ភ្នំពេញៈ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មីគ្រោងនឹងចាប់ផ្តើមបើកដំណើរការនៅមុនដំណាច់ឆ្នាំ២០២៣ នេះហើយ ខណៈគិតមកដល់ពេលនេះ មានអាជីវករប្រហែល ៧០ ភាគរយបានមកចុះឈ្មោះអាជីវកម្មរួចរាល់។
ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី បានចាប់ផ្តើមសាងសង់ក្នុង២០២២ លើផ្ទៃដីជាង ២០ ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។ គម្រោងនេះស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ ហើយដែលមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។
ក្នុងអំឡុងពេលចុះទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មី ជាមួយលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែតុលាកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិយាយថា នៅពេលបើកដំណើរការផ្សារនេះនឹងក្លាយជាកន្លែងបោះដុំទំនិញក្នុងស្រុក និងក៏អាចមានទំនិញនាំចូលពីក្រៅប្រទេសផងដែរ។ ទំនិញ ដែលដាក់តាំងលក់នៅទីនោះអាចមានចម្រុះជាច្រើនមុខទំនិញ ។
លោកថ្លែងថា៖«ផ្សារបោះដុំនេះសំដៅដល់កន្លែងបោះដុំបន្លែ សម្ភារ គ្រឿងសង្ហារិម... ។ល។ ដែលការបោះដុំនេះគឺអាចយកមកពីប្រទេសជិតខាងក៏ដូចជាប្រទេសចិន ដើម្បីយកមកបោះដុំ និងចែកចាយជូនបណ្តាខេត្តទាំង ២៤។ ទីតាំងនេះគឺសមរម្យបំផុត»។
លោកបន្ថែមថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត(ផ្សារដើមគរ) ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកឯកអគ្គរដ្ឋទូត Wang Wen Tian បានអបអរសាទរ ចំពោះគម្រោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ដោយបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រត្បូងពេជ្រ កម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំ នៃប្រទេសទាំង២ ។
តំណាងសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី បានឱ្យដឹងថា នៅខែ១២(ខែធ្នូ) ក្រុមហ៊ុននឹងរៀបចំប្រគល់តូបទៅដល់ម្ចាស់អាជីវកម្ម ដើម្បីឱ្យពួកគាត់ចូលមករៀបចំតូបរៀងៗខ្លួនក្នុងលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្នុងនោះ២ឆ្នាំដំបូងគឺមិនគិតតម្លៃជួលឡើយ។ នេះជាផ្សារធំជាងគេនៅក្នុងប្រទេសកម្ពុជា ដោយអាចផ្ទុកទំនិញបាន ៦០ ០០០តោន ហើយនឹងមានផលិតផលក្នុងស្រុក(កម្ពុជា) និងផលិតផលនាំចូលពីប្រទេសនានា ពិសេសប្រទេសជិតខាងដូចជា ចិន វៀតណាម និងថៃ ជាដើម។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ នេះកម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥,៥លានតោនទៅកាន់ទីផ្សារអន្តរជាតិ(៧១ប្រទេស) ដោយទទួលបានចំណូលជាង ៣,២១ពាន់លានដុល្លារ។ ក្នុងចំណោមកសិផលដែលបាននាំចេញទាំងអស់ គឺការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវជាង ១,៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣,៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ GDCE ចេញផ្សាយក្នុងថ្ងៃទី១០ ខែតុលាបង្ហាញថា រយៈពេល ៩ ខែ ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយនឹងប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៣៥ ១៦២,៤៤ លានដុល្លារ ធ្លាក់ចុះ ៣,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងចំនួននេះ គឺការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ មានចំនួន ១៦ ៩៤៥,៨ លានដុល្លារ ធ្លាក់ចុះ ០,៨ ភាគរយ និងទំនិញនាំចូលមានទឹកប្រាក់ ១៨ ២១៦,៦៤ លានដុល្លារ ធ្លាក់ចុះ ៥,៩ភាគរយ។ ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ១ ២៧០,៨៤ លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ កម្ពុជាមានឱនភាពរហូតដល់ ២ ២៨៥,៩២លានដុល្លារ៕