
នាយករដ្ឋមន្ត្រីថៃ Srettha Thavisin (ពីឆ្វេងទី៤) ស្វាគមន៍ភ្ញៀវទេសចរចិន នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត AFP
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅទីក្រុងប៉េកាំង។ ក្នុងកិច្ចពិភាក្សានោះ លោក ស្រេតថា បានលើកឡើងថា លោកបានស្នើឱ្យអនុវត្តវិធានការមិនយកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនជាអចិន្ត្រៃយ៍ហើយ។
លោកក៏បានប្រាប់ទៅកាន់សមភាគីរបស់លោក អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ស្ពានអាកាសនៅភាគខាងត្បូងប្រទេសថៃ ដែលអាចតភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានលើកឡើងពីផែនការសាងសង់ស្ពានថ្មីមួយ ឆ្លងទន្លេមេគង្គទៅកាន់ប្រទេសឡាវ ដើម្បីជំរុញពាណិជ្ជកម្មថៃ-ចិន និងអាចកាត់បន្ថយចំណាយទៅលើការនាំចេញសត្វគោរបស់ថៃទៅកាន់ប្រទេសចិន។
លោក ស្រេតថា ក៏បានស្នើឱ្យមានការសម្រួលនីតិវិធីនាំចេញសត្វគោទៅប្រទេសចិន ដោយធ្វើការត្រួតពិនិត្យគុណភាពនៅប្រទេសថៃ ជំនួសឱ្យការត្រួតពិនិត្យនៅប្រទេសឡាវផងដែរ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យការដឹកជញ្ជូនសត្វគោទៅកាន់ប្រទេសចិនកាន់តែងាយស្រួលតាមរយៈផ្លូវដែក និងសមុទ្រ។
លោក ស្រេតថា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «កាលពីម្សិលមិញ ខ្ញុំមានអារម្មណ៍ថាពិតជាមានទំនាក់ទំនងល្អជាមួយនាយករដ្ឋមន្ត្រីចិនណាស់។ គាត់បានឱ្យលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់គាត់ដើម្បីឱ្យខ្ញុំអាចធ្វើការហៅចូលដោយផ្ទាល់បាន។ នេះគឺជាសញ្ញាដ៏ល្អដែលប្រទេសទាំងពីរត្រូវតែពឹងផ្អែកលើគ្នាទៅវិញទៅមក។ យើងត្រូវតែពឹងផ្អែកលើប្រទេសចិនដែលជាបងប្រុសធំរបស់យើង»។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំដោយប្រទេសចិនផ្ទាល់។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានលើកលែងទិដ្ឋាការជាបណ្ដោះអាសន្នសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានដែលធ្វើដំណើរកម្សាន្តមកលេងប្រទេសថៃរយៈពេលក្រោម ៣០ ថ្ងៃ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង ដែលនេះគឺជាគោលនយោបាយមួយនៃផែនការស្តារសេដ្ឋកិច្ចទាំងមូលរបស់ថៃ។ ការលើកលែងទិដ្ឋាការនេះ បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ដំបូងឡើយ ភ្ញៀវទេសចរចិនបានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមានថានឹងធ្វើដំណើរកម្សាន្តទៅប្រទេសថៃយ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីហេតុការណ៍បាញ់ប្រហារថ្ងៃទី៣ ខែតុលា នៅផ្សារទំនើបសៀមផារ៉ាហ្កន (Siam Paragon) ដែលបានធ្វើឱ្យភ្ញៀវជនជាតិចិនម្នាក់បានស្លាប់ក្នុងចំណោមអ្នកស្លាប់ទាំងបីនាក់ បានធ្វើឱ្យមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់ភ្ញៀវទេសចរអន្តរជាតិ។ ប៉ុន្តែអាជ្ញាធរថៃបានអះអាងថាពួកគេនឹងព្យាយាមដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត។
គួរដឹងដែរថា មុនពេលជំងឺរាតត្បាតកូវីដ១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិនមានចំនួនច្រើនជាងគេដែលបានធ្វើដំណើរទៅលេងនៅប្រទេសថៃ ពោលគឺរហូតដល់ទៅ ១១ លាននាក់ឯណោះក្នុងឆ្នាំ២០១៩។ នៅឆ្នាំនេះ អាជ្ញាធរទេសចរណ៍ថៃរំពឹងថានឹងមានភ្ញៀវទេសចរចិនប្រហែល ៥ លាននាក់។
ដោយឡែក លោក ស្រេតថា ក៏បានធ្វើការធានាអះអាងទៅកាន់សមភាគីចិន អំពីការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសថៃចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោកបានគូសបញ្ជាក់ថា ស្ពានឆ្លងទន្លេមេគង្គពីខេត្តណងខៃទៅកាន់ប្រទេសឡាវ នឹងអាចជួយសម្រួលដល់ការនាំចេញទំនិញពីថៃទៅចិនតាមប្រទេសឡាវ។
លោកក៏បានលើកឡើងអំពីគម្រោងព្រែកជីកដើម្បីតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ (Andaman) តាមខេត្តឈុំផុន (Chumphon) និងរ៉ាណង (Ranong) ភាគខាងត្បូង។ លោកបានសង្កត់ធ្ងន់ថា គម្រោងនេះក៏នឹងពង្រឹងសក្តានុពលនៃខ្សែក្រវាត់ និងផ្លូវ ដើម្បីបង្កើនការតភ្ជាប់ជាមួយគោលដៅអន្តរជាតិ ដូចដែលប្រទេសចិនបានរំពឹងទុកកន្លងមក។
គម្រោងព្រែកជីកដែលមានប្រវែង ៩០ គីឡូម៉ែត្រនេះ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញបានយ៉ាងច្រើនរវាងសមុទ្រចិនខាងត្បូង និងសមុទ្រអាន់ដាម៉ាន់ ដោយអាចចំណេញពេលរហូតដល់ទៅ ៦ ទៅ ៩ ថ្ងៃបើប្រៀបធៀបទៅនឹងការប្រើប្រាស់ច្រកសមុទ្រម៉ាឡាកា។ គម្រោងដ៏ធំមួយនេះ បូករួមទាំងការបង្កើតរោងចក្រចិននៅក្នុងប្រទេសថៃផងដែរនោះ នឹងប្រែក្លាយប្រទេសថៃឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនពិភពលោកមួយដ៏សំខាន់៕