
កម្មករកំពុងធ្វើការក្នុងរោងចក្រផលិតកង់ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បារិត នាពេលកន្លងទៅ។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សហភាពអឺរ៉ុប (EU) បានសម្រេចឱ្យកម្ពុជា ប្រើវិធានបូកបន្ថែម (Extended Cumulation) ដែលអនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់ វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយានដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន (កង់) នៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៧ ខែតុលា បានចេញសេចក្តីជូនដំណឹងដល់ផលិតករ ឬអ្នកនាំចេញទោចក្រយានដោយបញ្ជាក់ថា យោងតាមការស្នើសុំរបស់កម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយវៀតណាម សហភាពអឺរ៉ុប បានសម្រេចឱ្យប្រើវិធានបូកបន្ថែមនេះតាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ របស់គណៈកម្មការអឺរ៉ុប។
ប្រភពដដែលបញ្ជាក់ថា វិធានបូកបន្ថែមនេះអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ ការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំសម្រាប់ផលិតកង់ដូចមានចែងក្នុងឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ ត្រូវអនុលោមតាមវិធានដើមកំណើតទំនិញស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប (EU''s GSP)។
ក្រសួងពាណិជ្ជកម្ម ក៏បានណែនាំឱ្យផលិតករឬអ្នកនាំចេញទោចក្រយានត្រូវស្នើសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនូវបរិមាណនៃការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំដែលនាំចូលពីប្រទេសវៀតណាម ប្រចាំឆមាស និងត្រូវធ្វើរបាយការណ៍ ស្តីពីការប្រើប្រាស់វត្ថុធាតុដើមឬគ្រឿងបង្គុំ ប្រចាំត្រីមាសមកក្រសួងពាណិជ្ជកម្មដើម្បីក្រសួងមានមូលដ្ឋានក្នុងការជូនដំណឹងទៅសហភាពអឺរ៉ុប។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ១៨ ខែតុលាថា ការអនុញ្ញាតនេះ វានឹងធ្វើឱ្យទីផ្សារនាំចេញកង់កម្ពុជាកាន់តែមានភាពងាយស្រួលជាងមុន។
លោកបញ្ជាក់ថា ភាពងាយស្រួលជាងមុននោះ គឺងាយក្នុងការស្វែងរកប្រភពធាតុដើម ពីប្រទេសវៀតណាមដែលជាប្រទេសជិតខាងសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់មួយចំនួនទៀតរួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ជាដើម។
លោក ប៉ែន សុវិជាតិ បន្តថា៖«ដូចដែលយើងដឹងហើយថា វៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសហភាពអឺរ៉ុបរួចហើយ ដែលធ្វើឱ្យការនាំចេញទំនិញពីវៀតណាម ទៅអឺរ៉ុបកាន់តែសម្បូរបែបជាងមុនទៀត ហើយវៀតណាមក៏បានក្លាយជាដៃគូប្រកួតប្រជែងជាមួយយើងដែរ»។
លោកបន្តថា៖ «ដូច្នេះហើយទើបយើងនិងវៀតណាម បានព្រមព្រៀងគ្នាធ្វើលិខិតមួយទៅសហភាពអឺរ៉ុបដើម្បីឱ្យគេអនុញ្ញាតឱ្យយើងនៅតែអាចប្រើប្រាស់វត្ថុធាតុដើមពីវៀតណាមបាន ដោយស្របច្បាប់ និងដើម្បីផ្តល់ការផ្គត់ផ្គង់គ្រឿងបង្គុំទាំងនោះបានគ្រប់គ្រាន់តាមតម្រូវការរបស់យើង»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាវិញ លោក ហុង វណ្ណៈបានចាត់ទុកការអនុញ្ញាតរបស់សហភាពអឺរ៉ុបនេះថា មានទាំងផលអវិជ្ជមាន និងវិជ្ជមាន។ លោកពន្យល់ថា៖ «ផលអវិជ្ជមាន គឺប្រទេសយើងអាចគ្រាន់តែជាកន្លែងផ្គុំ ព្រោះថា នៅពេលប្រើប្រាស់គ្រឿងបង្គុំ ពីប្រទេសវៀតណាម យើងនឹងបាត់បង់នូវតម្លៃបន្ថែម និងវត្ថុធាតុដើមផ្សេងៗ មានន័យថា យើងគ្រាន់តែជាទីតាំងបង្គុំនៃកង់ទាំងនោះប៉ុណ្ណោះ។ ចំណែកផលវិជ្ជមានវិញ យើងក៏ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចច្រើនគួរសម ដោយបានបង្កើតនូវការងារថ្មីៗ ទទួលបានការបង់ពន្ធនាំចូលផ្សេងៗបន្ថែមទៀតផងដែរ»។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មក្នុងរយៈពេល ៩ ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជាទទួលបានចំណូលជាង ៤២៤ លានដុល្លារពីការនាំចេញកង់ ថយចុះជាង ៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២២ ដែលមានចំនួនជាង ៧៤២ លានដុល្លារ៕