ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងឥណ្ឌូនេស៊ី បានកើនឡើងជាបន្តបន្ទាប់បើទោះបីវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកលដែលអូសបន្លាយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យចរន្តនៃការផ្លាស់ប្តូរទំនិញអន្តរជាតិតាមគោលដៅភាគច្រើនធ្លាក់ចុះក៏ដោយ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៣ ការដោះដូរទំនិញរវាងកម្ពុជា និងឥណ្ឌូនេស៊ី មានទឹកប្រាក់សរុប ៨០៨,០៧ លានដុល្លារ កើន ១៨,៦ ភាគរយបើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមាន ៦៨១,២៥ លានដុល្លារ។
ក្នុងចំនួនខាងលើគឺកម្ពុជានាំទៅឥណ្ឌូនេស៊ី ចំនួន ៣៧,១២ លានដុល្លារ កើនឡើង ៤១,៨ ភាគរយ និងឥណ្ឌូនេស៊ីនាំមកកម្ពុជា ៧៧០,៤៥ លានដុល្លារ កើន ១៧,៧ ភាគរយ។ បើផ្អែកលើទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ៧៣៣,៨២ លានដុល្លារ។ ទឹកប្រាក់នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺស្មើនឹង ២,៣ ភាគរយ នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា រយៈពេល ៩ ខែ ឆ្នាំ ២០២៣ ដែលមាន ៣៥,១៦ ពាន់លានដុល្លារ។
យោងតាម GDCE គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣ ប្រទេសឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មធំទី៦ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ និងជប៉ុន ខណៈកាលពីខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅលេខរៀង ១៣។
ដោយឡែកការផ្លាស់ប្តូរទំនិញនៃប្រទេសទាំង ២ ក្នុងខែកញ្ញា ឆ្នាំ ២០២៣ គឺមានចំនួន ៦៦ លានដុល្លារ កើន ២០,៩៨ ភាគរយ ធៀបខែកញ្ញា ឆ្នាំ២០២២ ដែលមាន ៥៤,៥៥ លានដុល្លារ ដោយទំនិញកម្ពុជានាំចេញវិញ ៧,៥៧ លានដុល្លារ កើនឡើង ៤៥,៩៤ ភាគរយ និងទំនិញដែលឥណ្ឌូនេស៊ីនាំមកកម្ពុជា ៥៨,៤៣ លានដុល្លារ កើនឡើង ១៨,៣៥ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងកាលពីថ្ងៃទី ២២ ខែកញ្ញាថា ក្នុងនាមជាប្រទេសសមាជិកអាស៊ានតែមួយ និងមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងការចូលជាធរមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចតំបន់ RCEP បានធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់។ ទោះបីយ៉ាងណាបើគេពិនិត្យលើចំនួនទឹកប្រាក់ដែលឥណ្ឌូនេស៊ីនាំទំនិញមកកម្ពុជា គឺមានលើសលប់ច្រើន ដែលបញ្ហានេះ គឺដោយសារឥណ្ឌូនេស៊ីជាប្រទេសមានប្រជាជនច្រើន និងរោងចក្រ/សហគ្រាសច្រើន ដូច្នេះសមត្ថភាពផលិត និងនាំចេញរបស់គេក៏ខ្លាំងជាងកម្ពុជាដែរ។
លោកបន្តថា តាមរយៈការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា លោករំពឹងថាទឹកប្រាក់នាំចេញរបស់កម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី និងគោលដៅអន្តរជាតិផ្សេងៗទៀតប្រាកដជានឹងកើនឡើង ពិសេសនៅពេលកំណើនសេដ្ឋកិច្ចពិភពលោករឹងមាំវិញ។
លោកថ្លែងថា៖«ភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគីគឺជារឿងល្អហើយ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវខិតខំថែមទៀតនោះ គឺការលើកកម្ពស់សមត្ថភាពនាំចេញរបស់ខ្លួនទៅគ្រប់គោលដៅឱ្យបានកាន់តែច្រើន។ កសិផល នឹងក្លាយជាផ្នែកសំខាន់ដែលកម្ពុជាអាចចាប់យកដើម្បីជំរុញការនាំចេញ»។
ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ បានប្រកាសទិញអង្ករពីកម្ពុជាចំនួន ២៥០ ០០០ តោន ក្នុង ១ ឆ្នាំ ដែលជាវិធានការដើម្បីធានាសុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេស ខណៈឥណ្ឌូនេស៊ីក៏បានសន្យានឹងគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងអាហារកម្ពុជា តាមរយៈការផ្គត់ផ្គង់ជី និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាកសិករផងដែរ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានឯកភាពឱ្យមានការរៀបចំឡើងវិញ MoU ស្តីពីការធ្វើពាណិជ្ជកម្មអង្ករក្នុងបរិមាណ ២៥ ម៉ឺនតោន ក្នុង ១ ឆ្នាំសម្រាប់រយៈពេល ៤ ឆ្នាំ។
លោកថ្លែងថា៖ «ភាគីឥណ្ឌូនេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ២៥ ម៉ឺនតោន ក្នុងនោះអង្ករស ១០ ម៉ឺនតោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន ប៊ូលុក (ក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី) និងក្រុមហ៊ុនហ្រ្គីនត្រេដ (ក្រុមហ៊ុនរដ្ឋនៅកម្ពុជា) និងបរិមាណដែលនៅសល់ ជាប្រភេទអង្ករប្រណីតដោយអនុវត្តរវាងក្រុមហ៊ុន ID food និងសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ចំពោះតម្លៃអង្ករ និងលក្ខខណ្ឌផ្សេងៗភាគីទាំង ២ នឹងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខ»។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី នាអំឡុងពេលដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតពេញអង្គប្រចាំឆ្នាំ ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលរៀបចំពីថ្ងៃទី ៩-១៥ ខែតុលា ឆ្នាំ ២០២៣ នៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីដើម្បីពិភាក្សាអំពីការចុះអនុស្សរណៈយោគយល់គ្នា (MoU) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការតភ្ជាប់ប្រព័ន្ធទូទាត់អេឡិចត្រូនិកឆ្លងដែន ដែលនឹងសម្រួលដល់ទេសចរណ៍ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសទាំង ២ ផងដែរ។
ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី មានទឹកប្រាក់សរុប ៩៤៨,៥៣ លានដុល្លារ កើន ៤៨,៣ ភាគរយពី ៦៣៩,៧២ លានដុល្លារកាលពីឆ្នាំ ២០២១។ ក្នុងនោះទំនិញនាំពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា ចំនួន ៩១១,៦៩ លានដុល្លារ កើន ៥០ ភាគរយ និងទំនិញដែលកម្ពុជានាំទៅឥណ្ឌូនេស៊ី ៣៦,៨៣៩ លានដុល្លារ កើន ១៥,៩ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕