ្វើការប្តូរប្រាក់ជាប្រាក់រៀលនៅព្រលានយន្តហោះនេះបាន។
លោកថ្លែងថា៖ «យើងមានសេចក្តីរីករាយដែលគាំទ្ររូបិយប័ណ្ណជាតិរបស់កម្ពុជា និងសេដ្ឋកិច្ចកាន់តែទូលំទូលាយតាមរយៈការជំរុញឱ្យមានការប្តូរប្រាក់រៀលនៅព្រលានយន្តហោះ Changi។ ការផ្តល់ប្រាក់រៀលនៅព្រលានយន្តហោះ Changi ជាលើកដំបូង និងសំខាន់បំផុត និងផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរទាំងទៅ និងមកពីប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការប្តូរជាប្រាក់រៀល។ យើងពិតជាមានមោទនភាពដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងការបង្កើនការប្រើប្រាស់ និងលទ្ធភាពចរាចរណ៍ប្រាក់រៀលកាន់តែទូលំទូលាយ»។
ធនាគារជាតិនៃកម្ពុជា (NBC) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើគំនិតផ្តួចផ្តើមអំពីការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលចាំបាច់នានាសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុឆ្លងដែន និងពាណិជ្ជកម្មរវាងសហគ្រាសធុនតូច និងមធ្យម (SMEs) រវាងប្រទេសទាំង ២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី ១១ ខែកក្កដា ដែលចេញផ្សាយដោយធនាគារកណ្តាលប្រទេសទាំង ២។
ស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ គ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី អាចធ្វើការវាយតម្លៃការគាំទ្រផ្នែកហិរញ្ញប្បទានសម្រាប់អាជីវកម្មឆ្លងកាត់ព្រំដែនរបស់ម្ចាស់ SME របស់សិង្ហបុរីជាមួយ SME កម្ពុជា អាចប្រើប្រាស់ ដើម្បីទទួលបានព័ត៌មានគួរឱ្យទុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។ ដូចគ្នានេះដែរ គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាដែលគាំទ្រ SMEs របស់ខ្លួនក៏អាចទទួលបានព័ត៌មានគួរឱ្យទុកចិត្តពីម្ចាស់ SMEs របស់ប្រទេសសិង្ហបុរីផងដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ សម្រេចបាន ១,១ ពាន់លានដុល្លារ ធ្លាក់ចុះ ៧៨,៣ ភាគរយបើធៀបរយៈពេល ៨ ខែ ឆ្នាំ ២០២២៕