ភ្នំពេញ: ទោះបីជាមានឧបសគ្គដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុនក៏ដោយ ក៏ប្រព័ន្ធធនាគាររបស់កម្ពុជានៅតែមានភាពធន់ និងរឹងមាំ ហើយនៅតែបន្តរក្សាបានទំនុកចិត្តសាធារណជនពីសហគមន៍ជាតិ និងអន្តរជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
បើតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ NBC ប្រព័ន្ធធនាគារ រួមមានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ គ្រឹះស្ថានហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨២ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ គ្រឹះស្ថានឥណទានជនបទចំនួន ២២៣ អ្នកដំណើរការតតិយភាគីចំនួន ៦ គ្រឹះស្ថានផ្ដល់សេវាទូទាត់ចំនួន ៣៥ ក្រុមហ៊ុនផ្តល់សេវារាយការណ៍ឥណទានចំនួន ១ ការិយាល័យតំណាងចំនួន ៦ និងអាជីកម្មប្តូរប្រាក់ចំនួន ២ ៨៦៦។
ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុក្នុងវិស័យធនាគារបានអភិវឌ្ឍជាបណ្តើរៗ ក៏ដូចជាការពង្រីកសេវាហិរញ្ញវត្ថុបែបឌីជីថល ជាពិសេសប្រព័ន្ធទូទាត់បាគង។ ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រជាជនដែលមិនទាន់ទទួលបានសេវាធនាគារនៅតែមានចំនួនច្រើន។ យោងតាម NBC គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ ចំនួនគណនីបញ្ញើ និងគណនីអ្នកខ្ចីនៅក្នុងគ្រឹះស្ថានធនាគារមានចំនួន ១៥,៥ លាន និងគ្រឹះស្ថានហិរញ្ញវត្ថុមានចំនួនជាង ៣,៧ លាន។
លោក Igor Zimarev ជាប្រធានផ្នែកទីផ្សារ និងទទួលខុសត្រូវសង្គមសាជីវកម្មរបស់ធនាគារ ABA បានផ្តល់បទសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្តិ៍ អំពីការអភិវឌ្ឍនៃវិស័យហិរញ្ញវត្ថុបច្ចុប្បន្នរួមចំណែកក្នុងការផ្សារភ្ជាប់ «ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ» និងថាតើ ABA កំពុងរួមចំណែកអ្វីខ្លះដល់ការងារនេះ?
យើងមើលឃើញថា ចំនួនប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុនៅកម្ពុជានៅតែមានចំនួនច្រើននៅឡើយ តើធនាគារ ABA បានកំពុងធ្វើអ្វីខ្លះ ដើម្បីពង្រីកអាជីវកម្មរបស់លោកដល់ពួកគេ?
ធនាគារ ABA ប្តេជ្ញាថា នឹងពង្រីកសេវាកម្មរបស់ខ្លួនដល់ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដើម្បីធានាថា គ្រប់គ្នាអាចទទួលបានសេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន។ នេះគឺជាការងារមួយចំនួនដែលយើងកំពុងធ្វើ។
ប្រព័ន្ធ eKYC និង Instant Account៖ យើងបានបង្កើតប្រព័ន្ធដ៏រឹងមាំ និងសុវត្ថិភាពសម្រាប់ដើម្បីផ្ដល់ចំណេះដឹងដល់អតិថិជននៅតំបន់ឆ្ងាយៗ តាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងភាពងាយស្រួលដល់ពួកគេ ដើម្បីផ្តល់លទ្ធភាពទទួលបានសេវាកម្មពីធនាគារABA។
ចំពោះសេវាធនាគារចល័ត៖ កម្មវិធី ABA Mobile របស់យើងអាចឱ្យអតិថិជនចូលប្រើគណនីរបស់ពួកគេ និងធ្វើប្រតិបត្តិការផ្សេងៗពីស្មាតហ្វូនរបស់ពួកគេ ដោយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកនៅតំបន់ដាច់ស្រយាល។ ការពង្រីកបណ្តាញសាខាធនាគារ ABA និងកន្លែងផ្តល់ស្វ័យសេវា ដោយយើងមាន ៨៥សាខា និងកន្លែងផ្ដល់ស្វ័យសេវារយៈពេល ២៤ ម៉ោងក្នុង ១ សប្ដាហ៍ ចំនួន ៤៣ រួមទាំងនៅតាមតំបន់ជនបទផងដែរ។
យើងក៏មានផែនការបន្តបើកសាខាជាយុទ្ធសាស្ត្រនៅទូទាំងប្រទេស និងការអប់រំផ្នែកហិរញ្ញវត្ថុ ដោយធនាគារ ABA បានខិតខំប្រឹងប្រែងអប់រំដល់សាធារណជនអំពីសេវាកម្មហិរញ្ញវត្ថុតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុសហគមន៍ ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងព័ត៌មាន។
ធនាគារ ABA កំពុងវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាឌីជីថល តើការវិនិយោគនេះអាចរួមចំណែកក្នុងការកាត់បន្ថយគម្លាតនៃចំនួនប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ?
បច្ចេកវិទ្យាឌីជីថលដើរ តួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគម្លាតសម្រាប់ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ខណៈដែលកម្មវិធីធនាគារចល័តធ្វើឱ្យសេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលប្រើប្រាស់ ជាពិសេសនៅតំបន់ជនបទដែលគ្មានសាខាធនាគារនៅជិត។
ការវិនិយោគដ៏សំខាន់របស់ធនាគារ ABA លើបច្ចេកវិទ្យាឌីជីថលត្រូវបានឆ្លុះបញ្ចាំងពីការរីកចម្រើនជាលំដាប់នៃគណនីរហ័សដែលយើងបើកដំណើរការ។ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០២១ អតិថិជនរបស់យើងបានបើកគណនីរហ័សប្រហែល ១ លានគណនី។
តើការចូលរួមរបស់ធនាគារ ABA ជាមួយបាគង ដែលជាការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) របស់ធនាគារជាតិនៃកម្ពុជាដូចម្ដេចដែរ?
ធនាគារ ABA គាំទ្រយ៉ាង ខ្លាំងចំពោះប្រព័ន្ធ «បាគង» ដែលជាប្រព័ន្ធទូទាត់តាម blockchain របស់ធនាគារជាតិនៃកម្ពុជា។ យើងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងការអនុវត្ត។
ធនាគារ ABA គឺជាធនាគារ ១ ក្នុងចំណោមធនាគារដំបូងគេដែលផ្តល់សេវាដោយពឹងផ្អែកលើប្រព័ន្ធ«បាគង»ដល់អតិថិជនរបស់យើងចាប់តាំងពីខែសីហា ឆ្នាំ ២០២០។ ចំនួនប្រតិបត្តិការដែលអតិថិជនធនាគារ ABA ធ្វើឡើងតាមរយៈបាគងកំពុងកើនឡើងយ៉ាងរហ័ស ដែលឆ្លុះបញ្ចាំងពីភាពងាយស្រួល និងភាពជឿជាក់របស់វា។ សម្រាប់ការលើកកម្ពស់ និងការអប់រំ៖ យើងសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ការទទួលយកប្រព័ន្ធបាគង និងអប់រំសាធារណជនយល់អំពីអត្ថប្រយោជន៍របស់វា ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។
តើធនាគារ ABA មានអតិថិជនសកម្មប៉ុន្មាននាក់? តើស្ថិតិប្រតិបត្តិការដូចម្ដេចដែរ?
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២៣ ធនាគារ ABA មានអតិថិជនចំនួន ៣,២ លាននាក់ តាមរយៈបណ្តាញសាខាចំនួន ៨៥ កន្លែង ទីតាំងផ្តល់ស្វ័យសេវាធនាគារចំនួន ៤៣ និងម៉ាស៊ីនស្វ័យធនាគារចំនួន ១ ៥០០ នៅទូទាំងប្រទេស។ យើងគាំទ្រយ៉ាងសកម្មនូវការប្រើប្រាស់រូបិយប័ណ្ណជាតិ ហើយអតិថិជនរបស់យើងមានគណនីជាង ២ លានជាប្រាក់រៀល។ យើងសង្កេតឃើញថា ស្ទើរតែគ្រប់អតិថិជនទាំងអស់មានគណនីធនាគារ ABA និងការប្រើប្រាស់កម្មវិធី ABA Mobile។
គ្រាន់តែក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៣ ប៉ុណ្ណោះ ធនាគារ ABA បានដំណើរការប្រតិបត្តិការចំនួន ៥៧៩ លានដង សម្រាប់អ្នកប្រើប្រាស់កម្មវិធីធនាគារចល័តរបស់យើង ដែលមានតម្លៃសរុបជាង ១៥៤ ពាន់លានដុល្លារនៃតម្លៃប្រតិបត្តិការទាំងនោះ។
បណ្តាញ ABA KHQR របស់យើងក៏កំពុងរីកចម្រើនយ៉ាងរហ័សផងដែរ ដោយសារមានទំនុកចិត្តពីអាជីវកររាប់សែននាក់ និងអតិថិជនរាប់លាននាក់។ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ ចំនួនប្រតិបត្តិការបានកើនឡើង ១៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
ហេតុអ្វីបានជាការទូទាត់តាមឌីជីថលកាន់តែមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា? តើវារួមចំណែកដល់បរិយាបន្នហិរញ្ញវត្ថុយ៉ាងដូចម្តេច?
និន្នាការសម្រាប់ឌីជីថលូបនីយកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក និងសកលលោក កំពុងអភិវឌ្ឍអស់រយៈពេលជិត ១ ទសវត្សរ៍មកហើយ។ ចំពោះវិបត្តិការរីករាលដាលជំងឺកូវីដ ១៩ បានពន្លឿនការផ្លាស់ប្តូរទៅជាប្រាក់ឌីជីថល និងហិរញ្ញវត្ថុ។ ប្រទេសកម្ពុជាបានបោះជំហានទៅមុខយ៉ាងលឿន ដោយសារប្រជាជនវ័យក្មេងរបស់ខ្លួន ជាពិសេសវិធានការយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងការដាក់ឱ្យដំណើរការគម្រោងបាគង។
ជារួម ធនាគារ ABA បានកំពុងរៀបចំវិធានការយ៉ាងទូលំទូលាយដើម្បីពង្រីកសេវាកម្មរបស់យើងទៅផ្តល់ជូនប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈការវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ភាពជាដៃគូជាមួយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត និងក្រុមហ៊ុនផ្តល់គណនីអេឡិចត្រូនិក (អ៊ីវ៉ាលីត) និងការអប់រំសាធារណជនអំពីសេវាកម្មហិរញ្ញវត្ថុ៕ LA