ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា បានអះអាងថា ការអនុម័តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Telcotech Ltd នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងឌីជីថលនៅកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការបោះជំហានទៅកាន់សេដ្ឋកិច្ចឌីជីថល។
CDC កាលពីថ្ងៃទី ១៨ ខែតុលា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន Telcotech Ltd. លើគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៧,៧ លានដុល្លារ និងបង្កើតការងារបាន ៤៧ កន្លែង។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ឈិន កេន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែតុលាថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេស គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ ខណៈកន្លងមកដោយសារតែមិនមានកន្លែងរក្សាទុកឯកសារ និងព័ត៌មានគ្រប់គ្រាន់ កម្ពុជាបានបង្ខំចិត្តជួលក្រុមហ៊ុននៅប្រទេសមួយចំនួនឱ្យជួយទុកឯកសារ សំខាន់ៗទាំងផ្នែករដ្ឋាភិបាល និងឯកជន។ លោកបានបន្តថា មជ្ឈមណ្ឌលទិន្នន័យអាចចាត់ទុកជាកន្លែង Backup រាល់ឯកសារទាំងឡាយ និងមានសុវត្ថិភាពជាងការផ្ញើទៅរក្សាទុកនៅក្រៅប្រទេសផងដែរ។
លោកថ្លែងថា៖ «បើយើងមិនមានកន្លែងរក្សាទុកទិន្នន័យគ្រប់គ្រាន់ (ជាពិសេសរដ្ឋាភិបាល) យើងនឹងត្រូវយកទៅផ្ញើនៅក្រៅប្រទេសឱ្យជួយរក្សាទុក ដូច្នេះបញ្ហាប្រឈមអាចនឹងមានច្រើនទាក់ទងនឹងសុវត្ថិភាពព័ត៌មាន និងការបែកធ្លាយជាដើម»។
លោកបន្តថា នៅពេលកម្ពុជាមានមជ្ឈមណ្ឌលទិន្នន័យកាន់តែច្រើន វានឹងជួយកាត់បន្ថយការចំណាយលើការជួលក្រុមហ៊ុននៅក្រៅប្រទេសឱ្យជួយរក្សាឯកសារបានមួយចំណែក។
លោកបញ្ជាក់ថា៖ «ក្នុងនាមសមាគមបច្ចេកវិទ្យា ខ្ញុំពិតជារីករាយ និងគាំទ្រឱ្យមានមជ្ឈមណ្ឌលទិន្នន័យនៅកម្ពុជាកាន់តែច្រើន ព្រោះការរក្សាទុកទិន្នន័យ ឬព័ត៌មាន គឺជាការចាំបាច់ដែលកម្ពុជាត្រូវតែពឹងផ្អែកលើខ្លួនឯង។ នៅពេលមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសមានសមត្ថភាពគ្រប់គ្រាន់ គឺនឹងមានការបង្វែរទិន្នន័យពីក្រៅប្រទេសមករក្សាទុនក្នុងស្រុកកាន់តែច្រើន។ សុវត្ថិភាពព័ត៌មាននឹងរឹតតែមានសុវត្ថិភាពជាងមុន»។
ក្នុងគោលបំណងបង្កើតឱ្យមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ១៩ ខែកក្កដា កន្លងមកក៏បានប្រកាសបើកការដ្ឋានសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិ ដែលមានតម្លៃជិត ៣០ លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ ខាងមុខ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់អ្នកយកព័ត៌មានក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ ថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់សម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ។ លើសពីនេះ វាគឺជាការបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជា ឆ្ពោះទៅរកបរិវត្តកម្មឌីជីថល៕