ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពោតក្រហមជាដំណាំសំខាន់មួយរបស់កម្ពុជា និងពិភពលោក ដោយវាបាននិងកំពុងក្លាយជាកសិផលកាន់តែសំខាន់សម្រាប់ការកែច្នៃផលិតជាចំណីសត្វនិងការប្រើប្រាស់នៅក្នុងឧស្សាហកម្មកែច្នៃចំណីអាហារផ្សេងទៀតទាំងក្នុងស្រុក ក្នុងតំបន់និងពិភពលោក។
លោក យ៉ង សាំងកុមារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ថា កាលពីឆ្នាំ ២០២២ ផ្ទៃដីដាំពោតក្រហមនៅកម្ពុជាមានប្រមាណ ២០ ម៉ឺនហិកតា ដែលបានផ្តល់ផលសរុបប្រមាណជាង ១,១ លានតោន ហើយនៅក្នុងឆ្នាំ ២០២២ ការនាំចេញពោតក្រហមទៅកាន់ប្រទេសថៃ និងវៀតណាម សម្រេចបាន ១៧២ ៨៩០ តោន។ ខេត្តដែលមានដាំពោតក្រហមច្រើនជាងគេ រួមមាន បាត់ដំបង, កណ្តាល, បន្ទាយមានជ័យ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ក្រចេះ, ពោធិ៍សាត់, ព្រៃវែង និងខេត្តព្រះវិហារ។
លោកបញ្ជាក់ថា៖ «នៅពេលមានទីផ្សារនិងតម្លៃល្អផ្ទៃដីដាំពោតក្រហមអាចនៅពង្រីកបានច្រើនទៀតបាន ព្រោះថា បច្ចុប្បន្ននេះពោតក្រហមកំពុងក្លាយជាកសិផលកាន់តែសំខាន់សម្រាប់ពិភពលោកជាពិសេសការយកមកធ្វើជាចំណីសត្វ និងការប្រើប្រាស់ច្រើនផ្សេងទៀត»។
លោកបានឱ្យដឹងថា តាមរយ:យុទ្ធសាស្ត្រមន្ត្រីកសិកម្មឃុំ និងសមាគមកសិករអ្នកផលិត ក្រសួងកសិកម្មនឹងគាំទ្រដល់កសិករក្នុងការកសាងច្រវាក់ផលិតកម្ម និងទីផ្សារពោតក្រហម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចជូនកសិករ និងសង្គមជាតិទាំងមូល។ ការងារស្រាវជ្រាវនិងអភិវឌ្ឍពូជក៏ជាការងារសំខាន់មួយទៀតរបស់ក្រសួងផងដែរ។
របាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ ការដាំដុះ ពោតក្រហម មានកំណើនដល់ជាង ១៣ ម៉ឺនហិកតា សម្រាប់ការដាំដុះ ២ ដង នៅឆ្នាំនេះដោយការប្រមូលផលលើកទី១ បានបញ្ចប់ហើយខណៈដែលបច្ចុប្បន្នកសិករកំពុងមមាញឹកក្នុងការប្រមូលផលលើកទី២។
លោក ហេង សិទ្ធិ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២២ ខែតុលាថា ពោតក្រហមកំពុងប្រមូលផលដល់ខែធ្នូបានអស់ព្រោះដាំពីរដង ដោយលើកទី១ ចន្លោះពាក់កណ្ដាលខែមីនា ដល់ដើមខែឧសភា ហើយបន្ទាប់ពីប្រមូលផលលើកទី ១ រួច កសិករអាចដាំលើកទី២ ឬប្ដូរដាំដំណាំផ្សេងៗខ្លះបាន។
លោកបញ្ជាក់ថា៖ «ឆ្នាំនេះបាត់ដំបងដាំពោតច្រើនជាង ដំឡូងមី ដោយសារតែពោតមានទីផ្សារជាង ជាពិសេសឈ្មួញក្នុងស្រុកប្រមូលទិញច្រើន។ ចំពោះតម្លៃវិញល្អគួរសម កសិករអាចទទួលយកបាន ក្នុងតម្លៃ ៦៥០ រៀល ទៅ ៧០០ រៀលក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូល»។
ចំណែក អ្នកស្រី អេម សោភ័ណ្ឌ ម្ចាស់សៃឡូ ហ៊ីង សោភ័ណ្ឌ នៅខេត្តបាត់ដំបង ក៏បានប្រាប់ឱ្យដឹងដែរថា សៃឡូរបស់អ្នកស្រីបានបញ្ចប់ការប្រមូលទិញវគ្គទី១ ដោយបានប្រមាណជាង ១ ម៉ឺនតោនតែប៉ុណ្ណោះ ខណៈដែលជាទូទៅការប្រមូលទិញពោតពីកសិករ រៀងរាល់ឆ្នាំបានប្រហែល ២ ទៅ ៣ ម៉ឺនតោន។
ការប្រមូលទិញរបស់អ្នកស្រីថយចុះនេះ មិនមែនដោយសារកសិករប្រមូលផលធ្លាក់ចុះនោះទេ តែដោយសារតែអ្នកស្រីមិនសូវហ៊ានទិញច្រើនដោយសារតែថៃបានកាត់បន្ថយការនាំចូលពោតពីខ្មែរ ដោយសារកសិកររបស់ថៃដាំដុះច្រើន ដូចនេះគេត្រូវជួយដល់កសិកររបស់ប្រទេសគេសិន។
បែបនេះក្តី អ្នកស្រី សោភ័ណ្ឌ អះអាងថា តម្លៃពោតនៅតែល្អ ខណៈទីផ្សារក៏ល្អដែរដោយសារតែក្រុមហ៊ុនក្នុងស្រុកបានបញ្ជាទិញពីកសិករច្រើនឆ្នាំនេះ ដូចជាក្រុមហ៊ុនម៉ុង ឫទ្ធីជាដើម។ អ្នកស្រីបញ្ជាក់ថា៖ «សៃឡូខ្ញុំកាត់បន្ថយការទិញពោតក្រហមពីកសិករមែន តែឆ្នាំនេះ មានក្រុមហ៊ុនក្នុងស្រុកយើងទិញច្រើន ដោយសារគេយកទៅផលិតចំណីសត្វ។ ម្យ៉ាងវិញទៀតសៃឡូខាងប៉ៃលិន ក៏ទិញពីខេត្តបាត់ដំបងច្រើនដែរ ដោយសារតែខាងប៉ៃលិន ដាំដុះមិនបានផលនៅឆ្នាំនេះ»។
បើតាម អ្នកស្រី សោភ័ណ្ឌ កសិករនៅតំបន់អ្នកស្រីរស់នៅមានដាំដុះពោតច្រើនជាងឆ្នាំមុន ដោយខ្លះលែងដាំដំឡូងមី ដោយសារតែឃើញថា ពោតមានទីផ្សារល្អជាង។ របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជា បាននាំចេញពោតក្រហម សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤២ លានដុល្លារ កើនឡើងជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕